ភ្នំពេញៈ ក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ (ទ័ព) នៅតែអាចរក្សាបាននូវការលេងយ៉ាងល្អ ដើម្បីយកឈ្នះក្រុម Seven Clean ៣-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា តេជោ សន្ដិភាព រដូវកាលទី ៥ ប្រចាំឆ្នាំ ២០២១ ហើយជាមួយគ្នានេះអ្នកផ្តួចផ្តើមបង្កើតពាននេះបានអះអាងថា នឹងពង្រីកវិសាលាភាពការប្រកួតនេះឱ្យបានកាន់តែទូលំទូលាយថែមទៀត។
សម្រាប់ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃពុធ ក្រុមវ័យចាស់ទ័ព និងក្រុម Seven Clean បានត្រឹមស្មើគ្នា ០-០ នៅក្នុងតង់ទី ១ ប៉ុន្តែចូលតង់ទី ២ ក្រុមវ័យចាស់ទ័ពរកបានដល់ ៣ គ្រប់ ដើម្បីឈ្នះ ៣-១ និងលើកពាន អមដោយប្រាក់រង្វាន់ ៨ លានរៀល ខណៈក្រុមជើងឯករង Seven Clean បាន ៥ លានរៀល។
ចំណែកក្រុមក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពរាជធានី-ភ្នំពេញបានយកឈ្នះក្រុម 7NG Soccer Football ៣-១ សម្រាប់ការប្រកួត ដើម្បីបានលេខ ៣ អមជាមួយប្រាក់រង្វាន់ ២ លានរៀល ខណៈព្រឹត្តិការណ៍ប្រកួតនេះមានក្រុមចូលរួមសរុបចំនួន ៩។
លោក អ៊ូ រតនា គ្រូបង្វឹកក្រុមវ័យចាស់ទ័ព បាននិយាយក្រោយការប្រកួតថា៖ «ការទទួលបានជ័យជម្នះនៅពេលនេះ ជាមោទនភាពខ្លាំងមែនទែន សម្រាប់ក្រុម ហើយខ្ញុំសូមសរសើរទៅដល់កីឡាកររបស់ក្រុមខ្ញុំទាំងអស់ ដែលបានខិតខំព្យាយាម រហូតទទួលបានលទ្ធផលល្អ។ ក្នុងនាមឱ្យក្រុមវ័យចាស់ទ័ព គឺយើងពិតជាសប្បាយរីករាយ ដែលបានចូលរួមការប្រកួតនេះ ហើយសង្ឃឹមថា ពាននេះនឹងមានជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យអតីតកីឡាករដែលបញ្ចប់អាជីពបាននៅលេងកីឡាទៀត»។
ចំណែកលោក អោក សំណាង ប្រធានក្រុម Seven Clean បាននិយាយថា៖ «ការប្រកួតនេះមានភាពតានតឹងហើយយើងបានត្រៀមល្អហើយ ប៉ុន្តែយើងទទួលស្គាល់ថា ក្រុមវ័យចាស់ទ័ពធ្វើបានល្អជាងយើង។ ទោះយ៉ាងណា ខ្ញុំនឹងបន្តចូលរួមពាននេះឱ្យបានរាល់ឆ្នាំ ហើយខ្ញុំសុំឱ្យបង ជុំ កុសល បន្តរៀបចំពាននេះជារៀងរហូត ព្រោះបាល់ទាត់នាំមកនូវមិត្តភាព និងសុខភាពខ្លាំងមែនទែន ដែលយើងមិនគួរបោះបង់វាចោលនោះទេ »។
ក្រៅពីការប្រកួតទីលានធំដែលមានម្ខាង ១១ នាក់គឺការប្រកួតពានរង្វាន់ ៧ មករានេះក៏មានការប្រកួតទាត់បាល់ប៉េណាល់ទីយកពាន ១ ទៀតដែរ ហើយជាលទ្ធផល ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពរាជធានីភ្នំពេញបានលេខ ១ និងប្រាក់រង្វាន់ ៤ លានរៀល រីឯក្រុម 7NG បានលេខ ២ និងប្រាក់រង្វាន់ ៣ លានរៀល ហើយលេខ ៣ បានទៅក្រុម Seven Clean ទទួលបាន ១ លានរៀល។
ទាក់នឹងការប្រកួតពានរង្វាន់នេះ លោក ជុំ កុសល ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាព និងជាអ្នកផ្តួចផ្តើមរៀបចំឱ្យការប្រកួតនេះបានថ្លែងថា៖ «គួរឱ្យសោកស្តាយដោយសារបញ្ហាកូវីដ១៩ អ៊ីចឹងយើងពង្រួញការប្រកួតពីរយៈពេល ១ ខែ មកនៅត្រឹម ២ សប្តាហ៍ធ្វើឱ្យការប្រកួតមានភាពមមាញឹកក្នុងការប្រកួត ១ ថ្ងៃៗ ហេតុនេះបានធ្វើឱ្យកីឡាករមួយចំនួន ដែលយើងមានវ័យចាស់ទៅហើយមានការបាក់កម្លាំង និងថមថយកម្លាំងខ្លះ ប៉ុន្តែមិនថ្វីទេ នៅរដូវកាលទី ៦ សម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពរបស់យើង នឹងខិតខំធ្វើយ៉ាងណា ឱ្យកម្មវិធីនេះកាន់តែមានវិសាលភាព និងទូលំទូលាយថែមទៀត»៕