ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ធ្វើការ​រិះគន់​មិន​ចំមុខ​ទៅ​ដល់​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ដែល​នៅតែ​មាន​ភាពអសកម្ម​ក្នុង​ការពង្រឹង​គុណភាព​ថ្នាក់ថ្នាល​ឲ្យ​បាន​ល្អ និង មាន​វិជ្ជាជីវៈ​ក្នុង​ការត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ប៉ុន្តែ​លោក​ហាក់​នៅ​តែ​ទុក​មុខ​ដល់​សហព័ន្ធ​ទាំង​នោះ​ដោយ​លោក​មិន​បង្ហាញ​ឈ្មោះ​ឲ្យ​ចំៗ​ចំពោះ​សហព័ន្ធ​ទាំងនោះ ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​នោះ​ទេ​។

ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រជុំ​បូក​សរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​ក្នុង​ឆ្នាំ​ ២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​ ២០១៩ នៅ​សណ្ឋាគារ​ទន្លេ​បាសាក់​ ២ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​លោក ហង់ ជួនណារ៉ុន បាន​លើក​ឡើង​ថា​៖ «​សហព័ន្ធ​ខ្លះ​គឺ​មាន​នៅក្នុង​ការប្រកួត​ស៊ីហ្គេម ប៉ុន្តែ​អ្វី​ដែល​សហព័ន្ធ​កំពុង​ធ្វើ​គឺ​មិនទាន់​បាន​ឆ្លើយតប​ទេ​។ ខ្ញុំ​អត់​ចង់​លើក​ចំ​ឈ្មោះ​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ប៉ុន្តែ​សហព័ន្ធ​ខ្លួនឯង​ត្រូវ​ដឹងថា ប្រសិន​បើ​មិន​ពង្រឹង​សហព័ន្ធ​ខ្លួនឯង ហើយ​មិន​ពង្រីក​ក្លិប​ទៅ​កាន់​ក្រសួង ឬ​ខេត្ត-ក្រុង​ផ្សេងៗ​ទេ គឺ​អត្តពលិក​ជ្រើសរើស​បាន​មជ្ឈដ្ឋាន​តិចតួច​ប៉ុណ្ណោះ អ៊ីចឹង​នឹង​មិន​អាច​រក​អ្នក​ដែល​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​បាន​នោះ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​បើ​ទោះបី​ជា​សហព័ន្ធ​នោះ​មាន​ឈ្មោះ​នៅ​ស៊ីហ្គេម ប៉ុន្តែ​បើ​សហព័ន្ធ​រៀបចំ​ខ្លួន​មិន​បាន​ល្អ អ្នក​ហាត់​ដដែលៗ​ហើយ​អត់​មាន​ការផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​​ដៃគូ​នៅ​អន្តរជាតិ ដោយសារ​តែ​ការរៀបចំ​របស់​យើង​មិន​បាន​ល្អ​មិន​មាន​ការគាំទ្រ ហើយ​មិន​ដែល​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​គឺ​មិន​អាច​មាន​ការអភិវឌ្ឍ​បាន​នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំឭក​ដល់​សហព័ន្ធ​ដែល​មាន​លទ្ធភាព តែ​បែរ​ជា​នៅ​ដេកលក់​មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ផងដែរ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​សហព័ន្ធ​ខ្លះ​មាន​ប្រភេទ​កីឡា​អាច​ចូលប្រកួត​ជាមួយ​គេ​បាន​ទាំង​នៅក្នុង​ស៊ីហ្គេម និង​នៅ​អន្តរជាតិ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​សហព័ន្ធ​នោះ​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​»​។

មន្ត្រី​កីឡា​មកពី​តាម​បណ្តា​ខេត្ត ក្រុង ដែល​ចូលរួម​ក្នុង​ពិធី​បូក​សរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​។ ណន

លោក ជួនណារ៉ុន បាន​បន្ថែម​ថា​៖ «​បើ​យើង​មិន​ដែល​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ឬ​មួយ​មិន​ដែល​ហាត់​ហ្វឹកហ្វឺន​បាន​ជាប់លាប់ គ្មាន​ការត្រួតពិនិត្យ ហើយ​ទទួល​តែ​ថវិកា​ឧបត្ថម្ភ គឺ​យើង​នឹង​មិនអាច​ទទួល​បាន​មេដាយ​នោះ​ឡើយ ហេតុនេះ​យើង​គួរតែ​មាន​ប្រព័ន្ធ​លើក​ទឹកចិត្ត​ថា​អ្នកណា​ធ្វើ​គ្រាន់តែ​ដើម្បី​ធ្វើ ហើយ​អ្នក​ណា​ធ្វើ​ដើម្បី​ទទួល​ការអភិវឌ្ឍ​»​។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា​៖ «​បើសិន​ជា​គ្មាន​ការលើក​ទឹកចិត្ត​ទេ អ្នក​ដែល​ខំ ក៏​ខំ​ទៅ អ្នក​ដែល​មិន​ខំ ក៏​មិន​ខំ​ទៅ ហើយ​ជា​លទ្ធផល​គឺ​អត់​បាន​អី​នោះ​ទេ អ៊ីចឹង​សហព័ន្ធ​ដែល​ខ្ញុំ​បាន​និយាយ​នេះ​ក៏​គួរ​តែ​ដឹងខ្លួន​ដែរ ព្រោះ​ខ្ញុំ​ឃើញ​ថា សហព័ន្ធ​ខ្លះ​មាន​សកម្មភាព តែ​សហព័ន្ធ​ខ្លះ​ទៀត​នៅ​តែ​ម្តុំ​តូច គឺ​សូម្បី​តែ​នៅ​តាម​ខេត្ត​ក៏​អត់​មាន​ក្លិប ដោយ​មាន​តែ​ក្លិប​ ២ ​ទៅ​ ៣ នៅ​ភ្នំពេញ​»​។

លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បាន​ចាត់ទុក​ភាពអសកម្ម​របស់​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ខាងលើ​ថា​ជា​បញ្ហា​ប្រឈម​ក្នុង​ការឆ្ពោះ​ទៅ​ទទួល​បាន​ជោគជ័យ សម្រាប់​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ដែល​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ និង​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​ចាប់ពី​ឆ្នាំ​នេះ​ទៅ​។

«​យើង​មើលឃើញ​ច្បាស់​តែ​ម្តង​ថា ប្រភេទ​កីឡា​ដែល​ដណ្តើម​បាន​មេដាយ​គឺ​កីឡា​ដែល​មាន​សហព័ន្ធ​សកម្ម​ផ្ទុយ​ពី​នេះ​ប្រភេទ​កីឡា​ដែល​ត្រូវ​ប្រើប្រាស់ ការ​ហ្វឹកហាត់​ខ្លាំង តែ​បើ​មិន​ដែល​បាន​ប្រកួត​ផង រឿង​អី​អាច​នឹង​បាន​មេដាយ​។ នេះ​ជា​បញ្ហា​ប្រឈម​របស់​យើង​គឺ​ដោយសារ​តែ​ប្រព័ន្ធ​របស់​យើង​នៅ​មិន​ទាន់​មាន​វិជ្ជាជីវៈ​មាន​ស្តង់ដា​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​»​។

លោក ជួនណារ៉ុន បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹង​បើសិន​ជា​យើង​ចង់​បាន​ការប្រកួត​មួយ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​បាន​មេដាយ​នៅ​ស៊ីហ្គេម​គឺ​យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​ទាំងនេះ​មាន​លក្ខណៈ​វិជ្ជាជីវៈ​។ មាន​ន័យ​ថា​ការត្រៀម​រៀបចំ​របស់​អគ្គនាយកដ្ឋាន​កីឡា​គឺ​ត្រូវ​តែ​ពង្រឹង​បន្ថែម​ទៀត​រួម​ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​យើង​នៅ​សល់​ពេល​ ៥ ​ឆ្នាំ​ទៀត​ទេ​ដល់​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ហើយ​»​។

ឆ្នាំ​ ២០១៩ ​នេះ​យើង​ធ្វើឲ្យ​បាន​មែនទែន ទើប​បាន ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​មាន​ការប្រជុំ និង​ជជែក​គ្នា​បន្ថែម​ទៀត​ដើម្បី​ត្រៀម ហើយ​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ជាមួយ​នឹង​ប្រភេទ​កីឡា​នីមួយៗ និង​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ដាក់ចេញ​នៅ​វិធានការ​លម្អិត​ក្នុង​ការអនុវត្ត​ការងារ​ពី​ឥឡូវ​នេះ​រហូត​ដល់​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។

តាម​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រាប់​ថា​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ NOCC នឹង​ធ្វើការ​វាយតម្លៃ និង​ដាក់​ជា​ចំណាត់ថ្នាក់​ទៅ​លើ​សហព័ន្ធ​កីឡា​ជាតិ​ជា​លើកដំបូង ដើម្បី​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់​ទៅ​លើ​សហព័ន្ធ​កីឡា​ជាតិ​ដែល​មាន​សកម្មភាព និង​មាន​ការអភិវឌ្ឍ និង​ឈាន​ដល់​ការ​កាត់​ចេញ​នូវ​សហព័ន្ធ​ណា​ដែល​នៅ​តែ​គ្មាន ការកែទម្រង់​។

លោក​បាន​ថ្លែង​ថា​៖ «​ដើម្បី​វាយតម្លៃ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​បាន NOCC បាន​ធ្វើ​ស្តង់ដា​វាយតម្លៃ​មួយ​ទៅ​លើ​សហព័ន្ធ​កីឡា​ជាតិ​ដោយ​ការដាក់​ពិន្ទុ គឺ​សហព័ន្ធ​ណា​ធ្វើ​បាន​ល្អ​នូវ​លក្ខខណ្ឌ​ដែល​ដាក់​ទៅ​នឹង​បាន​ចំណាត់ថ្នាក់​លេខ​ ១ លេខ​ ២ និង​លេខ​ ៣ ទៅ​តាម​នោះ ហើយ​ការវាយតម្លៃ​ស្តង់ដា​នេះ​គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ទទួល​បន្ទុក​កីឡា​មាន​ការចាប់អារម្មណ៍ ហើយ​ដើម្បី​ឲ្យ​ដឹង​ថា យើង​មាន​កម្រិត​សហព័ន្ធ​ខ្សោយ​ច្រើន​ជាង ឬ​សហព័ន្ធ​ខ្លាំង​ច្រើន​ជាង​»​។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ធ្វើឲ្យ​ច្បាស់​គឺ​យើង​ត្រូវដាក់​ចំណាត់ថ្នាក់​ទៅ​ដល់​សហព័ន្ធ​តែម្តង ដើម្បី​ជំរុញ​ការគាំទ្រ​ការឧបត្ថម្ភ និង​ការអភិវឌ្ឍ​របស់​សហព័ន្ធ​ដែល​មិនទាន់​ឈាន​ដល់​ចំណាត់ថ្នាក់​ល្អ ហើយ​ក្រៅពី​ការវាយ​តម្លៃ​ធ្វើ​ចំណាត់ថ្នាក់​សហព័ន្ធ​កីឡា​ជាតិ​ហើយ គឺ​យើង​ត្រូវ​មាន​យន្តការ​ត្រួតពិនិត្យ និង​វាយតម្លៃ​នេះ​ទៅ​តាម​អ្វី​ដែល​យើង​បាន​ដាក់​ចេញ​»៕