ភ្នំពេញ៖ អត្តពលិក​រាំ​​កម្ពុជា ទទួល​បាន​នូវ​បទពិសោធ​ថ្មីៗ​មួយ​ចំនួន​ទៀត​ពី​ការ​ប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ​​២០១៩ ហើយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត​នេះ ជា​ការ​ផ្តល់​ឱកាស​សម្រាប់​អត្តពលិក​ បាន​ពង្រឹង​សមត្ថភាព​បន្ថែម សម្រាប់​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ទាំង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ និង​​ស៊ីហ្គេម ​ឆ្នាំ ​២០២៣ នៅ​កម្ពុជា។

បើ​ទោះបី​ជា​ការ​ប្រកួត​​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩ ​នេះ មាន​អត្តពលិក​ចូលរួម​ត្រឹម ​៣០ ​នាក់ (​បុរស ​៩ នាក់) មក​ពី​ក្លិប​ចំប៉ីស ក្លិប New Trend ក្លិប​ពន្លកថ្មី ក្លិបសាលា​វេសឡាញន៍​ទី ​១ និង​ក្លិប​សាលា​វេសឡាញន៍​ទី ​២ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នៅ​លើ​វិញ្ញាសា​រហូត​ដល់ ​២២ ​ប្រភេទ វា​បាន​ផ្តល់​ឱកាស​ឲ្យ​អត្តពលិក​គ្រប់​ប្រភេទ​អាយុ ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ និង​អស់​ពី​សមត្ថភាព ដើម្បី​បញ្ចេញ​ពី​ទេពកោសល្យ​​របស់​ពួក​គេ និង​ដណ្តើម​យក​ជយលាភី​ជូន​ក្លិប។

លោកស្រី ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​ថ្លែង នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «​គោល​បំណង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ និង​បណ្តុះ​ថ្នាល កុមារា​ កុមារី យុវជន និង​យុវតី ដែល​មាន​ទេពកោសល្យ ពិសេស​កីឡាករ កីឡាការិនី​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​គុណ​ផល ដូច​ផែនការ​ដែល​សហព័ន្ធ​បាន​រំពឹង​ទុក និង​ស្រប​តាម​ផែនការ​មេ ក្នុង​ការ​ចូលរួម​​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន ចុង​ឆ្នាំ ​២០១៩ ​នេះ និង​ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ក្នុង​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣»។

តាមរយៈ​ការ​បញ្ចេញ​សមត្ថភាព​រាំ ដ៏​ល្វតល្វន់ និង​ស្វាហាប់​របស់​​អត្តពលិក​ទាំង​អស់ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ នៅ​សាល​ដំបូល​ទូក​នៃ​មជ្ឈមណ្ឌល​​ជាតិ​ហ្វឹកហ្វឺន​កីឡា កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា។

លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ថ្លែង​ថា៖ ​«សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​នេះ ក្នុង​គោល​បំណង​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ និង​មាន​សមត្ថភាព ត្រៀម​លក្ខណៈ​ចូល​រួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​ត្រៀម​ស៊ីហ្គេម​លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន ឆ្នាំ ​២០១៩ នេះ»។

លោកស្រី​បន្ថែម​ថា៖ ​«​ការ​ប្រកួត​នេះ ជា​ការ​ផ្តល់​ឱកាស​ឲ្យ​យុវវ័យ​បាន​បង្ហាញ​នូវ​​សមត្ថភាព ជំនាញ​កីឡា​រាំ​អន្តរជាតិ​ពិត​ប្រាកដ ដើម្បី​បញ្ចេញ​ភាព​ស្រស់​ស្អាត សប្បាយ​រីករាយ សាមគ្គីភាព និង​មិត្តភាព ជា​ពិសេស​បង្កើន​សមត្ថភាព ត្រៀម​លក្ខណៈ​ក្នុង​ការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។

ការ​បញ្ចេញ​សមត្ថភាព​របស់​ក្រុម​ជម្រើស​ជាតិ ដែល​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន នា​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ដល់​ថ្ងៃទី​ ១១ ខែ ធ្នូ ឆ្នាំ ​២០១៩ ​នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បច្ចេកទេស​រាំ​ដ៏​ស្ទាត់​ជំនាញ​របស់​ពួក​គេ ហើយ​​សកម្មភាព​នេះ វា​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង សម្រាប់​កីឡា​រាំ​កម្ពុជា ក្នុង​ការ​ប្រជែង​​ដណ្តើម​​បាន​មេដាយ នៅ​ស៊ីហ្គេម ខាង​មុខ​នេះ៕