ភ្នំពេញៈ អាចចាត់ទុកថាជាសកម្មភាពថ្មីមួយនៅក្នុងឆ្នាំ ២០១៩ ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានស្វះស្វែងរកបានប្រាក់ឧបត្ថម្ភគាំទ្រ ដើម្បីទទួលបានឱកាសនាំអត្តពលិកចេញទៅចូលរួមការប្រកួតក្នុងកម្មវិធីលក្ខណៈអន្តរជាតិលំដាប់ទ្វីប ខណៈកន្លងមកបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធានសហព័ន្ធដែលដឹកនាំតាំងពីឆ្នាំ ២០១៧ តែគ្មានសកម្មភាពប្រកួត និងបាត់មុខនៅអាស៊ាន។
លោក ប៊ុយ សុភ័ណ្ឌ មន្ត្រីជំនាញកីឡានៅ NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «សហព័ន្ធនឹងបញ្ជូនក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជាចំនួន ៧ នាក់ឲ្យទៅចូលរួមការប្រកួត កីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស-នារី ប្រចាំឆ្នាំ ២០១៩ (Asian Elite Men & Women Boxing Championships 2019) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ដល់ទី ២៧ ខែមេសា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ»។
លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុកការបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសលើកនេះថាជាសកម្មភាពដែលសហព័ន្ធបានប្រឹងប្រែងយកចិត្តទុកដាក់ខ្លាំង ដោយកន្លងមកមានវគ្គបណ្តុះបណ្តាល និងស្វែងរកដៃគូសហការព្រមទាំងស្វែងរកលុយ ដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិ។ ចំណែកការចំណាយលើការចូលរួមប្រកួតរួមមានការហូបចុក ស្នាក់នៅ និងបង់សិទ្ធិចូលរួមប្រកួតលើកនេះដែលត្រូវចំណាយសរុបជិត ១ ម៉ឺនដុល្លារអាមេរិកគឺត្រូវបានសមាគមកីឡាប្រដាល់សកលប្រទេសថៃជាអ្នកធានារ៉ាប់រងទាំងស្រុងតាមការស្នើសុំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
ចំពោះចំនួនអត្តពលិក និងប្រតិភូកីឡាប្រដាល់សកលកម្ពុជាត្រៀមចេញទៅនៅថ្ងៃខាងមុខនេះរួមមានកីឡាករ ៥ នាក់ កីឡារិនី ២ នាក់ គ្រូបង្វឹក ៣ នាក់ តំណាងក្រសួងអប់រំ យុវជន និងកីឡា ១ នាក់ និងប្រធានប្រតិភូ ១ នាក់ដែលដឹកនាំដោយលោក ប៊ុយ សុភ័ណ្ឌ តែម្តង ខណៈដែលព្រឹត្តិការណ៍ប្រកួតនេះកាលពីឆ្នាំមុនធ្វើនៅប្រទេសវៀតណាម ហើយកម្ពុជាបានបញ្ជូនតែផ្នែកស្ត្រីទៅចូលរួមប៉ុណ្ណោះ ប៉ុន្តែមិនបានលទ្ធផលល្អទេ។
លោក សោភ័ណ្ឌ បានឲ្យដឹងទៀតថា៖ «នៅក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស-នារី ប្រចាំឆ្នាំ ២០១៩ នេះសហព័ន្ធកីឡាប្រដាល់សកលអាស៊ីក៏នឹងរៀបចំ មហាសន្និបាត សហព័ន្ធកីឡាប្រដាល់សកលអាស៊ីនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកផងដែរ ដើម្បីបោះឆ្នោតធ្វើការជ្រើសរើសអនុប្រធានចំនួន ៤ រូប និងសមាជិកប្រតិបត្តិ ១០ រូប។ ជាមួយគ្នានេះខ្ញុំក៏នឹងឈរឈ្មោះជាបេក្ខភាពសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលអាស៊ីផងដែរដើម្បីឲ្យសមាជិកអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើស ព្រោះកន្លងមកកម្ពុជាមិនធ្លាប់មានវត្តមាននោះឡើយ»។
គួរបញ្ជាក់ថាអត្តពលិកប្រដាល់សកលទាំង ៧ នាក់ដែលត្រៀមទៅប្រកួតនៅថៃនោះមានកីឡាករ សៅ រង្សី ទម្ងន់ ៤៩ គីឡូក្រាម កីឡាករ ណាត សៀកនិន (ហៅម្ទេសខ្មាំង) ទម្ងន់ ៥៦ គីឡូក្រាម កីឡាករ បាំង ណុន ទម្ងន់ ៦០ គីឡូក្រាម យ៉ុន ដារ័ត្ន ទម្ងន់ ៦៤ គីឡូក្រាម វី សម្ភស្ស ទម្ងន់ ៦០ គីឡូក្រាម កីឡាការិនី នូវ ស្រីពៅ ទម្ងន់ ៥១ គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ទម្ងន់ ៦០ គីឡូក្រាម៕