ភ្នំពេញ៖ អគ្គលេខាធិការ​ក្លិប​មហាហង្ស​អលស្តារ លោក យិន សុខុម បាន​ចាត់​ទុក​ការ​ក្រសោប​បាន​ពាន​រហូត​ដល់​ទៅ ៥ ពី​ការ​ប្រកួត​ក្នុង​សាល​ថ្នាក់​ជាតិ ឬ​ជើងឯក​ពាន​រង្វាន់​ក្នុង​សាល TIGER ឆ្នាំ ២០២០ ថា ជា​មោទនភាព​យ៉ាង​ធំធេង ដែល​កម្រ​នឹង​មាន​ក្រុម​ណា​អាច​ធ្វើ​បាន ហើយ​ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ប្រកួត​តំណែង​ឱ្យ​កម្ពុជា​ក្នុង​ពានរង្វាន់ AFF Futsal Championship។

លោក យិន សុខុម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «សម្រាប់ មហាហង្ស ពិត​ជា​មាន​មោទនភាព​ខ្លាំង ដែល​កម្រ​មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ដូច​យើង​ណាស់ ព្រោះ​យើង​ជា​ក្រុម​ក្មេង​ខ្ចី​មួយ ដែល​ទើប​តែ​ចូល​ប្រឡូក​ទៅ​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​សាល ប៉ុន្តែ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​មែនទែន គឺ​យើង​បាន​ឈ្នះ​រហូត​ដល់​ទៅ ៥ ពាន ក្នុង​ចំណោម​ពាន​ទាំង ៦ មាន​ន័យថា យើង​អត់​បាន​តែ​ពាន​កីឡាករ​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ ១ ប៉ុណ្ណោះ»។

សម្រាប់​ការ​ចូលរួម​ប្រកួត​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ពេញ​មួយ​រដូវកាល​នេះ ក្រុម​មហាហង្ស បាន​បង្កើត​នូវ​កំណត់ត្រា​ប្រកួត​ល្អ​បំផុត គឺ​ពួក​គេ​មិន​ធ្លាប់​ចាញ់​សោះ ដោយ​ក្នុង​នោះ មហាហង្ស បាន​ឈ្នះ ៣ និង​ស្មើ ១ នៅ​ក្នុង​ការ​ប្រកួត​វិលជុំ ដើម្បី​ឈរ​នៅ​លេខ ១ ប្រចាំ​ពូល ​C មុន​ពេល​ពួក​គេ បាន​បន្ត​ទៅ​ទម្លាក់​ក្រុម Panda FC នៅ​វគ្គ​ខ្វែង ៨ ក្រុម ជាមួយ​ការ​យក​ឈ្នះ ៨-១ និង​បន្ត​ទៅ​លត់​ក្រុម Loading FC ៩-១ នៅ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ចំណែក​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​មហាហង្ស បាន​ឈ្នះ​ក្រុម​ឪម៉ាល់​អេហ្វស៊ី ៩-៤ ដើម្បី​លើក​ពាន​ធំ ដ៏​គួរ​ឱ្យ​កត់​សម្គាល់​បំផុត ហើយ​ពួក​គេ​ក៏​ទទួល​បាន​ពាន​ជា​ក្រុម​លេង Fair play ព្រម​ទាំង​ពាន​ឯកជន​ចំនួន ៣ ទៀត​ផង​ដែរ គឺ​ពាន​អ្នកចាំទី​ល្អ របស់​អ្នកចាំទី វង្ស ដារ៉ា ពាន​គ្រូបង្វឹក​ល្អ​របស់​លោកគ្រូ នៃ ប៊ុន សុភ័ក្រា និង​ពាន​កីឡាករ​លេង​ល្អ​ជាង​គេ របស់​កីឡាករ​ពាក់​លេខ ៨ កែវ ជាតួ។ រីឯ​ពាន​រង្វាន់​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ បាន​ទៅលើ​​កីឡាករ ឌុក សុផាត របស់​ក្រុម Tai Chi FT ប៉ុន្តែ Tai Chi បាន​ចាញ់ Loading FC ១៣-១១ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ ៣។

ចំពោះ​ការ​ដណ្តើម​បាន​លទ្ធផល​ដ៏​ល្អ​នេះ លោក យិន សុខុម បាន​លម្អិត​ថា៖ «ការ​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំ​នេះ វា​មាន​ការ​កត្តា​រួម​ផ្សំ​ច្រើន គឺ​យើង​ត្រៀមខ្លួន និង​ហ្វឹក​ហាត់​បាន​ល្អ ដោយ​យើង​ហាត់​ពី ៤ ទៅ ៥ ថ្ងៃ ក្នុង ១ សប្តាហ៍ ដែល​ធ្វើ​ឱ្យ​ក្រុម​យើង​មាន​អាទិភាព​ខ្ពស់។ បន្ថែម​លើ​នេះ កីឡាករ​យើង​សម្បូរ​អ្នក​មាន​គុណភាព ហើយ​ក្រុម​ទាំងមូល​មាន​ការ​យល់ចិត្ត​គ្នា លេង​ស៊ី​ចង្វាក់​គ្នា និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​តាំង​ពី​ដើម​រដូវកាល រហូត​ដល់​ចប់​រដូវកាល ជា​ពិសេស គឺ​ពួក​គាត់​មាន​ភាព​អត់ធ្មត់​ខ្លាំង ព្រោះ​ខ្ញុំ​តែង​ណែនាំ​ពួក​គាត់​ទៅ​លើ​បញ្ហា​នេះ​ថា ស៊ូ​ឱ្យ​គូ​ប្រកួត​ដាក់​យើង​ចុះ តែ​យើង​ត្រូវ​អត់ធ្មត់​ក្នុង​ការ​លេង ហើយ​ចំណុច​ទាំង​នេះ​ហើយ ដែល​នាំ​ឱ្យ​ក្រុម​យើង​ទទួល​បាន​ជោគជ័យ​ធំ»។

សម្រាប់​ការ​ឈ្នះ​បាន​ជើងឯក​ពី​ការ​ប្រកួត​ហ្វុតសាល ប្រចាំ​ឆ្នាំ ២០២០ នេះ ក្រុម​មហាហង្ស​នឹង​ទទួល​បាន​ឱកាស​ដ៏​ពិ​សេសមួយ​បន្ថែម​ទៀត គឺ​ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឱ្យ​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់ AFF Futsal Championship ជាមួយ​ក្រុម​ខ្លាំង​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន។

លោក យិន សុខុម បាន​បញ្ជាក់​ថា៖ «ក្រុម​មហាហង្ស​ពិត​ជា​រំភើប ដែល​បាន​លេង​តំណាង​ឱ្យ​កម្ពុជា ហើយ​ពួក​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​ឱ្យ​បាន​លទ្ធផល​ល្អ​ជូន​ជាតិ ព្រោះ​កីឡាករ​យើង​មួយ​ចំនួន ធ្លាប់​មាន​បទពិសោធ​ប្រកួត​កម្រិត​អន្តរជាតិ​ខ្លះ​ហើយ ចំណែក​រូប​ខ្ញុំ​ផ្ទាល់ ក៏​ធ្លាប់ជា​ទីប្រឹក្សា​របស់​ក្លិប​ដោនថោន​ស្ពត នៅ​ពេល​ក្រុម​នេះ បាន​ឡើង​ទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ ក្នុង​ការ​ប្រកួត AFF Futsal Championship 2019 កន្លង​មក​ផង​ដែរ អ៊ីចឹង​មាន​ន័យ​ថា យើង​មាន​មូលដ្ឋាន​ខ្លះ​រួច​ទៅ​ហើយ»៕