ក្រុងមីឡានៈ គ្រូបង្វឹកក្លិប Atalanta លោក Gian Piero Gasperini បានសរសើរពីទម្រង់លេងដែលក្លិបរបស់គាត់នឹងចងចាំអស់មួយជីវិតក្រោយពីក្រុមអ៊ីតាលីមួយនេះបានលត់ក្រុម Valencia យ៉ាងចាស់ដៃ ៤-១ កាលពីរាត្រីថ្ងៃពុធ ដើម្បីបោះជំហានធំមួយឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champion League ជាលើកដំបូង។
កីឡាករហូឡង់ Hans Hateboer រកបាន២គ្រាប់តែម្នាក់ឯងនៅនាទីទី ១៦ និងទី ៦២ ដែលស្ថិតនៅអមគ្រាប់បាល់រកបានដោយកីឡាករ Josip Ilicic និង Remo Freuler។
លោក Gasperini បាននិយាយថា៖ «នេះជាពេលល្ងាចមួយដែលយើងនឹងចងចាំជារៀងរហូតព្រោះវាជាលទ្ធផលគួរឲ្យអស្ចារ្យនិងពេញចិត្តតែម្ដង»។
កីឡាករ Denis Cheryshev រកបាន ១ គ្រាប់វិញ សម្រាប់ក្រុម Valencia នៅក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយ នៅកីឡដ្ឋាន San Siro ជាទីដែលក្រុមអេស្ប៉ាញមួយនេះបានចាញ់នៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០១ ក្រោមថ្វីជើងក្រុម Bayern Munich ដោយការស៊ុតបាល់ប៉េណាល់ទី។
ក្រុម Valencia ស្ថិតនៅចំណាត់ថ្នាក់ទី ៧ នៅក្របខ័ណ្ឌ La Liga បានឈរនៅលើកំពូលតារាងនៃពូលរបស់ពួកគេក្រោយពីបានឈ្នះក្រុម Ajax និងក្រុម Chelsea ប៉ុន្តែពួកគេបានបាត់បង់កីឡាករសំខាន់ៗជាច្រើនដោយសាររបួសនិងការផ្អាកការប្រកួត។
គ្រូបង្វឹកក្លិប Valencia លោក Albert Celades បាននិយាយថា៖ «វាពិតជាបានបញ្ចប់រឿងមួយចំនួនបន្តិចហើយព្រោះវាពិតជាលទ្ធផលដ៏លំបាកមួយ គឺ ៤ ទល់នឹង ១»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «នៅចុងបញ្ចប់ វាមិនឆ្លុះបញ្ចាំងច្រើនពីអ្វីដែលយើងបានឃើញនៅលើទីលានប្រកួតនោះទេ»៕ AFP/SN