ភ្នំពេញ៖ ​​ក្រុម​បាល់ទាត់​​ជម្រើសជាតិ​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៣-១ ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​ចំនួន ​២ ក្នុង​ពេល​តែ​មួយ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ​១៥ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ឆ្នាំ ​២០១៩ នៅ​ប្រទេស ​ហ្វីលីពីន។

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន Rizal Menorial កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នោះ ក្រុម​កម្ពុជា​ពិត​ជា​មាន​សម្ពាធ​​ខ្លាំង ​ព្រោះ​ពួក​គេ​មិន​ត្រឹមតែ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​​ស្រេក​ឃ្លាន​ការ​ឈ្នះ ​ម៉ាឡេស៊ី នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​​ផ្ទៀងផ្ទាត់​គ្រាប់​បាល់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ដែល​ស៊ុត​បញ្ជូល​ទី​ទៅ​លើ​ក្រុម​ទីម័រ​ខាង​កើត​ផង​​ដែរ។

យ៉ាង​ណា​ក៏​ដោយ អារម្មណ៍​ដ៏​រំភើប​មិន​ធ្លាប់​មាន បាន​កើត​មាន​ឡើង​ចំពោះ​​ក្រុម​មួយ​នេះ ខណៈ​ពួក​គេ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ម៉ាឡេស៊ី ៣-១ ស្រប​ពេល​ក្រុម​ហ្វីលីពីន បាន​​គ្រាប់​បាល់​​នៅ​ចុង​ម៉ោង​នាំ​ឲ្យ​ពួក​គេ​ឈ្នះ​​ក្រុម​ទីម័រ​ខាង​កើត ​ត្រឹម ៦-១ នោះ ហើយ​លទ្ធផល​នេះ​ជួយ​ឲ្យ​កម្ពុជា ​​​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត​លើក​ទី ​១ បន្ទាប់​ពី​ពួក​គេ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ​៥៨ ​ឆ្នាំ។

សម្រាប់​ការ​​ចូលរួម​ប្រកួត​ស៊ីហ្គេម​ចំនួន ​១៤ លើក (អវត្តមាន ​១៣ លើក) តាំង​ពី​ឆ្នាំ ​១៩៦១ មក​នោះ កម្ពុជា​បាន​ត្រឹម​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​រហូត ប៉ុន្តែ​ការ​បង្ហាញ​លើក​នេះ កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ ​ហើយ​ការ​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៣-១ នោះ ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​កីឡាករ អ៊ិន សូដាវីដ, សៀង ចន្ធា និង កែវ សុខផេង រក​បាន​ម្នាក់ ​១ ​គ្រាប់ នៅ​នាទីទី ​៥៦ ទី ​៥៧ និង​ទី ​៦៨ ហើយ ​១ ​គ្រាប់​របស់​ម៉ាឡេស៊ី រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Quentin ​នៅ​នាទីទី ៨៩។

ជាមួយ​ការ​យក​ឈ្នះ​​ម៉ាឡេស៊ី ៣-១ លើក​នេះ វា​មិន​ត្រឹម​តែ​បាន​បំផ្លាញ​ក្តី​សង្ឃឹម​​ឡើង​ទៅ​វគ្គ​បន្ត​របស់​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ដែល​មាន ​៧ ពិន្ទុ (ចាញ់​គ្រាប់​បាល់​ចំណេញ​កម្ពុជា) ស្មើ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​ជ័យ​ជម្នះ​ក៏​បាន​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត ​១ ​ទៀត ​គឺ​ការ​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​ជា​លើក​ដំបូង ក្នុង​​ប្រវត្តិ​ប្រកួត​ក្នុង​ស៊ីហ្គេម​នេះ ព្រោះ​ការ​ជួបគ្នា ​៨ ​លើក ក្នុង​ចន្លោះ​ឆ្នាំ​​​ ​១៩៦១ ដល់​ឆ្នាំ ​២០១១ ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ការ​​បង្កើត​បាន​​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត​ចំនួន ​២ ក្នុង​ពេល​តែ​មួយ​របស់​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ការ​រំភើប​ស្ទើរ​ពេញ​មួយ​ប្រទេស ខណៈ​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​បាល់​ទាត់​មួយ​ចំនួន​ធំ ក៏​បាន​អួល​ដើម​ក លាយ​ឡំ​នឹង​ទឹក​ភ្នែក ដើម្បី​បង្ហាញ​ពី​ភាព​រំភើប​រក​អ្វី​មក​ប្រៀប​ផ្ទឹម​មិន​បាន​របស់​ពួក​គេ​ទៅ​នឹង​​ជ័យជម្នះ​ជា​ប្រវត្តិសាស្រ្ត​នេះ​ផង​ដែរ ហើយ​​គ្រូ​បង្វឹក Felix Dalmas និង​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda ជា​មនុស្ស​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​កែប្រែ​ប្រវត្តិសាស្រ្ត​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

លោក Felix Dalmas គ្រូ​បង្វឹក​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​​សន្និសីទ​កាសែត ក្រោយ​ការ​ប្រកួត​ថា៖​ «យើង​មាន​ការ​ជឿជាក់​ទៅ​លើ​ទម្រង់​លេង​របស់​យើង ហើយ​លទ្ធផល​នេះ​វា​បាន​មក​ពី​ការ​ប្រឹងប្រែង​របស់​ក្រុម​ទាំង​មូល បន្ទាប់​ពី​យើង​បាន​ចាញ់​​មីយ៉ាន់ម៉ា ២-១ ទាំង​មិន​អស់​ចិត្ត ព្រោះ​​ថ្ងៃ​នេះ យើង​ធ្វើ​បាន​ល្អ​ជាង​ថ្ងៃ​នោះ»។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន រូប​នេះ​​បន្ថែម​ថា៖ ​«​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​​នឹង​លទ្ធផល​នៅ​ថ្ងៃ​នេះ ព្រោះ​កីឡាករ​របស់​យើង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង។ នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា ហើយ​យើង​ទាំង​អស់​គ្នា ពិត​ជា​អរគុណ​ខ្លាំង​ដល់​អ្នក​គាំទ្រ ដែល​តែងតែ​លើក​ទឹក​ចិត្ត​ដល់​ពួក​យើង»។

លោក វ៉ាត់ ចំរើន នាយបេសកកម្ម​ស៊ីហ្គេម​បាន​ថ្លែង​ថា៖ ​«​នេះ​ជា​ជោគជ័យ​ប្រវត្តិសាស្រ្ត​របស់​បាល់ទាត់​កម្ពុជា ដែល​បាន​ឡើង​ទៅ​​វគ្គ​បន្ត នៅ​ស៊ីហ្គេម»៕