ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីគុនដាវកម្ពុជាបានរួមគ្នាដណ្តើមបានមេដាយចំនួន ៥ ពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី ៤ ឆ្នាំ ២០២០ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយប្រតិភូកីឡាកម្ពុជា ១ ក្រុមនេះទើបតែបានវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ការប្រកួតដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមីនា នេះ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារម្សិលមិញថា៖ «មេដាយមាសទាំង ៥ ដែលក្រុមអត្តពលិកគុនដាវកម្ពុជាដណ្តើមបានពីការប្រកួតជើងឯកសាកលវិទ្យាល័យអាស៊ាននេះគឺមានមេដាយមាស ១ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៣»។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះកីឡាការិនី ឆាយ លីនលី ជាអ្នកដណ្តើមបានមេដាយមាស ១ លើវិញ្ញាសានារីឯកត្តជនដាវតូច ហើយកីឡាការិនី យី លីហ្សា ដណ្តើមបានមេដាយប្រាក់ ១ លើវិញ្ញាសានារីឯកត្តជនដាវតូច។ ចំណែកកីឡាការិនី សន និច ដណ្តើមបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសានារីឯកត្តជនដាវតូច និងឈ្នះបានមេដាយសំរឹទ្ធ ១ ទៀតលើវិញ្ញាសានារីឯកត្តជនដាវធំ ខណៈមេដាយសំរឹទ្ធ ១ ទៀតរកបានដោយកីឡាករ ថុង តាំងជីន នៅលើវិញ្ញាសាបុរសឯកត្តជនដាវតូច។
លោក សុខ អាង បានប្រាប់បន្តថា៖ «ជាមួយលទ្ធផលនេះសហព័ន្ធកីឡាគុនដាវកម្ពុជាទទួលស្គាល់ថា ពិតជាមានការរីកចម្រើន គឺយើងកើនចំនួនមេដាយ ជាពិសេសមេដាយមាស ១ ក្នុងវិញ្ញាសាឯកត្តជនបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ចំពោះការប្រកួតសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នេះយើងក៏ទទួលស្គាល់ដែរថា ចំនួនអត្តពលិកចូលរួមលើកនេះមានការថយចុះបើទោះជាមានប្រទេស ៦ ចូលរួមក៏ដោយ»។
លោកបានបន្ថែមថា៖ «ការថយចុះនេះដោយសារមានបញ្ហាជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក្រុមអត្តពលិកកម្ពុជាយើងក៏ធ្វើការណែនាំ និងរៀបចំជាអាល់កុល ម៉ាស់ និងថ្នាំសង្កូវ សម្រាប់ពួកគាត់ក្នុងការការពារខ្លួន ហើយមានការណែនាំពីប្រធានសហព័ន្ធ ដោយលោកបានស្នើសុំលោកជំទាវវេជ្ជបណ្ឌិត សុខា សុធានី ធ្វើការតាមដាន និងយកចិត្តទុកដាក់ជាប្រចាំ»។
តាមរបាយការណ៍សកម្មភាពរបស់សហព័ន្ធកីឡាគុនដាវកម្ពុជាបានឲ្យដឹងថា នេះជាលើកទី ៤ ហើយដែលក្រុមគុនដាវទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ចូលរួមការប្រកួតជើងឯកសាកលវិទ្យាល័យអាស៊ាននេះតាំងពីឆ្នាំ ២០១៧មក។
លោក សុខ អាង បាននិយាយថា សម្រាប់ការចូលរួមលើកទី ១ កាលឆ្នាំ ២០១៧ យើងទទួលបានមេដាយសំរឹទ្ធ ២ ប៉ុណ្ណោះ ប៉ុន្តែការចូលរួមក្នុងឆ្នាំបន្ទាប់ យើងទទួលបានមេដាយកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ ហើយគិតដល់ឆ្នាំ ២០២០ នេះយើងទទួលបានមេដាយសរុបចំនួន ១១ ក្នុងនោះមានមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៦៕