ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡាព្រមទាំងអគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបង្កើននូវចំនួនប្រភេទកីឡាដែលគ្រោងនឹងដាក់ប្រមូលផ្តុំជាក្រុមជម្រើសជាតិនៅឆ្នាំ ២០១៩ នេះ ប៉ុន្តែនៅក្នុងចំនួនប្រភេទកីឡាដែលបានសម្រេចជាបឋមនោះ នៅមិនទាន់មានឈ្មោះប្រភេទកីឡាបាល់ទាត់នៅឡើយទេ។
បើតាមតារាងកំណត់ចំនួនប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ អត្តពលិក កីឡាករ កីឡាការិនីក្រុមជម្រើសជាតិនៅឆ្នាំនេះដែលបានចែកជូនដល់ឲ្យសហព័ន្ធកីឡាជាតិនៅក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡាឆ្នាំ ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍មុនបានឲ្យដឹងថា នៅក្នុងប្រភេទកីឡាទាំង ៣៥ នោះមានប្រភេទកីឡាថ្មីចំនួន ៤ ដែលទើបត្រូវបានដាក់ឲ្យប្រមូលផ្តុំជាក្រុមជម្រើសជាតិនៅឆ្នាំនេះ។
ប្រភេទកីឡាថ្មីទាំង ៤ នោះមានកីឡាជឺជីតស៊ូ និងម៉ូតូទឹកដែលទើបបានឈ្នះមេដាយមាសឲ្យកម្ពុជានៅក្នុងការប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១៧ រួមជាមួយកីឡាបាញ់កាំភ្លើង និងកីឡារាំ ប៉ុន្តែនៅក្នុងប្រភេទកីឡាចំនួន ៣០ ទៀតដែលធ្លាប់ប្រមូលផ្តុំកន្លងមកនោះគឺគ្មានបាល់ទាត់ទេ។ យ៉ាងណាក៏ដោយលោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអះអាងថា តារាងកំណត់ចំនួនប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកក្រុមជម្រើសជាតិនៅឆ្នាំនេះនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ គឺអាចមានការប្រែប្រួល ឬមានការផ្លាស់ប្តូរទៀត។
លោក ប៉ុន សុខ បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកថ្ងៃអង្គារម្សិលមិញថា៖ «តារាងកំណត់ចំនួនប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកក្រុមជម្រើសជាតិនេះមិនទាន់ជាផ្លូវការទេ គឺបញ្ជីឈ្មោះនេះគ្រាន់តែជាការប្រជុំជាបឋមដោយមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ អ៊ីចឹងអ្វីៗវាអាចនឹងមានការប្រែប្រួលខ្លះទៀត»។
លោកបានបន្ថែមថា៖ «បញ្ជីឈ្មោះនៃការប្រមូលផ្តុំរបស់សហព័ន្ធកីឡាជាតិ ឆ្នាំ ២០១៩ ដែលយើងបានចែកជូននៅក្នុងកិច្ចប្រជុំកន្លងមកនេះស្ថិតនៅក្នុងផែនការនៅឡើយទេ គឺវាគ្រាន់តែជាការប្រជុំរបស់គណៈកម្មការ ដើម្បីលើកទិសដៅហើយនៅពេលនេះយើងកំពុងតែពន្លឿនលើការងារនេះដើម្បីឈានទៅដល់ការសម្រេចជាផ្លូវការ»។
ចំពោះការមិនទាន់មានឈ្មោះប្រភេទកីឡាបាល់ទាត់នៅក្នុងបញ្ជីឈ្មោះនៃការប្រកួតផ្តុំនៅឆ្នាំនេះលោក ប៉ុន សុខ បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែបញ្ហានេះនៅមិនទាន់បានសម្រេចច្បាស់ការនៅឡើយទេ គឺនៅរង់ចាំការសម្រេចរបស់ថ្នាក់ដឹកនាំសិន។
ចំណែកលោក កែវ សារ៉េត អគ្គលេខាធិការ និងលោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមលើបញ្ហានេះដូចគ្នាកាលពីថ្ងៃអង្គារ។
ដោយឡែកចំពោះប្រភេទកីឡាចំនួន ៣០ ទៀតដែលមានឈ្មោះនៅក្នុងតារាងកំណត់ចំនួនប្រមូលផ្តុំក្រុមជម្រើសជាតិជាបឋមនៅពេលនេះរួមមានប៉េតង់ តេក្វាន់ដូ (WTF) ចំបាប់ ប្រដាល់គុនខ្មែរ សីដក់ វាយកូនបាល់ ប្រដាល់សកល ជិះសេះ បាល់ទះ (ក្នុង សាល និងឆ្នេរខ្សាច់) បាល់បោះ អត្តពលកម្ម ហែលទឹក វូស៊ូ កាយសម្ព័ន្ធ ប្រណាំងទោចក្រយាន គុនដាវ សូហ្វតិន្នីស វាយកូនឃ្លីលើតុ វាយសី ទ្រីយ៉ាត្លុង ការ៉ាតេ ទូកប្រពៃណី និងអន្តរជាតិ យូដូ ទូកក្តោង វាយកូនគោល វ៉ូវីណាម គុនល្បុក្កតោ តេក្វាន់ដូ (ITF) សូរីនហ្សិកាំប៉ូ និងអុកចត្រង្គ។
គួរបញ្ជាក់ថាការប្រមូលផ្តុំ អនុរក្ស គ្រូបង្វឹក គ្រូជំនួយ អត្តពលិក កីឡាករ កីឡាការិនីក្រុមជម្រើសជាតិនៅឆ្នាំ ២០១៩ នេះមានរយៈពេល ៦ ខែដូចការប្រមូលផ្តុំកាលពីឆ្នាំ ២០១៨ ដែរគឺការប្រមូលផ្តុំលើកនេះគ្រោងធ្វើពីថ្ងៃទី ២៦ ខែមេសានឹងគ្រោងបញ្ចប់នៅថ្ងៃទី ២៥ ខែវិច្ឆិកា៕