ភ្នំពេញ៖ ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Felix Dalmas គ្រោង​នឹង​ប្រើ​វិធីសាស្រ្ត ដើម្បី​បំបែក​ក្បួន​លេង​របស់​ក្រុម​ម្ចាស់​ផ្ទះ​ហុងកុង នៅ​ពេល​ក្រុម​ទាំង ​២ ត្រូវ​វិល​មក​ជួប​គ្នា ក្នុង​ជើង​ទី ​២ ក្នុង​វគ្គ​ជម្រុះជុំ​ទី ​២ ពាន​រង្វាន់​បាល់ទាត់ FIFA World Cup Qatar 2022 នៅ​ពហុកីឡដ្ឋាន​ហុងកុង នា​យប់​ម៉ោង ​៧ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​អង្គារ​នេះ។

បើ​ទោះ​បីជា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង​សម្រាប់​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​ថ្ងៃទី ​៥ ខែ​ កញ្ញា ឆ្នាំ ​២០១៩ ប៉ុន្តែ​លោក Felix Dalmas បាន​មើល​ឃើញ​ថា កម្ពុជា​នៅ​ពេល​នេះ​មាន​ការ​អភិវឌ្ឍ​បាន​ល្អ​ជាង​មុន​ទាំង​ទៅ​លើ​បទពិសោធ​លេង និង​ការ​បញ្ជូន​បាល់​ឲ្យ​គ្នា។

ចំណុច​ល្អៗ​ទាំង​នេះ ត្រូវ​លោក Felix បាន​មើល​ឃើញ​នៅ​ពេល​​ក្រុម​កម្ពុជា ​ប្រកួត​មិត្តភាព​អន្តរជាតិ​ស្មើ​គ្នា ១-១ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ុងហ្គោលី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ «​វាជា​បទពិសោធ​ល្អ​មួយ​សម្រាប់​យើង នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​យើង​ធ្វើ​បាន​ល្អ​ក្នុង​ការ​​ប្រយុទ្ធ និង​បញ្ជូន​បាល់​ឲ្យ​គ្នា ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ជាង​នេះ មុន​ពេល​ប៉ះ​ជាមួយ​ក្រុម​ហុងកុង»។

ជាមួយ​គ្នា​នេះ គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន លោក Felix ហាក់ នៅ​តែ​មាន​ការ​ទុក​ចិត្ត​​ថា បទពិសោធ​របស់​កម្ពុជា និង​អ្វី​ដែល​លោក​បាន​ដឹង​ពី​ក្រុម​ហុងកុង នឹង​ជួយ​ឲ្យ​​​លោក​អាច​រៀបចំ​ក្រុម ដើម្បី​បំបែក​ក្បូន​លេងរបស់​ក្រុម​ហុងកុង។ លោក Felix បាន​បញ្ជាក់​ថា៖ ​«យើង​បាន​ដឹង​ពី​របៀប​លេង​របស់​ក្រុម​ហុងកុង​ដែរ ដូច្នេះ​យើង​ត្រូវ​រក​ដំណោះ​ស្រាយ ដើម្បី​​បំបែក​ក្បូន​លេង​របស់​ពួក​គេ»។

តាមរយៈ​ការ​ប្រកួត​ចំនួន ​៤ លើក​ដូច​គ្នា ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូល C នេះ ក្រុម​ហុងកុង ធ្វើ​បាន​ល្អ​ជាង​ក្រុម​កម្ពុជា ដោយ​ពួក​គេ ​បាន​ស្មើ ​២ ចាញ់ ​២ ​ប្រកួត ខណៈ​កម្ពុជា បាន​ស្មើ ​១ និង​ចាញ់ ​៣ ​ប្រកួត ហើយ​កំពុង​ឈរ​នៅ​បាត​តារាង ដោយ​មាន ​១ ពិន្ទុ ចំណែក​ក្រុម​អ៊ីរ៉ាក់​បាន​ឈរ​នៅ​កំពូល​តារាង ដោយ​មាន ​១០ ​ពិន្ទុ និង​តាម​ពី​ក្រោយ​ដោយ​ក្រុម​បារ៉ែន​មាន ​៨ ពិន្ទុ និង​ក្រុម​អ៊ីរ៉ង់ ដែល​មាន ​៦ ពិន្ទុ។

សម្រាប់​ការ​ប្រកួត​​ក្រៅ​ទឹក​ដី​ជាមួយ​ក្រុម​ហុងកុង​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ដែរ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​សំខាន់ និង​លើក​​ចុង​ក្រោយ​សម្រាប់​លោក Felix និង​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​កម្ពុជា លោក Keisuke Honda ក្នុង​ការ​សម្រេច​ជ្រើសរើស​កីឡាករ​លើស​អាយុ​ចំនួន ​២ ​នាក់ ចេញ​ពី​ក្រុម​ធំ​ជម្រើស​ជាតិ​នេះ ដើម្បី​ដាក់​ឲ្យ​ចូល​លេង​ជាមួយ​ក្រុម ​U22 កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល A នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ​ខាង​មុខ​នេះ។

ជាមួយ​គ្នា​នេះ កីឡាករ​មាន​ឈ្មោះ ​នៅ​ក្នុង​បញ្ជី​ប្រមូល​ផ្តុំ​ត្រៀម​ប្រកួត​ស៊ីហ្គេម​ចំនួន​ ​១២ ​នាក់ រួម​មាន អ៊ន ចាន់ប៉ូលីន, យ៉ើ សាហ្វី, យ៉ើ មូស្លីម, ឆេង ម៉េង, កែន ច័ន្ទសុភ័ក្រ្ត, កែវ សុខសិលា, ស៊ិន កក្កដា, ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, លី វ៉ាហេទ និង សៀង ចន្ធា ក៏​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា​នេះ​ផង​ដែរ។

ហេតុ​នេះ​ការ​ជួប​ក្រុម​ហុងកុង នៅ​យប់​នេះ វា​បាន​ក្លាយ​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​បទពិសោធ​ថ្មីៗ​បន្ថែម ហើយ​ក៏​ជា​ពេល​ដែល​លោក Felix និង Honda ធ្វើ​ការ​សម្រេច​ចុង​ក្រោយ យក​អ្នក​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​ផង​ដែរ ខណៈ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​A ​នៅ​ស៊ីហ្គេម កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន នៅ​ថ្ងៃទី ​២៥ និង​ជួប​ក្រុម​ទីម័រ​ខាង​កើត នៅ​ថ្ងៃទី ​២៧ ខែ ​វិច្ឆិកា រួច​ទៅ​ប៉ះក្រុម​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី ​២ និង​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី ​៤ ខែ ​ធ្នូ ឆ្នាំ ២០១៩៕