ភ្នំពេញ៖ ក្រុម​បាល់​ទាត់​របស់វិទ្យាល័យឥន្ទ្រទេវី ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ពួក​គេ​នៅ​តែ​ជា​ក្រុម​ដែល​មាន​កម្រិត​លេង​ខ្ពស់ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​វិទ្យាល័យ​ច្បារអំពៅ រហូត​ដល់ ៨-០ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ «ពានរង្វាន់​ជើង​ឯក​វិទ្យាល័យ ឆ្នាំ​២០១៩» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​ទោះ​បីជា​ពិធីបើក​ការ​ប្រកួត នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ត្រូវ​បានពន្យារពេល​តាំង​ពី​ម៉ោង​២​រសៀល រហូត​ដល់​ម៉ោង​៤ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​សិស្សានុសិស្ស​ និង​ក្រុមការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ រាប់រយ​នាក់ មិន​បាន​រត់​ចោល​វេទិកា ដែល​ណែនតាន់​តាប់ ទៅដោយ​​ហ្វូង​មនុស្ស​នោះ​ទេ។

​​នៅ​ក្រោយ​ការ​ដង្ហែ​ក្បួន​បើក​ការ​ប្រកួត ​ក្រោម​តំណក់​ទឹក​ភ្លៀង​ស្រិចៗ​ ដែល​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និងខ្សែ​ការពារ ហុង ផេង ជា​អ្នកកាន់​ពាន មក​តម្កល់​ទុក​នៅលើ​តុ ខាងមុខ​វេទិកា​នោះ ​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​វិទ្យាល័យ​ច្បារអំពៅ និង​វិទ្យាល័យ​ឥន្ទ្រាទេវី ត្រូវបាន​ធ្វើ​ឡើង ក្រោមសម្រែកហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​គាំ ដែល​ជា​សិស្សានុសិស្ស​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​របស់​ក្រុម​ម្ចាស់​ផ្ទះ វិទ្យាល័យច្បារអំពៅ ​មិន​បាន​ជួប​ភាព​សប្បាយ​រីក​រាយ តាម​រយៈ​ការ​មើល​ឃើញ ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ តំណាង​ឲ្យក្រុម​សាលា​របស់​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​ភ្ញៀវ វិទ្យាល័យឥន្ទ្រទេវី បាន​បង្ហាញ​ការ​លេង​យ៉ាង​ល្អ និង​រក​បាន​គ្រាប់បាល់រហូត​ដល់​៨​គ្រាប់ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ ៨-០ នៅ​ក្នុងការ​ប្រកួត​បើក​ឆាក​ ក្រៅ​ទឹក​ដី​​នេះ។

​​ការ​ទទួល​បាន​៣ពិន្ទុ ​​ជាមួយ​ជ័យ​ជម្នះ​យ៉ាង​ធំធេង​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​វិទ្យា​ល័យឥន្ទ្រទេវី ដែល​ជា​​ម្ចាស់ជើងឯក នៅ​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ប្រចាំរាជភ្នំពេញ ប្រចាំឆ្នាំ២០១៩ កាន់​តែ​មានទម្រង់​​លេងបាន​ល្អ ព្រោះ​សមាជិក​ភាគ​ច្រើន​ក្រុម​នេះ គឺ​សុទ្ធ​តែ​ជា​ក្រុម​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា ដែល​មានការ​ហ្វឹក​ហាត់ត្រឹម​ត្រូវ ហើយ​ពួក​គេ​ក៏​ទើប​តែ​បាន​លើក​ពាន​ការ​ប្រកួត KMH Cup U18 2019 កាល​ពី​ពេល​ថ្មីៗ​នេះ​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ ការ​ឆ្ពោះ​ទៅរក​ការ​ឈ្នះ​ពាន​ជើង​ឯក​វិទ្យាល័យ ឆ្នាំ​២០១៩ របស់​ក្រុម​ឥន្ទ្រទេវី ដែល​មាន​​ប្រាក់​រង្វាន់​លេខ​១ ​ចំនួន​​៦០​លាន​រៀល ស្មើ​នឹង​ក្រុម​ជើង​ឯក​លីកកំពូល​កម្ពុជា នោះ គឺនៅ​វែង​ឆ្ងាយទៀត ព្រោះ​ពាន​ថ្មីមួយនេះ ​មាន​​ក្រុម​ចូល​រួម​ចំនួន​៩ ហើយការ​ប្រកួត​ នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន​២​ជើង​ ឯ​ណោះ ទើប​បូក​សរុប​ពិន្ទុ រក​ក្រុម​បាន​លេខ​១ លេខ​២ និងលេខ​៣ ប្រចាំ​ព្រឹត្តិការណ៍​នេះ។

ចំណែក​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃសុក្រ​នេះ គឺ​មានការ​ប្រកួត​៣​គូ ដែល​ត្រូវ​ធ្វើ​នៅ​លើ​​ទី​លាន​ផ្សេងៗ​គ្នា ក្នុង​នោះ​ក្រុម​​វិទ្យាល័យ​ចាក់​អង្រែ ត្រូវ​ប្រកួតជាមួយក្រុម​វិទ្យាល័យ​ឬស្សីកែវ នៅ​កីឡដ្ឋាន​បឹង​កេត ឯ​ក្រុមវិទ្យាល័យ​បឹងត្របែក ត្រូវស្វាគមន៍​ក្រុម​វិទ្យាល័យស.ហ.ស ភ្នំពេញ​ថ្មី នៅ​ទី​លាន​បឹងត្របែក ហើយក្រុមវិទ្យាល័យ​ជាស៊ីមសាមគ្គី ត្រូវ​ប៉ះ​ក្រុម​សាលាវេស្ទឡាញន៍ នៅ​ទី​លាន​វិទ្យាល័យ​ច្បារអំពៅ ដែល​ត្រូវ​ធ្វើ​ឡើង នៅ​ម៉ោង​ ៣:៣០ ដូច​គ្នា។​

ជាមួយ​គ្នា​នេះ ក្លិប​បាល់​ទាត់​បឹងកេត ដែល​បានសហការជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្នុងការ​បង្កើត​ឲ្យមានការ​ប្រកួត​​ពាន​ជើង​ឯក​វិទ្យាល័យ ជា​លើក​ដំបូង នេះ​ឡើង ក៏​បាន​ដាក់​ក្រុមការងារបច្ចេក​ទេស​​របស់​ខ្លួន ដើម្បីសម្លឹង​រកមើល​​​កីឡាករ​មាន​សមត្ថ​ភាព ចេញ​ពី​ការ​ប្រកួត​នេះ ដើម្បី​ដាក់​ឲ្យពួក​គេ​បាន​លេង ក្នុង​​នាម​ជា​កីឡាករ​អាជីព ក្នុង​ក្លិប​បឹង​កេត នា​ពេល​អនាគត ផងដែរ។

លោក បែ មករា អ្នកចាត់ការទូទៅ​ក្លិបបឹង​កេត ធ្លាប់​​បាន​និយាយ​ថា៖ «យើង​តែងតែ​ចង់​បាន​កីឡាករ​ល្អៗ ហើយគោលបំណងរបស់ក្លិប ដែល​បានចូលរួមរៀបចំពានរង្វាន់នេះ គឺយើង​ចង់​​បាន​កីឡាករ​ល្អៗ ថ្មីៗ គឺ​មិន​មែន​កីឡាករដដែល​នោះ​ទេ ហើយ​អ្នក​ទាំង​នោះ ជា​កីឡាករ​វ័យក្មេង ដែល​មានសមត្ថ​ភាព​ល្អៗ អ៊ីចឹង​យើង​​មាន​ក្រុម​បច្ចេកទេស​ជំនាញ សម្រាប់​​តាម​ដាន​គ្រប់​ការ​ប្រកួត ព្រោះ​​​យើង​មានការ​​​ប្តេជ្ញា​ចិត្ត ​យក​កីឡាករ​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​​មក​រួម​រស់ជាមួយ​ក្រុម​បឹងកេត របស់​យើង»៕