ភ្នំពេញ៖ ​​ក្រុម​អត្តពលិក​​កីឡា​វ៉ូវីណាម​កម្ពុជា ដែល​ធ្លាប់​តែ​បង្ហាញ​ភាព​ខ្លាំង សម្រាប់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នោះ ​បាន​បាត់បង់​នូវ​ឱកាស​ប្រជែង​យក​មេដាយ​ជូនជាតិ​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អាស៊ី ​និង​កម្រិត​អាស៊ី​អាគ្នេយ៍ ដែល​​គ្រោង​ធ្វើ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​ឆ្នាំ ​២០២០ នេះ។

ការ​បាត់​ឱកាស​នេះ ក៏​ព្រោះ​តែ​ព្រឹត្តិការណ៍​ទាំង ​២ ​នេះ​ត្រូវ​បាន​លើក​ពេល​ការ​ប្រកួត​ទាំង​អស់ ដោយសារ​តែ​ការ​​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ជា​លក្ខណៈ​សកល។ ជាមួយ​គ្នា​នេះ ​ការ​ពន្យារ​ពេល​ការ​​ប្រមូល​ផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ហ្វឹកហាត់​ជា​លក្ខណៈ​ឯកជន​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​នោះ ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ធ្លាក់​ចុះ​នូវ​កម្រិត​បច្ចេកទេស​ជាង​ការ​ហ្វឹកហាត់​រួម។

លោក ​អ៊ូ ​រតនា ​​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​បាន​ប្រាប់​ថា​៖ «​សព្វ​ថ្ងៃ​ទាំង​អត្តពលិក​ក្រុម​ថ្នាល​ និង​​ក្រុម​​ធំ​ជម្រើស​ជាតិ​របស់​យើង ​ត្រូវ​​បាន​លើក​ពេល​ប្រមូល​​ផ្តុំ​ហាត់​រួម ​ដោយ​បាន​អនុញ្ញាត​ឲ្យ​​ហាត់​តាម​លក្ខណៈ​ឯកជន ឬ​បំបែក​គ្នា ​ដោយ​បញ្ហា​ជំងឺ​​ឆ្លង​កូវីដ ​១៩​។ ​ជាមួយ​គ្នា​នេះ​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អាស៊ី​អាគ្នេយ៍​ និង​​អាស៊ី​ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​អំឡុង​ខែ​សីហា​ និង​ខែ​កញ្ញា​ ឆ្នាំ ​២០២០ នេះ ត្រូវ​បាន​លើក​ពេល​ទាំង​អស់​ ដោយ​មិន​ទាន់​កំណត់​ពេល​ជា​ថ្មី​នៅ​ឡើយ​ទេ»​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣១ ឆ្នាំ ​២០២១ នៅ​វៀតណាម លោក អ៊ូ រតនា នៅ​តែ​រំពឹង​ថា ក្រុម​វ៉ូវីណាម​កម្ពុជា នៅ​តែ​ដណ្តើម​បាន​​ជយលាភី​ល្អ ខណៈ​កន្លង​មក​កីឡា​វ៉ូវីណាម​ ធ្លាប់​​បាន​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពី​ការ​ប្រកួត​​ស៊ីហ្គេម ព្រម​ទាំង​កម្រិត​អាស៊ាន ​អាស៊ី ​និង​ពិភព​លោក ​ជូន​ជាតិ​មាតុភូមិ ​គួរ​ឲ្យ​កោត​សរសើរ គឺ​​តាំង​​ពី​​ក្នុង​អំឡុង​ពេល​​លោក ​រ័ត្ន ​សុខន​ នៅ​ជា​ប្រធាន​សហព័ន្ធ មុន​ពេល​លោក​លាឈប់ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៩​ ហើយ​មហា​សន្និបាត​វិសាមញ្ញ​មួយ​បាន​​បោះ​ឆ្នោត​ជ្រើសរើស​លោក ​ស៊ុម ​សារឿន ជា​ប្រធាន​ជំនួស។

លោក ​អ៊ូ ​រតនា ​ដែល​ទើប​​ជាប់​ជា​អគ្គលេខាធិការ​សហព័ន្ធ​ដែរ​នោះ ​​បន្ត​ថា៖ ​«ទោះបី​ជា​សភាពការណ៍​ជាក់​ស្តែង​នៃ​ជំងឺ​កូវីដ ​១៩​ មាន​ផល​ប៉ះពាល់​ខ្លាំង​ ​ប៉ុន្តែ​ការ​ហ្វឹកហាត់​លក្ខណៈ​ឯកជន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ ត្រួត​ពិនិត្យ​ជា​ប្រចាំ​ពី​សហព័ន្ធ​ ដើម្បី​ពង្រឹង​ និង​រក្សា​គុណភាព​សមត្ថភាព​របស់​អត្តពលិក​សម្រាប់​​ត្រៀម​ប្រកួត​​ស៊ីហ្គេម​លើក​ទី ​៣១​ ដែល​នឹង​​ធ្វើ​​នៅ​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​ឆ្នាំ ​២០២១​ ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ ​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​»​។​

នៅ​ពេល​ថា ​​តើ​កីឡា​វ៉ូវីណាម​កម្ពុជា​អាច​មាន​សមត្ថភាព​ឈរ​ក្នុង​​លំដាប់​ទី​ប៉ុន្មាន ​ក្នុង​តំបន់​​អាស៊ាន​? ​លោក ​អ៊ូ ​រតនា​ បាន​ឆ្លើយ​តប​​ថា​៖ «​នៅ​ក្នុង​កីឡា​វ៉ូវីណាម​មាន ​៣៣ វិញ្ញាសា​ ​ហើយ​សមត្ថភាព​អត្តពលិក​​យើង​អាច​លេង​បាន​ទាំង​អស់​ ហើយ​​​ក្នុង​តំបន់​អាស៊ាន​នេះ ​កម្ពុជា​យើង​មាន​ចំណាត់​ថ្នាក់​ក្រោម​តែ​​ប្រទេស​វៀតណាម ​ជា​ម្ចាស់​ដើម​ក្បាច់​គុន ​និង​​ប្រហាក់​ប្រហែល​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ អ៊ីចឹង​​យើង​អាច​ប្រជែង​ក្នុង​ចន្លោះ​លេខ ​២ ​ឬ​លេខ ​៣ ​ជាមួយ​​មីយ៉ាន់ម៉ា»​។​

លោក​បាន​បញ្ចេញ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​៖ «​ការ​ហ្វឹកហាត់​នៅ​ផ្ទះ​រៀងៗ​ខ្លួន បាន​ធ្វើ​ឲ្យ​​អត្តពលិក​យើង មាន​គុណភាព ​សមត្ថភាព និង​​បច្ចេកទេស​ធ្លាក់​ចុះ​ តែ​គ្រប់​ប្រទេស​ធ្លាក់​ចុះ​ដូច​គ្នា ​ហេតុ​នេះ​ខ្ញុំ​ហ៊ាន​វាយ​តម្លៃ​ថា ​ការ​ប្រកួត​​ស៊ីហ្គេម​​នៅ​​វៀតណាម​ យើង​នៅ​តែ​រំពឹង​ឈ្នះ​ជយលាភី​ល្អ ​ដណ្តើម​បាន​មេដាយ​ច្រើន ​ឈរ​ក្នុង​លំដាប់​លេខ ​២ ​ឬ​លេខ ​៣ ​ក្នុង​អាស៊ាន​ ដោយ​ចំណុច​ខ្លាំង​របស់​អត្តពលិក​យើង​មាន​ប្រៀប​ល្អ ​លើ​​វិញ្ញាសា​ប្រយុទ្ធ​ និង​មេគុណ»។

លោក អ៊ូ រតនា បាន​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​វិញ្ញាសា​ទាំង ​៣៣ ​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​វៀតណាម​ដាក់​ទាំង ​៣៣ ​យើង​ត្រៀម​ហ្វឹកហាត់​ដាក់​ទាំង​អស់​បាន ​ប៉ុន្តែ​អត្តពលិក​ជម្រើស​ជាតិ​របស់​យើង​​សព្វ​ថ្ងៃ​មាន​​​ក្រុម​ធំ​ចំនួន ​១៧ ​នាក់ ​និង​​ក្រុម​ថ្នាល​ចំនួន ​១២ ​នាក់​ គឺ​មិន​ទាន់​ឆ្លើយ​តប​ទេ​ ដូច្នេះ​ខ្ញុំ​សូម​សំណូម​ពរ​បន្ថែម​អត្តពលិក​ទៀត​ ដើម្បី​ឈ្នះ​មេដាយ​ច្រើន»​៕​​