ភ្នំពេញៈ ក្រុមម្ចាស់ជើងឯកបឹងកេត និងក្រុមជើងឯករង ក្រសួងការពារជាតិ (ទ័ព) សុទ្ធបានបង្ហាញពីក្តីបារម្ភទៅលើបញ្ហាកម្លាំង ដែលកើតចេញពីការត្រៀមខ្លួនមិនបានល្អ និងបញ្ហាកីឡាកររបួស សម្រាប់ការវិលមកជួបគ្នា ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈណាហ្គាវើល ត្រូវការឈ្នះក្រុមអាស៊ីអឺរ៉ុប ដើម្បីរក្សាទីតាំងកំពូលតារាងរបស់ខ្លួន។
តាមរយៈការប្រកួត៤លើកកន្លងមកនេះ បឹងកេត កំពុងឈរនៅលេខរៀងទី២ មាន១០ពិន្ទុ លើសក្រុមទ័ព ដែលឈរនៅលេខ៣តែ ១ ពិន្ទុប៉ុណ្ណោះ។ ហេតុនេះការវិលមកជួបគ្នា នៅល្ងាចថ្ងៃសៅរ៍នេះ គឺជាការប្រកួតដ៏សំខាន់ ដើម្បីរក្សាខ្លួននៅតំបន់កំពូលតារាងទាំង ៤ (Top4) ព្រោះក្រុមណាចាញ់ អាចខ្ទាត់ចេញពីតំបន់នេះបាន ពិសេសក្រុមទ័ព ដ្បិតអីក្រុមប៉ូលិស វិសាខា និងភ្នំពេញក្រោន ដែលមាន៧ពិន្ទុដូចគ្នា សុទ្ធតែមានអាទិភាព ក្នុងការដណ្តើមយកទីតាំងរបស់ពួកគេ។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានប្រាប់មុននេះបន្តិចថា៖«ការប្រកួតនេះ យើងមានផលលំបាកមែនទែន ព្រោះយើងត្រៀមខ្លួនមិនសូវបានល្អទេ ដោយសារតែទើបត្រឡប់មកពីចូលឆ្នាំ គឺយើងហាត់បានពេញតែថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុណ្ណោះ ដែលធ្វើឲ្យកម្លាំងកាយសម្បទារបស់កីឡាករ មិនទាន់បានពេញល្អនោះទេ ហើយកីឡាករ ឈិន ឈឿន និង ខែក ខេមរិន្ទ ក៏មានរបួសទៅទៀត»។
លោកបានបន្ថែមថា៖«បើយើងមិនមានកម្លាំងគ្រប់គ្រាន់បែបនេះ គឺយើងមានតែរៀបចំតាក់ទិកការលេង ប្រែប្រួលទៅតាមស្ថានភាព ដោយយើងនឹងទម្លាក់មកលេងបែបការពារ នឹងវាយបកទៅវិញ ដោយពឹងផ្នែកទៅលើកីឡាករចំណូលថ្មីលេខ ១០ Song Chi-hun និងប្រធានក្រុម រ៉ឹង ប៊ុនហៀង។ យើងមិនទាន់សង្ឃឹមដល់ឈ្នះបឹងកេត នោះទេ ប៉ុន្តែយ៉ាងហោចណាស់ យើងនឹងត្រៀមរៀបចំប្រព័ន្ធលេងការពារជាក្រុម ដើម្បីទាមទារឲ្យបានស្មើដែរ»។
ស្រដៀងគ្នានេះដែរ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត កំពុងមានកង្វល់ទៅលើបញ្ហាកម្លាំងផងដែរ សម្រាប់ការជួបក្រុមទ័ព លើកនេះ ព្រោះខ្សែការពាររបស់លោក មានរបួសស្ទើរទាំងអស់។ លោកបានប្រាប់មុននេះដែរថា៖ «នេះជាការប្រកួតដ៏សំខាន់មួយ ប៉ុន្តែមកដល់ពេលនេះ ការរៀបចំរបស់យើង មិនសូវបានល្អទេ ព្រោះយើងទើបឈប់សម្រាកក្នុងបុណ្យចូលឆ្នាំ ហើយអ្វីដែលជាបញ្ហាធំនោះគឺខ្សែការពាររបស់យើងរបួសសឹងតែទាំងអស់ទៅហើយ»។
តាមលោក ហៅ សុជាតិ គឺខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី និង ទូច បញ្ចុរ៉ុង មានសង្ឃឹមត្រឹម៥០ភាគរយ ដែលអាចចូលលេងបាន ចំណែក ខៀវ វិបុល និង សេត រ៉ូហ្ស៊ីប ដែលមានរបួសដែរនោះ អាចមានសង្ឃឹមចូលលេងបាន ប៉ុន្តែតំបន់ខ្សែបម្រើ និងប្រយុទ្ធ មិនមានកីឡាកររបួស ដែលជាបញ្ហាចោទនោះទេ។
លោក ហៅ សុជាតិ បានបន្ថែមថា៖«យើងបារម្ភបំផុត គឺតំបន់ការពារ ព្រោះខ្សែប្រយុទ្ធរបស់គេ អាចនឹងឆ្លៀតឱកាសរកបានគ្រាប់បាល់។ ហេតុនេះយើងមិនទាន់អាចព្យាករណ៍ពីលទ្ធផលទុកមុនបាននោះទេ ប៉ុន្តែយើងនឹងព្យាយាមរៀបចំ និងលេងឲ្យអស់ពីសមត្ថភាព ព្រោះនេះជាការប្រកួតដ៏សំខាន់ ដើម្បីការពារតំណែងរបស់យើង នៅតំបន់ Top4»។
ចំណែកក្រុមណាហ្គាវើល ដែលកំពុងឈរនៅកំពូលតារាង ដោយមាន១០ពិន្ទុនោះ នឹងត្រូវជួបក្រុមអាស៊ីអឺរ៉ុប។ បើទោះបីជា ណាហ្គាវើល មានទម្រង់លេងបានល្អ នឹងអាចយកឈ្នះក្រុមភ្នំពេញក្រោន ១-០ ប៉ុន្តែជ័យជម្នះរបស់ក្រុមអាស៊ីអឺរ៉ុប ២-០ លើក្រុមខ្លាំង វិសាខា កាលពីថ្ងៃទី៧ ខែមេសា បានធ្វើឲ្យជំនួបរវាងក្រុមទាំង២ ស្ថិតក្នុងភាពស្រពេចស្រពិល ក្នុងការព្យាករណ៍លទ្ធផលដូចគ្នា៕
កម្មវិធី៣ប្រកួត ដែលធ្វើនៅថ្ងៃសៅរ៍
- វេស្ទើន v វិសាខា នៅកីឡដ្ឋានវេស្ទើន ម៉ោង ៣:០០
- ក្រុមប៉ូលិស v សូលទីឡូអង្គរ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣:៣០
- បឹងកេត v ក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០
៣ប្រកួត ដែលត្រូវធ្វើនៅថ្ងៃអាទិត្យ
- ព្រះខ័នរាជស្វាយរៀង v ភ្នំពេញក្រោន នៅកីឡដ្ឋានស្វាយរៀង ម៉ោង ៦:០០
- អង្គរថាយហ្គឺរ v អគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣:០០
- ណាហ្គាវើល v អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០