ភ្នំពេញ: ក្រុមម្ចាស់ជើងឯកណាហ្គាវើល និងក្រសួងការពារជាតិ (ទ័ព) ដែលជាគូប្រកួតយ៉ាងស្រួចស្រាល់កាលពីរដូវកាលឆ្នាំ ២០១៨ នោះបានបង្ហាញការបារម្ភរៀងៗខ្លួនសម្រាប់ការវិលមកជួបគ្នាជាថ្មីនៅថ្ងៃសៅរ៍ ប៉ុន្តែក្រុម វិសាខា បានត្រៀមរួចរាល់សម្រាប់ស្វាគមន៍ក្រុមគិរីវង់សុខសែនជ័យដែលកំពុងឈរនៅកំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ នេះ។
បើទោះបីជាការប្រកួតបើកឆាកកន្លងមកនេះក្រុម ណាហ្គាវើល បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ ដើម្បីទទួលបាន ៣ ពិន្ទុ ហើយក្រុមទ័ពបានត្រឹម ១ ពិន្ទុពីការស្មើជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ ប៉ុន្តែ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានមើលឃើញថា ទ័ពមានទម្រង់លេងកាន់តែល្អ សម្រាប់ការប្រកួតរដូវកាលថ្មីនេះ។
លោក មាស ចាន់ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ក្រុមទ័ពនៅឆ្នាំរដូវកាលនេះមិនធម្មតាទេគឺពួកគេខ្លាំង អ៊ីចឹងជំនួបលើកនេះ វានឹងមានភាពតានតឹងខ្លាំងហើយការទាមទាររក ៣ ពិន្ទុបន្ថែមគឺមានការលំបាក ប៉ុន្តែយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត»។
ចំណែកលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ពក៏បានមើលឃើញថាក្រុមណាហ្គាវើលមានទម្រង់លេងល្អផងដែរ ស្របពេលដែលក្រុមទ័ពរបស់លោកកំពុងមានភាពស្រពេចស្រពិលលើបញ្ហារបួសកីឡាករសំខាន់ៗមួយចំនួន។ លោកបាននិយាយថា៖ «នៅសប្តាហ៍នេះគឺជាការប្រកួតកាន់តែតានតឹងបំផុត ដោយសារយើងត្រូវប៉ះក្រុមខ្លាំងដែលមានតុល្យភាពទាំងការពារ និងប្រយុទ្ធ»។
លោកបានបន្ថែមថា៖ «បន្ថែមលើនេះណាហ្គាវើលមានចំណុចខ្លាំងនៅលើបាល់រៀបចំ ទាំងហ្វ្រីឃីក និងបាល់ជ្រុង ហើយនេះជាហេតុផលដែលទ័ពត្រូវត្រៀមខ្លួនឲ្យបានខ្លាំងបំផុតក្នុងការសម្រួចសមត្ថភាពជាងគិតទៅលើតាក់ទិច ព្រោះអ្វីដែលយើងមានគឺបានអនុវត្តជាមួយក្រុមអង្គរថាយហ្គឺរទៅតាមផែនការរួចហើយនៅឡើយតែប្រសិទ្ធភាព»។
ដោយឡែកក្រុមវិសាខាដែលបានជួបការមិនសប្បាយចិត្ត ដោយសារបានត្រឹមស្មើក្រុម សូលទីឡូអង្គរ ០-០ កាលប្រកួតបើកឆាកនោះហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការជួបក្រុមគិរីវង់នៅថ្ងៃសៅរ៍។ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បាននិយាយថា៖ «ការប្រកួតលើកទី ២ នេះយើងត្រៀមបានច្រើនហើយយើងបានរៀបចំអ្វីដែលថ្មី សម្រាប់ជួបក្រុមគិរីវង់ ដើម្បីបង្កើននូវចង្វាក់លេងរបស់យើងឲ្យបានល្អជាងការប្រកួតលើកទី ១»។
ទាក់ទងទៅនឹងតារាងចំណាត់ថ្នាក់ដែលក្រុមគិរីវង់កំពុងឈរនៅលេខ ១ នោះលោក សុជីវ័ន បានបញ្ជាក់ថា៖ «វាមិនមានបញ្ហាអ្វីនោះទេ ចំពោះក្រុមឈ្នះនៅកំពូលតារាង និងក្រុមឈរនៅបាតតារាង ព្រោះយើងទើបតែប្រកួតបាន ១ លើកទេ អ៊ីចឹងយើងនៅមិនទាន់ដឹងថា អ្នកណាខ្លាំង អ្នកណាដាច់ជាងអ្នកណានោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺខ្លួនយើងត្រូវរៀបចំក្រុមឲ្យបានល្អ ដើម្បីលេងជាមួយគេ ព្រោះរដូវកាលនេះខ្ញុំជឿជាក់ថាគ្មានក្រុមណា ១ ប្រាកដថាខ្លួនឯងឈ្នះរាល់ការប្រកួតទេ»។
ចំណែកគ្រូបង្វឹកលោក ផាន់ ចាន់ផាត ដែលបានដឹកនាំក្រុមគិរីវង់យកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-១ ដើម្បីឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ននោះបាននិយាយថា៖ «យើងអាចនឹងមានការលំបាកក្នុងការការពារទីតាំងមួយនេះ ព្រោះ វិសាខា ជាក្រុមខ្លាំងសម្បូរទៅដោយធនធានកីឡា ប៉ុន្តែការប្រកួតយើងមិនអាចព្យាករមុនបានទេ អ៊ីចឹងយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
- ប៉ូលិស v អាស៊ីអឺរ៉ុប កីឡដ្ឋានអគ្គិសនី ១៥:៣០
- វិសាខា v គិរីវង់ កីឡដ្ឋានវិសាខា ១៨:០០
- ណាហ្គាវើល v ទ័ព កីឡដ្ឋានស្តាតចាស់ ១៨:០០
៤ ប្រកួតនៅថ្ងៃអាទិត្យ
-សូលទីឡូអង្គរ v ព្រះខ័នរាជស្វាយរៀង កីឡ.សៀមរាប ១៥:៣០
-សាលាបាល់ទាត់ជាតិបាទី v ភ្នំពេញក្រោន សាលាកីឡាបាល់ទាត់ជាតិបាទី ១៥:៣០
-ខេត្តកំពង់ចាម v អង្គរថាយហ្គឺរ វិ.ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ១៥:៣០
-អគ្គិសនីកម្ពុជា v បឹងកេត កីឡ.អគ្គិសនីកម្ពុជា ១៥:៣០
លោក ភា សុភ័ក្ត្រា បានសម្លឹងកូនក្រុមលោក រឹង ប៊ុនហៀង ប្រជែងយកបាល់នឹង គួច សុកុម្ភៈ របស់ណាហ្គា។