ភ្នំពេញៈ ​ក្រុម​ក្រសួងការពារ​ជាតិ (ទ័ព) ​បាន​​មើល​​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួនកា​ន់​តែ​ច្បាស់ បន្ទាប់​ពី​ពួក​គេ បាន​បន្ត​ចាញ់​​គូ​សត្រូវ​ចាស់ គឺ​ក្រុម​បឹងកេត ២-០ កាល​ពី​ថ្ងៃសៅរ៍ ហើយ​លទ្ធផល​​នេះ​​ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក ​២ ​​សម័យ​កាល​មួយ​នេះ ធ្លាក់​ពី​តំបន់​កំពូល​តារាង​ទាំង​ ៤ (Top4) ផងដែរ ប៉ុន្តែ​ក្រុម​វិសាខា បាន​​ឡើង​មក​ Top4 វិញ​ហើយ។​

យ៉ាង​ណា​ក៏​ដោយ លោក ភា សុភ័ក្ត្រា គ្រូ​បង្វឹក​ក្រុម​ទ័ព ​មិន​បាន​បង្ហាញ​ការ​ឈឺចាប់ ចំពោះ​​ការ​ធ្លាក់​ចេញ​​ពី​តំបន់ Top4 នេះ​ទេ ប៉ុន្តែ​លោក​​បាន​ស្តោក​ស្តាយ​ទៅ​លើ​ការ​គ្រប់​គ្រង​ឱកាស​មិន​បាន​ល្អ។ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​​ពី​ម្សិល​មិញ​ថា៖​ «​យើង​ចង់​បាន​គ្រាប់​​បាល់​ពេក ទើប​ធ្វើ​ឲ្យ​ភ្លាត់​ប៉ិន​គេ​វិញ។ យើង​មាន​ឱកាស​​ច្រើនគួរ​សម​ដែរ ប៉ុន្តែ​យើង​ធ្វើ​មិនបាន​សម្រេច ព្រោះ​ការ​បញ្ចប់​ទី​របស់​យើង នៅ​អន់​ពេក»។

​តាម​រយៈ​ការ​ប្រកួត នៅ​ពហុកីឡ​ដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ក្រុម​ទ័ព ​មាន​ភាគ​រយ​ច្រើន​ទាំង​ការ​​គ្រប់​គ្រង​បាល់ និង​​ការ​បង្កើត​ឱកាស​នៅ​មុខ​ទី​​​ក្រុម​បឹងកេត ប៉ុន្តែពួក​គេ មិន​អាច​រក​​បាន​គ្រាប់​បាល់​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ខ្សែ​ប្រយុទ្ធ Maycon និង Julius បាន​សហការ​គ្នា​យ៉ាង​ល្អ ដើម្បីសម្រេច​ឱកាស​​ឲ្យ​​បឹង​កេត ឈ្នះ ទ័ព ២-០ លើក​នេះ ដោយ​ក្នុង​នោះ Julius រក​បាន​គ្រាប់​បាល់​ទី ​១ នៅ​នាទីទី​ ៧១ ហើយ Maycon បាន​បន្ថែម ​១ ​គ្រាប់​ទៀត នៅនាទីទី​ ៧៤។

លទ្ធផល​នេះ​បាន ​បង្ហាញ​ឲ្យ​ឃើញ​ថា ទ័ព នៅ​តែ​មិន​អាច​សង​សឹក​ទៅ​លើ​​ក្រុម​បឹង​កេត ​បាន​ដដែល ព្រោះ​ការ​ប្រកួត​២រដូវ​កាល​ចុង​ក្រោយ​នេះ ទ័ព បាន​ត្រឹមលេខ​ ២ ក្រោម​ក្រុម​​បឹង​កេត ​រហូត ហើយ​ការ​ឈឺចាប់ ដែល​ក្រុម​ទ័ព មិន​អាច​ភ្លេច​បាន​នោះ គឺ​ការ​ចាញ់​បឹង​កេត ១០-៩ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី ក្នុង​​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ​២០១៧ ខណៈ​ក្រុម​ទាំង ​២ ​បាន​ស្មើ​គ្នា ១-១ នោះ។

ជុំ​វិញ​ការ​ប្រជែង​គ្នានៅ​ឆ្នាំនេះ លោក ភា សុភ័ក្ត្រា បាន​បន្ថែម​ថា៖​ «ការ​ប្រកួត​ទើបតែបាន​​ចាប់​ផ្តើម​ដែរ​ទេ ហេតុ​នេះយើង​នៅមិន​ទាន់​បាត់​បង់ឱកាស ក្នុងការ​ប្រជែង​ឡើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ ការ​ទទួល​បាន​លេខ ​៣ ​លេខ ​២ ឬ​ Top4 វា​គ្មាន​ន័យ​នោះ​ទេ ​គឺ​​មាន​តែ​ប្រជែង​យកចំណាត់​ថ្នាក់​​​លេខ ​១ ប៉ុណ្ណោះ ទើប​យើង​មានឱកាស​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា នៅ​ក្រៅ​ប្រទេស អ៊ីចឹង​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​បន្ថែម​ទៀត»។

ជាមួយនឹង​ការដាក់​ទិសដៅ ក្នុង​ការ​ប្រជែង​យក​លេខ ​១ ​នេះ គ្រូ​បង្វឹក​វ័យ​ក្មេង សុភ័ក្ត្រា ដែល​ទើប​ឡើង​មក​កាន់តួនាទី​ជា​​គ្រូ​បង្គោល ​ជំនួស​លោក ទេព ឡុងរចនា នោះគ្រោង​នឹង​ពង្រឹង​នូវ​​ចំណុច​ខ្វះ​ខាត​ចំនួន ​ ៣​ ធំៗ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ទ័ព ​មាន​កម្រិត​លេង​បាន​ប្រសើរជាង​ពេល​បច្ចុប្បន្ន ខណៈ​ពេល​នេះ​ទ័ព ទើប​មាន​ ​៩ ពិន្ទុ​ ដោយ​ឈ្នះ ​៣ និង​ចាញ់ ​២ ​ដង តែ​បឹង​កេត មាន ​១៣ ​ពិន្ទុ ដោយ​ឈ្នះ ​៤ និងស្មើ ​១ ​ប្រកួត។

លោក​បញ្ជាក់​ថា៖«​ក្រោយការ​ប្រកួត​នេះ យើង​ត្រូវ​​លើក​ទឹក​ចិត្ត និងស្មារតី​ក្រុម​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ បន្ថែម​លើ​នេះ យើង​​ត្រូវ​បង្កើន​កម្រិត​សមត្ថ​ភាព​បច្ចេក​ទេស ព្រោះ​បច្ចេក​ទេស​ទាំង​ផ្នែក​ការពារ និង​ប្រយុទ្ធ ហាក់​ដូច​ជា​ធ្វើ​មិន​ទាន់​បាន​ល្អ ដែល​ត្រូវ​តែ​បន្ថែម ហើយ​មួយ​ទៀត​គឺ​ការ​បញ្ចប់​ទី ដែល​​យើង​នៅអត់​មែន​ទែន»។

ចំណែក​​​ក្រុម​វិសាខា ដែល​បាន​ធ្លាក់​ពី​លេខ​ ២ ទៅ​ឈរ​នៅ​​លេខ​ ៥ កាល​ពី​សប្តាហ៍​ទី ​៤ ក្រោយ​ភ្លាត់​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ២-០ នោះ បាន​ឡើង​មក​ឈរ​នៅ​​តំបន់ Top4 វិញ​ហើយ ខណៈ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​វេស្ទើន ៣-០ កាល​ពី​ថ្ងៃសៅរ៍​នោះ​ដែរ ដើម្បី​មាន​ ១០ ​ពិន្ទុស្មើ​ជាមួយ​ក្រុម​ប៉ូលិស ដែល​បាន​យក​ឈ្នះ​ក្រុម​សូល​ទីឡូអង្គរ ២-១ កាល​ពី​ថ្ងៃសៅរ៍​នោះ​ដូច​គ្នា៕