ភ្នំពេញ៖ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ត្រៀម​ការ​ប្រកួត​ជម្រុះ​ជុំ​ទី ​២ ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក (FIFA World Cup Qatar 2022) ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ នៅ​ក្រៅ​ទឹក​ដី ​នា​ថ្ងៃ​ទី ​១០ ខែ ​តុលា ខាង​មុខ​នេះ។

កីឡាករ​ចំនួន​ ​២៥ ​នាក់ ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង​គ្រូ​បង្គោល​លោក Felix Dalmas បាន​សម្រេច​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ ហើយ​កីឡាករ​មាន​បទពិសោធ ២ ​​នាក់ គឺ ប្រាក់ មុន្នីឧត្តម ដែល​ទើប​ជា​ពី​របួស និង ធារី ចន្ថាប៊ីន ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​រួម​ផង​ដែរ បន្ទាប់​ពី​អ្នក​ទាំង ​២ បាន​ខ្ទាត​ចេញ​ពី​បញ្ជី​ឈ្មោះ​​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ប្រមូល​ផ្តុំ​នៃ​ការ​​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង និង​ក្រុម​បារ៉ែន កន្លង​មក​នេះ។

ចំណែក​កីឡាករ កាន់ ពិសាល របស់​ក្លិប ក្រសួង​ការពារ​ជាតិ សួន សុវណ្ណ របស់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​អ្នក​ចាំទី ហ៊ុល គឹមហ៊ុយ ​​របស់​ក្លិប​បឹងកេត ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​ជា​ថ្មី​ផង​ដែរ ប៉ុន្តែ​អ្នក​ចាំទី សាវែង សំណាង របស់​ភ្នំពេញក្រោន និង អ៊ិន សូដាវីដ របស់​ក្លិប​វិសាខា ដែល​ធ្លាប់​ជាប់​ក្នុង​បញ្ជី​ឈ្មោះ ​២៣ ​នាក់​ចុង​ក្រោយ​នៃ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​គ្មាន​ឈ្មោះ ក្នុង​ការ​ប្រមូល​ផ្តុំ​លើក​នេះ​ទេ។

ចំពោះ​កីឡាករ ​២១ ​នាក់​ទៀត ដែល​បន្ត​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដដែល នោះ​រួម​មាន សេត រ៉ស៊ីប, ទេស សម្បត្តិ របស់​​បឹងកេត រ៉ឹង ប៊ុនហៀង របស់​ក្រសួង​ការពារ​ជាតិ គួច សុកុម្ភៈ, ស៊ូ យ៉ាទី, គួច ដានី, សុះ ស៊ូហាណា របស់​ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សឿត បារាំង, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់​ភ្នំពេញ​ក្រោន កីឡាករ ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល របស់​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ របស់​វិសាខា សៀង ចន្ធា របស់​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី និង​កីឡាករ ដាវ នីម របស់​​ក្រុម​គិរីវង់​សុខសែន​ជ័យ។

ជាមួយ​នឹង​ការ​ប្រមូល​ផ្តុំ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​ថ្ងៃទី ​១ នៅ​កីឡដ្ឋាន RSN របស់​ភ្នំពេញក្រោន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​នៅ​ថ្ងៃទី ​៣ និងទី ​៥ ខែ ​តុលា ក៏​ពួក​គេ​បន្ត​ហ្វឹក​ហាត់​នៅ​កីឡដ្ឋាន​នេះ​ដែរ ខណៈ​ថ្ងៃទី ​២ និងទី ​៤ ខែ​តុលា ​ក្រុម​កម្ពុជា អាច​មក​​ហ្វឹកហាត់ នៅ​ពហុកីឡដ្ឋាន​ជាតិ មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​បន្ថែម​ទៀត នៅ​ប្រទេស ​អ៊ីរ៉ង់។​

យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង ​២៦ នាក់ ដែល​ត្រូវ​បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់ នៅ​ពេល​នេះ នឹង​ត្រូវ​ជម្រុះ​ចោល​វិញ ​៣ ​នាក់ ដែល​អាច​នឹង​ប្រកាស​នៅ​ថ្ងៃទី ​៥ ខែ ​តុលា គឺ​ទុក​តែ ​២៣ ​នាក់​ប៉ុណ្ណោះ សម្រាប់​ធ្វើ​ដំណើរ​​ទៅ​​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ នៅ​ឯពហុ​កីឡដ្ឋាន Azadi Stadium ក្នុង​ក្រុង Tehran ប្រទេស ​អ៊ីរ៉ង់ នៅ​យប់​ម៉ោង ​៨:៣០ (ម៉ោង​នៅ​កម្ពុជា) នាថ្ងៃទី ​១០ ខែ ​តុលា ឆ្នាំ ​២០១៩ ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង ២ ​លើក​កន្លង​មក​នេះ ​ក្រុម​កម្ពុជា បាន​ស្មើ ១-១ ជាមួយ​ក្រុម​ហុងកុង និង​ចាញ់​ក្រុម​ជម្រើសជាតិ​បារ៉ែន ១-០ ហើយ​ការ​ជួប​ក្រុម​អ៊ីរ៉ង់លើក​នេះ វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​កម្ពុជា ព្រោះ​ក្រុម​អ៊ីរ៉ង់ ​​ទើប​ប្រកួត​បាន ​១ ​លើក​នោះ គឺ​​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ហុងកុង រហូត​ដល់ ២-០ និង​កំពុង​ឈរ​នៅ​លេខ ​២ ​ប្រចាំ​ពូល C មាន ​៣ ពិន្ទុ បន្ទាប់​ពី​ក្រុម​បារ៉ែន ដែល​មាន ​៤ ពិន្ទុ ជាមួយ​ការ​ឈ្នះ​ ​១ និង​ស្មើ ​១ ​ប្រកួត​៕