ភ្នំពេញៈ បន្ថែមទៅលើការឈ្នះបានពាន ២ លើវិញ្ញាសាវាយគូនារី និង ១ នាក់ទល់ ១ នាក់នារី ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកឆ្នើមពិភពលោក ជាលក្ខណៈជម្រើសទ្វីបឈ្មោះថា Trophee L’Equipe 2018 ដែលកំពុងធ្វើនៅប្រទេសបារាំងនោះ គឺក្រុមអត្តពលិកប៉េតង់កម្ពុជា នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានធំ លើវិញ្ញាសាជាក្រុម ទាំងក្រុមបុរស និងក្រុមនារី តែម្តង។
បើតាមកីឡាការិនី អ៊ុំ ចន្ទ្រា ដែលបានទៅចូលរួមការប្រកួត Trophee L’Equipe នេះផ្ទាល់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ មុននេះបន្តិចថា ការឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើការប្រកួតដណ្តើមពានធំលើវិញ្ញាសាជាក្រុមនេះ គឺបន្ទាប់បីក្រុមបុរសកម្ពុជា បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះបារាំង (ក្រុម ១) ១៣-១២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែមទៅលើការទម្លាក់ក្រុមបារាំង (ក្រុម២) ក្នុងវគ្គ៨ក្រុមចុងក្រោយ ជាមួយលទ្ធផល ១៣-៤។
ចំណែកក្រុមនារីកម្ពុជា ដែលមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា នោះ បានយកឈ្នះក្រុមនារីរបស់ថៃ ក្នុងលទ្ធផល ១៣-១២ ដូចគ្នា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរសៀលម៉ោង ៤ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យនេះ ហើយនៅពេលនេះក្រុមតំណាងឲ្យកម្ពុជាទាំង ២ កំពុងរង់ចាំគូប្រកួត ដែលត្រូវជួបនៅវគ្គផ្តាច់ព្រ័ត្រ ខណៈវគ្គនេះ អាចនឹងត្រូវធ្វើឡើង នៅយប់ម៉ោង ៧ ឬម៉ោង ៨ ថ្ងៃអាទិត្យនេះ។
សូមរំឭកថា នៅមុនការប្រកួតវិញ្ញាសាជាក្រុម ៣ នាក់ទល់ ៣ នាក់នាក់នេះ កម្ពុជាយើង បានឈ្នះពានចំនួន ២ ហើយ គឺពានការប្រកួតវាយគូនារី ដែលដណ្តើមបានដោយវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ រួមទាំងពានការប្រកួត១ នាក់ទល់ ១ នាក់ ដែលដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា។ ចំណែកវិរកីឡាករ សុខ ច័ន្ទមាន បានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត ១ នាក់ទល់ ១ នាក់បុរស ក្រោយចាញ់កីឡាករថៃ នៅវគ្គផ្តាច់ព្រ័ត្រ រីឯការប្រកួតវាយគូបុរស គឺកម្ពុជា បានធ្លាក់ក្នុងវគ្គជម្រុះ។
គួរបញ្ជាក់ថា ការប្រកួតប៉េតង់ដណ្តើមពាន Trophee L’Equipe 2018 នេះ គឺជាការប្រកួត ដែលសម្រិតសម្រាំងយកតែប្រទេស ធ្លាប់ឈ្នះជើងឯកការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក មកប្រកួតប៉ុណ្ណោះ ក្នុងនោះមាន៧ប្រទេសមកពី៣ទ្វីបផ្សេងគ្នា។ ក្រុមទ្វីបអាស៊ី តំណាងដោយកម្ពុជា និងថៃ ក្រុមមកពីទ្វីបអាហ្វ្រិកមានម៉ាដាហ្គាស្កា និងទុយនីស៊ី រីឯក្រុមមកពីទ្វីបអឺរ៉ុប មានម្ចាស់ផ្ទះបារាំង (មាន២ក្រុម) ដាណឺម៉ាក និងអ៊ីតាលី៕