ភ្នំពេញ៖ ​​ក្រុម​អតីត​​ម្ចាស់​ពាន​ធំ Avatar FC ​ដែល​ទើប​បាន​​យក​ឈ្នះ​ក្រុម​​ជើងឯក​ឆ្នាំ​ចាស់ ISI Dangkor Senchey ដើម្បី​លើក​ពាន​សប្បុរស​ធម៌​បើក​រដូវកាល នៃ​ព្រឹត្តិការណ៍ KW Cambodia League 2020​ នោះ មិន​បាន​ចាត់​ទុក​ជ័យជម្នះ​​នេះ ជា​ការ​បើក​ផ្លូវ​សម្រាប់​ពួក​គេ ក្នុង​ការ​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​ធំ ក្នុង​រដូវកាល​លើក​ទី ​៩ នេះ​នោះ​ទេ។

ប្រធាន​ក្លិប​ Avatar FC លោក ស៊ូ សុភាក់ បាន​ទទួល​ស្គាល់​ថា ការ​ផ្តួល​ក្រុម ISI ដែល​ជា​គូ​សត្រូវ​ចាស់​របស់​ខ្លួន​ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន KHM កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ វា​បាន​ក្លាយ​ជា​ការ​បំបែក​កំណត់ត្រា​ដ៏​​​ល្អ​របស់​ Avatar ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ការ​ប្រកួត​ពាន​ពាក់​កណ្តាល KW Cambodia League ក្នុង​រដូវកាល​ថ្មី​នេះ គឺ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«យើង​គិត​ថា យើង​នៅ​តែ​ធ្វើ​បាន​ល្អ ព្រោះ​យើង​បាន​ឈ្នះ​ពាន​បើក​រដូវកាល​នេះ ចំនួន ​៣ ​ឆ្នាំ​ជាប់ៗ​គ្នា​តែ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ យើង​បាន​យក​ឈ្នះ ISI ខណៈ​ប្រវត្តិសាស្រ្ត​កន្លង​មក យើង​មិន​ដែល​ឈ្នះ​ក្រុម​មួយ​នេះ​នោះ​ទេ អ៊ីចឹង​មាន​ន័យ​ថា យើង​បាន​បំបែក​ប្រវត្តិសាស្រ្ត​ក្នុង​ការ​យក​ឈ្នះ​ក្រុម ISI»។

ទោះ​បីជា​យ៉ាងណា លោក ស៊ូ សុភាក់ បាន​បន្ថែម​ថា៖ ​«សម្រាប់​ការ​ប្រកួត​កាល​ពី​ឆ្នាំ ​២០១៩ យើង​បាន​ចាញ់​ក្រុម​ ISI តែ​មួយ​គត់ គឺ​ចាញ់ ១-០ ដោយ​បាល់​ពិន័យ ១១ ម៉ែត្រ ធ្វើ​ឲ្យ​យើង​មាន​ពិន្ទុ​ចាញ់​ក្រុម​នេះ ត្រឹម ​១ ពិន្ទុ​ អ៊ីចឹង​បើ​ធ្វើ​ការ​ប្រៀប​ធៀប ISI មិន​លើស​យើង​ប៉ុន្មាន​ទេ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង KW Cambodia League នៅ​រដូវកាល​ថ្មី​នេះ មាន​ក្រុម​ថ្មីៗ​ចូលរួម​ជា​ច្រើន​ទៀត អ៊ីចឹង​ការ​ប្រកួត​ប្រជែង​វា​កាន់​តែ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត»។

ក្រុម Avatar ដែល​ធ្លាប់​ឈ្នះ​ពាន​ធំ​នៃ​ព្រឹត្តិការណ៍​នេះ កាល​ពី​ឆ្នាំ ​២០១៨ ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​វត្តមាន​របស់​ក្រុម​ពាក់​កណ្តាល​អាជីព TN Kandal និង​ក្រុម​របស់​អ្នក​បង្កើត​ពាន​នេះ គឺ Khmer United។ លោក ស៊ូ សុភាក់ បាន​បញ្ជាក់​ថា៖ ​«នៅ​រដូវកាល​នេះ មាន​ក្រុម​ខ្លាំង TN Kandal ចូលរួម​ដែរ គឺ​បូក​បន្ថែម​ទៅ​លើ​ក្រុម ISI ចំណែក​ក្រុម​ម្ចាស់​អ្នក​បង្កើត​ពាន Khmer United ក៏​អាច​នឹង​ល្អ​ជាង​មុន​ដែរ។ ហេតុ​នេះ​យើង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន»។

តាម​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​ស្ថាបនិក​ដ៏​សំខាន់ ដែល​បង្កើត​ឲ្យ​បាន​ព្រឹត្តិការណ៍​នេះ​ឡើង បាន​ឲ្យ​ដឹង​ថា KW Cambodia League 2020 មាន​ក្រុម​ចំនួន ​១៤ បាន​ចូលរួម ហើយ​ការ​ប្រកួត​ផ្លូវ​ការ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ទី ​១៦ ខែ​កុម្ភៈ ចុង​សប្តាហ៍​នេះ។

ជាមួយ​គ្នា​នេះ លោក​ឧញ៉ា​បណ្ឌិត គីម ហ៊ាង បាន​ទទួល​ស្គាល់​ថា ការ​បង្កើន​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​លេខ ​១ ពី ​២០ លាន​រៀល រហូត​ដល់ ​៤០ ​លាន​រៀល (១ ម៉ឺន​ដុល្លារ) ​ក្រុម​លេខ ​២ ​ចំនួន ​២០ ​លាន​រៀល លេខ ៣ ចំនួន ​១០ ​លាន ក្រុម​លេខ ​៤ ចំនួន ​៥ ​លាន ក្រុម Fair play ២ លាន​រៀល ព្រម​ទាំង​ផ្តល់​ជូន​អ្នក​ទាត់បាល់​បញ្ជូល​ទី​ច្រើន​ជាង​គេ និង​អ្នក​ចាំទី​ល្អ​ជាង​គេ ១០ ម៉ឺន​រៀល​ដូច​គ្នា​នោះ វា​នឹង​ធ្វើ​ឲ្យ​សម្ទុះ​នៃ​ការ​ប្រកួត​ប្រជែង​​នៅ​រដូវកាល​នេះ កាន់​តែ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង។

ទោះបី​ជា​យ៉ាង​ណា លោក​បណ្ឌិត គីម ហ៊ាន រីករាយ​នឹង​ការ​ចំណាយ​នេះ ដោយ​បាន​ថ្លែង​ថា៖ ​«អ្វី​ដែល​យើង​បាន​កសាង ៩ ​ឆ្នាំ​មក​នេះ គឺ​កីឡាករ​មួយ​ចំនួន ដែល​បាន​លេង​ក្នុង​ពាន​យើង ឥឡូវ​គាត់​បាន​លេង​ឲ្យ​ជម្រើស​ជាតិ ដូច​ជា U19, U22 ឬ​ឈុត​ធំ​ជា​ដើម ហើយ​ខ្លះ​ទៀត​បាន​លេង​ឲ្យ​ក្លិប​អាជីព ដូចជា​បឹងកេត ណាហ្គាវើល និង​វិសាខា​ជា​ដើម។ អ៊ីចឹង​ទាំង​នេះ ​ជា​អ្វី​ដែល​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​ចំណាយ​​រៀបចំ​ពាន​នេះ​បន្ត​ទៀត​ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន»៕