ក្រុង​ឡុងដ៍៖ លោក Gareth Southgate បាន​រំឭក​កីឡាករ​នៃ​ជម្រើស​ជាតិ​អង់គ្លេស​កុំ​ឲ្យ​​ចាញ់​បោក​ការ​ចាប់​ផ្ដើម​ដ៏​​ជោគជ័យ​នៃ​យុទ្ធនាការ​ជម្រុះ​ Euro 2020 នេះ​ព្រោះ​​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​ការ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​​ខ្លាំងៗ​ជាង​ក្រុម​ប៊ុលហ្គារី​​ដែល​ពួក​គេ​បាន​ឈ្នះ ​៤-០ ​ពី​ថ្ងៃ​សៅរ៍​នោះ​ទៅ​​ទៀត​។​​

កីឡាករ​ Harry Kane រក​បាន ​៣ ​គ្រាប់ ​តែ​ម្នាក់​ឯង​ និង​បាន​ជួយ​ឲ្យ​កីឡាករ Raheem Sterling រក​បាន ​១ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​​អង់គ្លេស​បាន​ឈ្នះ​ក្រុម​​ប៊ុលហ្គារី​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ A។​

ជាមួយ​ជ័យ​ជម្នះ​ចំនួន ​៣ ​លើក​ជាប់​គ្នា​ និង​គ្រាប់​បាល់ ​១៤ ​គ្រាប់​នោះ ក្រុម​អង់គ្លេស​ដែល​បាន​ឡើង​ដល់​វគ្គ ​៤ ​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០១៨ ​នោះ​ កំពុង​សម្លឹង​បន្ថែម​សមត្ថភាព​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ Euro 2020 ជា​បន្ត​ទៀត​។​​

ក្រុម​អង់គ្លេស​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កូសូវ៉ូ​ដែល​ឈរ​នៅ​លេខ ​២ ​ក្នុង​ពូល​ A នៅ​កីឡដ្ឋាន​ Southampton នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​លោក Southgate បាន​អះអាង​ថា ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​​តឹងតែង​ជាង​ការ​ប្រកួត​ជាមួយ​ក្រុម​ប៊ុលហ្គារី​ទៅ​ទៀត​។​​

លោក Southgate ​និយាយ​​ថា៖ «​យើង​មិន​ទាន់​ជួប​​ការ​ប្រកួត​តឹងតែង​ដែល​ក្រុម​យើង​គួរ​តែ​រៀន​សូត្រ​នៅ​ឡើយ​ទេ»។​​

គ្រូ​បង្វឹក​រូប​នេះ​ បាន​បន្ថែម​ថា៖ «​ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​​ហ្វឹកហាត់​​ឲ្យ​បាន​ម៉ឺងម៉ាត់​ដូច​ដែល​យើង​អាច​ឃើញ​ពី​អ្វី​ដែល​កីឡាករ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថ្មីៗ​នេះ​​អ៊ីចឹង​»។​

លោក Southgate បាន​បន្ថែម​ថា៖ «​យើង​មាន​ការ​ប្រកួត​ដណ្ដើម​កន្លែង​គ្នា ​ប៉ុន្តែ​​មាន​កីឡាករ ​៥ ​ឬ ​៦ ​នាក់​ប៉ុណ្ណោះ ​​ដែល​អ្នក​នឹង​រំពឹង​ថា​នឹង​​មាន​សមត្ថភាព ​​ប៉ុន្តែ​ក្រៅ​ពី​នោះ​យើង​ពិបាក​នឹង​បញ្ជាក់​ណាស់​»៕ AFP/SN