ភ្នំពេញ៖ ​ក្រុម​ជម្រើស​ជាតិ​ថ្នាល​ ដែល​មាន​អត្តពលិក​មក​ពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ​៣២ ​ប្រភេទ​នោះ ​ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ អនុញ្ញាត​​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​រួម​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​គ្រប់គ្រង​សហព័ន្ធ​កីឡាជាតិ ប្រកាន់​ខ្ជាប់​នូវ​លក្ខខណ្ឌ​សុវត្ថិភាព​មួយ​ចំនួន ដើម្បី​ធានា​បាន​ថា កន្លែង​ហ្វឹកហាត់​មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូវីដ ១៩ រលកទី ​២ ​ឡើយ។

លោក​ ប៉ុន ​សុខ​ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​យោង​តាម​ការ​ណែនាំ​​របស់​ក្រសួង​អប់រំ យើង​នឹង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ជា​បណ្តើរៗ​នូវ​​ក្រុម​ថ្នាល ​ហើយ​សប្តាហ៍​ក្រោយ​នឹង​មាន​ការ​​ប្រមូល​ផ្តុំ​បាន​ពេញ​លេញ​ ឬ​ច្រើន​សហព័ន្ធ​កីឡា​។​ រីឯ​ក្រុម​ធំ​ជម្រើសជាតិ​​យើង​​រង់ចាំ​សភាពការណ៍ ​ឬ​ក្រសួង​ជំនាញ​ណែនាំ​សិន»​។​

គួរ​រំឭក​ថា ប្រភេទ​កីឡា​ទាំង ​៣២ ​ប្រភេទ ដែល​ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ឆ្នាំ ​២០២០ ​នេះ រួម​មាន​បាល់ទាត់ (U19 និង U16) តេក្វាន់ដូ WT ប៉េតង់ ហែល​ទឹក បាល់បោះ ចំបាប់ អត្តពលកម្ម បាល់​ទះ (ក្នុង​សាល និង​ឆ្នេរ​ខ្សាច់) ប្រដាល់​សកល សីដក់ វាយ​កូន​បាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន គុនដាវ តេក្វាន់ដូ ITF វាយ​កូន​ឃ្លី​លើ​តុ វាយសី សូហ្វតិន្នីស សូរីនហ្សិកាំប៉ូ ទ្រីយ៉ាត្លុង ការ៉ាតេ ទូក​ប្រពៃណី និង​អន្តរជាតិ វ៉ូវីណាម យូដូ គុនល្បុក្កតោ ប្រដាល់​គុន​ខ្មែរ ទូក​ក្តោង វាយ​កូន​គោល កីឡារាំ ជិះ​សេះ និង​កីឡា​ជឺជីតស៊ូ។

ប្រភេទ​កីឡា​ទាំង ​៣២​ ដែល​មាន​កីឡាករ ​២៩០ ​នាក់ និង​កីឡាការិនី ​១០៨ នាក់​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​តាំង​ពី​ថ្ងៃ​ទី ​១ ខែ​មករា ប៉ុន្តែ​​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​សកម្មភាព​ប្រមូល​ផ្តុំ​នោះ ត្រូវ​ផ្អាក រហូត​មាន​ការ​អនុញ្ញាត​ជា​ថ្មី​របស់​ក្រសួង​អប់រំ នៅ​ពេល​នេះ។

លោក​ សុខ ​អាង ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​ក្រុម​អត្តពលិក​ថ្នាល​គុនដាវ​របស់​យើង បាន​ចាប់​ផ្តើម​ហាត់​​វិញ​​ហើយ​ ហើយ​សហព័ន្ធ​កីឡាជាតិ មួយ​ចំនួន​ដូចជា​​​ចំបាប់​ ​​សូហ្វតិន្នីស​ កាយ​សម្ព័ន្ធ ប្រដាល់​គុន​ខ្មែរ និង​កីឡា​វាយសី​ជា​ដើម​ក៏​បាន​ចាប់​ផ្តើម​ហាត់​ជា​បណ្តើរៗ​​ដែរ»។​

ចំណែក​លោក ​ប៊ុយ ​សុភ័ណ្ឌ​ អគ្គ​លេខាធិការ​សហព័ន្ធកីឡា​ប្រដាល់​សកល​កម្ពុជា​​ប្រាប់​​ថា៖ «​ប្រដាល់​សកល​មាន​អត្តពលិក​​ក្រុម​ថ្នាល​ចំនួន ​៨ ​នាក់ ​គឺ​បាន​ចាប់​ផ្តើម​ហើយ​ ​ព្រោះ​ទទួល​បាន​ការ​ណែនាំ​ពី​ក្រសួង។ ជាមួយ​គ្នា​នេះ ​យើង​ចង់​បង្វឹក​ពួក​គាត់ ​ដើម្បី​ឲ្យ​​មាន​សមត្ថភាព​ល្អ​ឡើង​វិញ​ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នានា​ទាំង​ជាតិ ​និង​អន្តរជាតិ​ ​ព្រោះ​កីឡា​ប្រយុទ្ធ​ខកខាន​ប្រកួត​យូរ​មិន​ល្អ​ទេ»​។​

ស្រដៀង​គ្នា​នេះ ​លោក ​ណយ ​ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​​​ឲ្យ​ដឹង​ដែរ​​ថា​៖ «​កីឡា​កាយ​សម្ព័ន្ធ​បាន​ចាប់​ផ្តើម​ហាត់​​ហើយ​ តាម​ការ​អនុញ្ញាត​របស់​ក្រសួង​អប់រំ ​​ដោយ​យើង​អនុវត្ត​តាម​វិធាន​សុវត្ថិភាព។ ​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​កាយ​សម្ព័ន្ធ​មួយ​រយៈ​ពេល​នេះ ​ទោះ​មិន​បាន​ប្រមូល​ផ្តុំ​ហាត់​រួម​​មែន ​តែ​​យើង​បាន​ហាត់​តាម​ផ្ទះ​ និង​គ្រប់គ្រង​មើល​តាម​អនឡាញ​ធ្វើ​ឲ្យ​សកម្មភាព​នៅ​តែ​រក្សា​បាន​ នូវ​កម្រិត​បច្ចេកទេស​​ល្អ»​។

ជាមួយ​គ្នា​នេះ ក្រុម​ចំបាប់​ដែល​មាន​ការ​ហ្វឹកហាត់​សកម្ម​ជាង​គេ ពេល​ឈប់​សម្រាក​នៅ​តាម​ផ្ទះ​នោះ ក៏​បាន​ប្រមូល​ផ្តុំ​ឡើង​វិញ​ដែរ។ លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​ពី​ថ្ងៃ​ចន្ទ​ថា៖​ «​​ក្រុម​ថ្នាល​ចំបាប់​មាន​ ​១៥ នាក់ (ស្រី ​៤ នាក់) ហើយ​យើង​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ក្រុម​ថ្នាល​របស់​យើង បាន​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​តាម​ផ្ទះ អ៊ីចឹង​ការ​ដាក់​ឲ្យ​ប្រមូល​ផ្តុំ​ឡើង​វិញ​នេះ ពួក​គេ​រក្សា​បាន​នូវ​កម្លាំយ​កាយ​ជា​ធម្មតា ប៉ុន្តែ​បច្ចេកទេស​លើ​ទីលាន​បាត់​ច្រើន អ៊ីចឹង​​យើង​ត្រូវ​តែ​ធ្វើ​ការ​ពង្រឹង​ឡើង​វិញ»៕ ​