ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាទូកកម្ពុជា សរុបចំនួន ២៨ នាក់ (ស្រី ៦ នាក់) បាននឹងកំពុងហ្វឹកហាត់ តាមអនឡាញ ហើយថតសកម្មភាពចូលទៅក្នុងកម្មវិធីរបស់គ្រុបគ្រូបង្វឹកជម្រើសជាតិ មានឈ្មោះថា ស៊ូម (Zoom) ដែលក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដាក់ជូនក្នុងមួយថ្ងៃចំនួន ៥ ម៉ោង គឺព្រឹក ៣ ម៉ោង និងល្ងាច ២ម៉ោង។
ការហ្វឹកហាត់តាមលក្ខណៈឯកជន និងត្រួតពិនិត្យតាមប្រព័ន្ធអនឡាញនេះ គឺដើម្បីសម្រួច និងពង្រឹងសមត្ថភាព ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលនឹងចាប់ផ្តល់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ដោយកីឡាប្រណាំងទូកនេះ ចែកជា ៣ ប្រភេទ គឺទូកកានូ, កាយ៉ាក និងរ៉ូអ៊ីង ហើយកម្ពុជា នឹងចូលរួមទាំង៣ប្រភេទ ដែលសរុបមាន ៨វិញ្ញាសា។
លោក ស្រ៊ុន លាង គ្រូជម្រើសជាតិកីឡាទូកកម្ពុជាបានប្រាប់ថា៖ «ក្រុមជម្រើសជាតិកីឡាទូកយើង ត្រូវបានដាក់ ហ្វឹកហាត់មួយថ្ងៃ ៥ ម៉ោង គឺព្រឹក ៣ ម៉ោង និងល្ងាចហាត់ ២ ម៉ោង។ ការហ្វឹកហាត់ គឺផ្ដោតលើការរក្សាកម្លាំងកាយ រួមជាមួយបច្ចេកទេសជាមូលដ្ឋាននៃប្រភេទវិញ្ញាសានីមួយៗ ដែលយើងសម្រួចទៅលើវិញ្ញាសា ដែលបានដឹងរួចហើយនៅស៊ីហ្គេមវៀតណាម»។
លោកបានបន្ថែមថា៖ «ក្រៅពីហាត់តាមសម្ភារនៅផ្ទះ យើងមានទីតាំងល្អចំនួន ២ សម្រាប់ហ្វឹកហាត់ គឺនៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅមាត់ទន្លេជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលក្ខណៈអំណោយផលល្អ ហើយពួកគាត់គ្រាន់តែថត ជាវីដេអូឡាយដាក់ចូលទៅក្នុងគ្រុបរបស់គ្រូបង្វឹក ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីបបច្ចេកទេសតាមទូរស័ព្ទតែម្តង»។
លោក ស្រ៊ុន លាង បានឱ្យទៀតថា ការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងទាំងផ្នែកទូកកានូ, ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង តែប្រភេទទូកនាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះវៀតណាម មិនបានដាក់ទេ ហេតុនេះយើងសម្រួចតែ៣ប្រភេទ ក្នុងនោះទូកកានូ មាន៣វិញ្ញាសា C4 (1000M) C2 និង C4 (500M) រីឯទូកកាយ៉ាក់ មាន ៣ វិញ្ញាសាដែរ គឺ K1 K2 (1000M) និង K2 (500M) ចំណែកទូករ៉ូអ៊ីង មាន២វិញ្ញាសារ គឺ M1x1000m និង M2x 1000m។
តែទោះជាយ៉ាងណា វេលាកំណត់ធ្វើតេស្តកម្រិតបច្ចេកទេស ជ្រើសរើសអត្តពលិកទៅចូលរួមប្រកួតនៅស៊ីហ្គេមនោះ នឹងធ្វើឡើងតាមការប្រកួតប្រជែង ដើម្បីយកអ្នកមានបច្ចេកទេសល្អជាងគេ ខណៈដែលពេលនេះ មិនទាន់អាចដឹងថា ជានរណានៅឡើយ។
លោក ស៊ុន លាង បញ្ជាក់ថា៖«កន្លងមក យើងមានប្រៀបគួរសម លើប្រភេទទូកខ្នាតអន្តរជាតិ និងទូកប្រពៃណី ប៉ុន្តែស៊ីហ្គេម ឆ្នាំ ២០២១ នេះ ម្ចាស់ផ្ទះ មិនមានឡើយ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ចំណែកទូក ៣ ប្រភេទខាងលើ និងវិញ្ញាសាចំនួន ៨ នេះ កម្រិតបច្ចេកទេសរបស់ក្រុមជម្រើសជាតិយើង មិននៅក្រោមគេទេ ពោលគឺអាចនឹងប្រកួតប្រជែងជាមួយប្រទេសគេបាន ហើយការហ្វឹកហាត់ជាក់ស្តែងរបស់កីឡាករយើង តាមលក្ខណៈឯកជននេះក៏មិនធ្លាក់ចុះដែរ»៕