ភ្នំពេញៈ ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា កំពុងតែស្ថិតនៅក្នុងភាពស្រពេចស្រពិល ក្នុងការទទួលបានឱកាស ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតវគ្គជម្រុះកីឡាបាល់ទះអង្គុយជនពិការ ជើងឯកពិភពលោក ឆ្នាំ ២០១៨ បន្ទាប់ពីក្រុមមួយនេះ បានចាញ់ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ៣ សិតដាច់ កាលពីព្រឹកថ្ងៃពុធនេះ។
ការយកឈ្នះក្រុមអ៊ីតាលី ៣-០ ក្នុងការប្រកួតបើកឆាក កាលពីអង្គារម្សិលមិញ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា សម្រាប់ការប្រកួតលើកទី ២ ជាមួយក្រុមកូរ៉េខាងត្បូង ដើម្បីរក្សាតំបន់កំពូលតារាងប្រចាំពូល A របស់ខ្លួន។
ប៉ុន្តែកម្ពុជា មិនអាចយកឈ្នះក្រុមម្ចាស់ផ្ទះ ដែលមានប្រៀបជាងខ្លួន ទាំងបច្ចេកទេសលេង និងកាយសម្បទានោះទេ។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធនេះ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានចាញ់ក្រុមកូរ៉េខាងត្បូង៣សិតដាច់តែម្តង (៣-០) ជាមួយគ្រាប់បាល់ ២៥-១៨ ២៥-១៥ និង ២៥-២៣។ ចំណែកក្រុមបាល់ទះអង្គុយរបស់ប្រទេសឡេតូនី បានយកឈ្នះក្រុមអ៊ីតាលី ៣-០ កាលពីព្រឹកមិញនេះដែរ។
ជាមួយលទ្ធផលនេះ ក្រុមកូរ៉េខាងត្បូង បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំពូល A ដោយស្វ័យប្រវត្តិ បើទោះបីជាពួកគេ នៅសល់ការប្រកួតចុងក្រោយជាមួយក្រុមអ៊ីតាលី ក៏ដោយ ព្រោះការឈ្នះ២ប្រកួតជាប់ៗគ្នា វាគ្រប់គ្រាន់សម្រាប់ក្រុមម្ចាស់ផ្ទះមួយនេះ ឡើងទៅវគ្គបន្តហើយ។
ផ្ទុយពីនេះក្រុមកម្ពុជា កំពុងតែស្ថិតនៅក្នុងភាពមិនប្រាកដ សម្រាប់ការទទួលបានឱកាស ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះការប្រកួតជម្រុះលើកទី ៣ ចុងក្រោយប្រចាំពូលAនេះ នៅថ្ងៃព្រហស្បតិ៍ ក្រុមកម្ពុជា ត្រូវជួបក្រុមឡេតូនី ដែលបានឈ្នះ ១ និងចាញ់ ១ ប្រកួតដូចគ្នា អ៊ីចឹងរវាងក្រុមទាំង ២ នេះ ក្រុមណាឈ្នះ នឹងត្រូវដឹកនាំក្រុមកូរ៉េខាងត្បូង ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមឈ្នះចំនួន ២ មកពូល B ។
បើតាមលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា (NPCC) បានប្រាប់មកពីប្រទេសកូរ៉េខាងត្បូងមកថា ក្រុមបាល់ទះអង្គុយជនពិការរបស់ប្រទេសកុងហ្គោ បានដកខ្លួនចេញពីការប្រកួតប្រចាំពូលB ហើយ ដែលធ្វើឲ្យពូលនេះ នៅសល់ត្រឹម៣ប្រទេសប៉ុណ្ណោះ រួមមានថៃ ម៉ុងហ្គោលី និងក្រូអាស៊ី។
ជាមួយការដកខ្លួនរបស់ប្រទេសកុងហ្គោនេះ បានធ្វើឲ្យក្រុមថៃ ដែលបានយកឈ្នះម៉ុងហ្គាលី ៣-០ កាលពីថ្ងៃអង្គារ ម្សិលមិញ មានឱកាសខ្ពស់បំផុត ក្នុងការបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីជាពួកគេ បានចាញ់ក្រុមក្រូអាស៊ី ៣-០ ក្នុងការប្រកួតលើកទី២ មុននេះបន្តិចក៏ដោយ ព្រោះក្រុមម៉ុងហ្គោលី ត្រូវបានគេមើលឃើញថា ប្រហែលជាមិនអាចយកឈ្នះក្រុមក្រូអាស៊ី ដើម្បីបញ្ចប់ការប្រកួតទាំង២លើក ជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចក្រុមថៃ នោះទេ៕