ក្រុងមីឡេន៖ អតីតវីរបុរសរបស់ក្រុមនៅអ៊ីតាលី Roma លោក Francesco Totti កាលពីថ្ងៃចន្ទ បានទៅសួរសុខទុក្ខក្មេងស្រីម្នាក់នៅមន្ទីរពេទ្យ ដែលទើបតែងើបពីសន្លប់រយៈពេល ៩ ខែ ក្រោយពីបានស្ដាប់ខ្សែអាត់សំឡេងរបស់អតីតកីឡាករបាល់ទាត់នៃក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ។
នាង Ilenia Matilli ដែលជាអត្តពលិកបាល់ទាត់វ័យ ១៩ ឆ្នាំ របស់ក្រុមនារី Lazio តែជាអ្នកគាំទ្រដ៏ងប់ងុលចំពោះក្រុមគូប្រជែង Roma បានសន្លប់កាលពីខែធ្នូ ក្រោយពីបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ ដែលបណ្ដាលឱ្យមិត្តរបស់នាងស្លាប់ក្នុងហេតុការណ៍នោះ។
ក្រោយពីបានទៅជួបនាងជាង ១ ម៉ោងកន្លះ លោក Totti បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «នាងបានញញឹមដាក់ខ្ញុំ ឱបខ្ញុំ ហើយក៏យំ។ ខ្ញុំមានក្ដីរំភើបណាស់ ដែលបានជួបជាមួយនឹង Ilenia ហើយយើងនឹងជួបគ្នាម្ដងទៀត ពេលដែលនាងចេញពីមន្ទីរពេទ្យ»។
ឪពុករបស់អ្នកជំងឺ លោក Stefano Matilli បាននិយាយប្រាប់កាសែត Corriere Della- Sera ថា៖ «ខ្ញុំត្រូវអរគុណចំពោះមិត្តម្នាក់របស់កូនស្រីខ្ញុំ ដែលចេះកើតគំនិតឲ្យទាក់ទងទៅលោក Totti និងសុំឱ្យគាត់ផ្ញើសារជាសំឡេង។ លោក Totti ព្រមធ្វើតាមយើងភ្លាមៗតែម្ដង។ អ្នកអាចឃើញហើយថា គាត់ជាមនុស្សចិត្តល្អ ១ រូប ពេលនិយាយជាមួយគាត់នៅថ្ងៃនេះឯមន្ទីរពេទ្យ ហាក់បីដូចជានិយាយជាមួយបងប្អូនប្រុសម្នាក់អ៊ីចឹង»។
តែយ៉ាងណាកីឡាការិនី Ilenia នៅមិនអាចនិយាយបាននៅឡើយទេ តែនាងធ្វើសញ្ញានូវអ្វីដែលយល់ និងចង់ប្រាប់តាមរយៈការសរសេរនៅលើថេប្ល៊ិត (tablet )។
ជាមួយគ្នានេះដែរ ការទៅសួរសុខទុក្ខនោះ លោក Totti បាននិយាយទៅកាន់ Ilenia ថា៖ «កុំចុះចាញ់ឱ្យសោះ។ អ្នកប្រាកដជាធ្វើបាន។ ប្រឹងឡើង ហើយជាសះស្បើយឲ្យបានឆាប់។ ខ្ញុំនឹងទៅសួរសុខទុក្ខអ្នកនៅផ្ទះ ពេលអ្នកអាចនិយាយ និងដើរបាន»។
Totti គឺជាកីឡាករម្នាក់ក្នុងចំណោមអ្នកដែលឈ្នះជយលាភី World Cup 2006 ជាមួយក្រុមអ៊ីតាលី ហើយរូបលោកបានចំណាយពេលរហូតដល់ទៅ ២៥ ឆ្នាំ ក្នុងនាមជាកីឡាករម្នាក់របស់ក្រុម Roma មុននឹងសម្រេចចិត្តព្យួរស្បែកជើងទាត់បាល់របស់ខ្លួនក្នុងឆ្នាំ ២០១៧៕ AFP/VN