ភ្នំពេញៈ ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បានបាត់បង់ឱកាសទាំងស្រុង ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ឆ្នាំ ២០១៨ នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុមមួយនេះ បានចាញ់ក្រុមឡេតូនី ក្នុងការប្រកួតជម្រុះលើកចុងក្រោយ ៣-១ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងការប្រកួតដ៏សំខាន់ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកមិញនេះ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ដែលមានមាឌតូចៗជាគូប្រជែងនោះ បានបង្ហាញពីការប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះក្រុមឡេតូនី ជាមួយគ្រាប់បាល់ ២៥-១៨ នៅក្នុងសិតទី ១។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅសិតទី ២ ទី ៣ និងសិតទី ៤ ក្រុមបាល់ទះអង្គុយជនពិការឡេតូនី បានកែប្រែការប្រកួតរបស់ពួកគេ បានប្រកួតយ៉ាងល្អ ដើម្បីវាយបកមកលើក្រុមក្រុមកម្ពុជា និងបានយកឈ្នះក្រុមកម្ពុជា៣ សិតជាប់ៗគ្នាតែម្តង ជាមួយគ្រាប់បាល់ ២៥-២២ ២៥-១៧ និង ២៨-២៦។
ការយកឈ្នះក្រុមកម្ពុជា ៣-១ តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនេះ បានជួយឲ្យក្រុមឡេតូនី ឈរនៅលេខ ២ ប្រចាំពូល A នឹងបានឡើងទៅកាន់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំពូលនេះ ជាមួយក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ដែលទទួលបានលេខ ១ ប្រចាំពូល A នេះ ដោយក្រុមទាំង ២ នេះ អាចនឹងត្រូវជួបក្រុមក្រូអាស៊ី និងក្រុមថៃ។
ផ្ទុយពីនេះក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានបាត់បង់ឱកាស ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះហើយ គឺក្រុមតំណាងឲ្យកម្ពុជាមួយនេះ នៅសល់ត្រឹមឱកាស ប្រកួតប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ ៥ និងលេខ ៦ ប្រចាំព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ នៅថ្ងៃទី ១ ខែមេសា ដោយកម្ពុជា អាចនឹងត្រូវជួបក្រុមម៉ុងហ្គោលី ព្រោះម៉ុងហ្គោលី នៅមិនទាន់រកឃើញការឈ្នះរបស់ខ្លួន ក្នុងការប្រកួតជម្រុះប្រចាំនៅពូល B នៅឡើយទេ។
តាមរយៈការប្រកួតកន្លងមកនេះ ក្រុមម៉ុងហ្គោលី បានចាញ់ក្រុមថៃ ៣-០ ប៉ុន្តែថៃ បានទៅចាញ់ក្រុមក្រូអាស៊ី ៣-០ វិញ ក្នុងការប្រកួតលើកទី២ចុងក្រោយរបស់ពួកគេ កាលពីម្សិលមិញ។ ម៉ុងហ្គោលី នឹងត្រូវប្រកួតជម្រុះលើកចុងក្រោយរបស់ខ្លួន ជាមួយក្រុមក្រូអាស៊ី នៅថ្ងៃសុក្រ ដែលគេមិនសង្ឃឹមថា ម៉ុងហ្គោលី អាចយកឈ្នះក្រុមក្រូអាស៊ី ក្នុងការប្រកួតលើកចុងក្រោយ ដើម្បីធ្វើឲ្យក្រុមទាំង ៣ ឈរនៅពូល B នេះ មានលទ្ធផលឈ្នះ ១ និងចាញ់ ១ ប្រកួតដូចគ្នានោះទេ៕