ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​របស់​លោក ថាង ហ្គោដុន និង CAMSOC បាន​បញ្ជូន​កីឡាករ​ជម្រើសជាតិ ​៣ ​នាក់ និង​គ្រូ​បង្វឹក ​១ នាក់ ឲ្យ​ទៅ​ហ្វឹកហាត់​រយៈពេល ​៣ ខែ នៅ​​ប្រទេស ​ចិន ដើម្បី​ពង្រឹង​សមត្ថភាព​ពួក​គេ​ឲ្យ​បាន​ល្អ​ប្រសើរ ​ត្រៀម​​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

លោក ម៉េង វ៉ាង ទី​ប្រឹក្សា​សហព័ន្ធ​កីឡាទូក​ក្តោង​កម្ពុជា និង​ជា​អ្នក​ដឹកនាំ​ក្រុម​ទូក​ក្តោង ចេញ​​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ​ចិន លើក​នេះ មាន​ការ​រំពឹង​ថា ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ចិន លើ​វិញ្ញាសា​ទូកក្តោង Windsurfing នៅ​ទីក្រុង​សានថូវ រយៈពេល ​៣ ខែ នឹង​ជួយ​​​ឲ្យ​កីឡាករ​កម្ពុជា សូត្រ មេសា, ប៉ាល់ សីលា និង កែវ ភារុណ មាន​សមត្ថភាព​រីក​ចម្រើន ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​បាន នៅ​ស៊ីហ្គេម លើក​នេះ។

លោក ម៉េង វ៉ាង ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី ​២៩ ខែ​សីហា​ថា៖ ​«​នៅ​​លើ​វិញ្ញាសា​ទូក​ក្តោង Windsurfing ​កីឡាករ​របស់​ចិន ធ្លាប់​បាន​ឈ្នះ​មេដាយ​ទាំង​កម្រិត​ពិភព​លោក និងការ​ប្រកួត​អូឡាំពិក ហេតុ​នេះ​​ប្រទេស ​ចិន ជា​កន្លែង​ហ្វឹកហាត់​ដ៏​ល្អ​បំផុត ហើយ​វា​មិនមែន​គ្រប់​ប្រទេស សុទ្ធ​​តែ​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ចិន​នោះ​ទេ ប៉ុន្តែ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​​សហព័ន្ធ​កីឡា​ទូក​ក្តោង​ចិន និង​គ្រូ​បង្វឹក​នៅ​ចិន»។

តំណាង​លោក ថាង ហ្គោដុន ប្រធាន​​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ​រូប​នេះ​បាន​បន្ថែម​ថា​៖ «នៅ​ចិន​ពួក​គេ​ហាត់​ពេញ​ម៉ោង គឺ​តាំង​ពី​ព្រឹក​រហូត​ដល់​​ល្ងាច ហើយ​យើង​​ចង់​ឲ្យ​កីឡាករ​​យើង​ហាត់​ខ្លាំង​បែប​នេះ ព្រោះ​នេះ​ជា​បទពិសោធ​ដ៏​ល្អ។ ម្យ៉ាង​ទៀត​ការ​​ហ្វឹកហាត់​ជាមួយ​កីឡាករ​មាន​​បទពិសោធ និង​គ្រូ​ដ៏​មាន​ជំនាញ​របស់​ចិន វា​នឹង​ជួយ​ឲ្យ​ក្រុម​កីឡាករ​របស់​យើង​មាន​សមត្ថភាព​រីក​ចម្រើន»។

លោក ម៉េង វ៉ាង បាន​បញ្ជាក់​ថា៖ ​«បើ​ទោះ​បីជា​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម លើក​ដំបូង កាល​ពី​ឆ្នាំ ​២០១៧ កីឡាករ​របស់​​យើង ធ្វើ​មិន​បាន​ល្អ ដោយ​សារ​ពេល​នោះ ពួក​គេ​នៅ​មាន​បទពិសោធ​ខ្ចី ប៉ុន្តែ​តាមរយៈ​ការ​ទៅ​ហ្វឹកហាត់​ខ្លាំង នៅ​ប្រទេស ​ចិន ​លើក​នេះ ​ខ្ញុំ​សង្ឃឹម​ថា ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន លើក​នេះ យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន គឺ​កីឡាករ​របស់​​យើង​នឹង​មាន​សមត្ថភាព​​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​​យ៉ាង​ស្វិតស្វាញ​ជា​មិន​ខាន»។

ចំណែក​លោក សោម សុទ្ធរិទ្ធិពង្ស ជា​គ្រូ​បង្វឹក​កីឡាទូក​ក្តោង​កម្ពុជា បាន​ប្រាប់​ នៅ​ព្រលាន​យន្តហោះ​នោះ​បន្ថែម​ថា៖ ​«​នៅ​ក្នុង​អំឡុង​ពេល​​ហ្វឹកហាត់​រយៈពេល ​៣ ​ខែ នៅ​​ទីក្រុង​សានថូវ ប្រទេស ​ចិន នេះ ក្រុម​កីឡាករ​របស់​យើង ក៏​នឹង​ចូលរួម​ការ​ប្រកួត​កម្រិត​អាស៊ី​មួយ ដែល​មាន​ ២០ ទៅ ​៣០ ​ប្រទេស ចូលរួម​នៅ​ទី​នោះ​ក្នុង​ខែ​តុលា​ផង​ដែរ ហើយ​ខ្ញុំ​រំពឹង​ថា កីឡាករ​របស់​​យើង​នឹង​ធ្វើ​បាន​ល្អ ព្រម​ទាំង​ទទួល​បាន​បទពិសោធ​កាន់​តែ​ច្រើន​ សម្រាប់​ពង្រឹង​សមត្ថភាព​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​កីឡាស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០១៩ ​នេះ»។

ជាមួយ​គ្នា​នេះ កីឡាករ សូត្រ មេសា ដែល​ធ្លាប់​មាន​បទពិសោធ​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០១៧ និង​ការ​ប្រកួត​កីឡា​អាស៊ី នៅ​ប្រទេស​ ឥណ្ឌូនេស៊ី នោះ មាន​ការ​ប្តេជ្ញា​ចិត្ត​ថា៖​ «កាល​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី ខ្ញុំ​ទទួល​បាន​ចំណាត់​ថ្នាក់​ក្រោយ​គេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​ ​បង្កើន​​សមត្ថភាព​ខ្លួន​ឯង សម្រាប់​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ចិន​លើក​នេះ ដើម្បី​​ដណ្តើម​​យក​​ជ័យជម្នះ ជូន​ប្រទេស​ជាតិ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ»៕