ក្រុង​លីស​បោន​: ក្តី​សង្ឃឹម​នៃ​ការ​ឈ្នះ​ពាន​របស់​ក្រុម Porto បាន​ចាប់​ផ្ដើម​ជួប​ឧបសគ្គហើយ ក្រោយ​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​នៅ​បាត​តារាង Desportivo Aves កាល​ពី​ថ្ងៃ​អង្គារ ទាំងដែល​​ខ្លួន​មាន​ឱកាស​បាន​បាល់​ពិន័យ ​១១ ម៉ែត្រ តែ​ធ្វើ​មិន​បាន​សម្រេច​​ ហើយ​នេះ​វា​​ជា​ការ​បើក​ផ្លូវឲ្យ​ក្រុម​ម្ចាស់​ជើង​ឯកចាស់ Benfica មានសិទ្ធិ​ឡើង​ទៅ​នៅ​ទី​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ Primeira Liga របស់​ព័រទុយ​ហ្គាល់​ជំនួស​វិញ​​។

ក្រុម​ Porto មាន ៦៤ ពិន្ទុ ឈរ​ទី​ ១ តែ​ក្រុម​គូ​​ប្រជែង Benfica អាច​ហក់​ឡើង​ទៅ​នៅ​ពី​លើបាន​ ដោយសារ​មាន​គ្រាប់​បាល់​ច្រើន​ជាង បើពួកគេ​ប្រកួត​ឈ្នះក្រុមម្ចាស់​ផ្ទះ Rio Ave នៅ​ថ្ងៃ​ពុធ​នេះ​។ ការ​ប្រកួត​នេះ ក្រុម​​ Porto បាន​ធ្វើ​ការ​សម្រុក​​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Aves ដែល​កំពុង​ត្រៀម​ខ្លួនធ្លាក់​ទៅ​ធ្លាក់​លំដាប់​ទី​ ២ ​រួច​​ហើយ តែ​រាល់​ការ​ស៊ុត​ម្ដង​ៗ ​ត្រូវ​បាន​រារាំង​ដោយ​​អ្នក​ចាំ​ទី​រហូត ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​បំផុត គឺ​​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​របស់​កីឡាករ Ze Luis ​នៅ​ដើម​វគ្គ​ទី ១ ពោលគឺ​នាទីទី ​១៩ ក៏​ត្រូវបាន​អ្នក​ចាំ​ទី Fabio Szymonek ​ជួយ​សង្គ្រោះ​បាន​ដែរ​។

នៅ​ដើម​តង់​ទី​ ២ នាទីទី​ ៥០ ក្រុម​ Porto ក៏​ត្រូវបាន​ផ្ដល់​ឲ្យ​បាល់​ពិន័យ​ ១១​ ម៉ែត្រ ១​លើក​ទៀត​ដែរ តែ​អាជ្ញាកណ្ដាល បាន​កែ​ប្រែ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​វិញ ក្រោយ​មើល​វី​ដេអូ​ជំនួយ​អាជា្ញកណ្ដាល (VAR) បង្ហាញ​ថា មានកីឡាករ​ស្ថិត​នៅ​ជំហរ​ក្រៅ​ល្បែង (offside)។

លទ្ធផល​ស្មើ​នេះ បាន​បញ្ចប់​បរាជ័យ ៥​ ដង​ជាប់​ៗ​គ្នា​របស់​ក្រុម​ Aves តែ​ជាមួយ​នឹង​ការ​មាន​តែ ១៤​ ពិន្ទុ ហើយ​ការ​ប្រកួត​នៅ​សល់​តែ ៧ ដង​ទៀត​ នោះ​វា​ពិត​ជា​ពិបាកណាស់​ ក្នុង​ការ​ធ្វើ​ឲ្យ​ពួក​គេ គេច​ផុត​ពីការ​ធ្លាក់​ពី​លីក​លំដាប់​កំពូល​មួយ​​នេះ​៕ AFP/VN