ក្រុងឡុងដ៍​៖ ក្រុម Bournemouth ដណ្ដើម​បាន​នូវ​​ការ​មាន​ប្រៀប​តិច​តួច ​ពី​ការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់ (Playoff) ជើង​ទី១ នៅ​​ក្រប​ខ័ណ្ឌ​ Championship សម្រាប់ ៤ ក្រុម​ចុង​ក្រោយ ដោយ ១ គ្រាប់​របស់​កីឡាករ Arnaut Danjuma ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ មាន​ជ័យ​ជម្នះ​លើ​ក្រុម Brentford ១-០ ខណៈ​កីឡាករ Andre Ayew ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុមភ្ញៀវ​​ Swansea ឈ្នះ​ក្រុម Barnsley ១-០ កាល​ពី​ថ្ងៃ​ចន្ទ​។

ខ្សែ​ប្រយុទ្ធ​ Danjuma បាន​បំប៉ោង​សំណាញ់​ទី​ នៅ​វគ្គ​ទី២ ត្រឹម​តែ ១ គ្រាប់​ គ្រប់​គ្រាន់​បង្កើត​ភាព​រីក​រាយ​ សម្រាប់​អ្នកគាំទ្រ​របស់​ក្រុម Bournemouth ប្រមាណ​ជា ២ ០០០ នាក់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​អង្គុយ​មើល​ការ​ប្រកួត ក្នុង​កីឡដ្ឋាន Dean Court បន្ទាប់​ពី​ការ​រឹត​បន្តឹង​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្នុង​ប្រទេស​អង់គ្លេស ត្រូវ​បាន​បន្ធូរ​បន្ថយ​ នៅ​សប្ដាហ៍​នេះ​។

ក្រុម Bournemouth កំពុង​ប្រឹង​ប្រែង​ឱ្យ​បាន​ត្រឡប់​ទៅ​កាន់​ក្របខ័ណ្ឌ Premier League ឱ្យ​បាន​លឿន បន្ទាប់​ពីធ្លាក់ កាល​ពី​រដូវកាល​មុន​។ ពួកគេ​ធ្វើ​ដំណើរ​មក​​លេងវគ្គ Playoff នេះ ជាមួយ​នឹង​ទម្រង់​លេង​មិនសូវល្អ​នោះ​ឡើយ ដោយ​ចាញ់​ទាំង​អស់​ពី​ការ​ប្រកួត​ ៣​លើក​ចុង​ក្រោយ រហូត​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ៦ ក្នុង​តារាង​ពិន្ទុ​នៃ​​លីគលំដាប់​ទី២ ​របស់​អង់គ្លេស ដោយ​តាម​ពី​ក្រោយ​ក្រុម​ ​ Brentford ដល់​ទៅ ១០ ​ពិន្ទុ​។

Ayew (ឆ្វេង) រត់​សម្ដែង​ការ​អប​អរ ក្រោយ​ស៊ុត​ឱ្យ Swansea នាំមុខ Barnsley ១-០ អំឡុង​ការ​ប្រកួត Playoff ជើង​ទី១ នៅ​​ក្រប​ខ័ណ្ឌ​ Championship កាល​ពីថ្ងៃចន្ទ។​

គ្រូបង្វឹក​របស់​ក្រុម Bournemouth លោក Jonathan Woodgate បាន​អះអាង​ថា ក្រុម​របស់​លោក មាន​កម្រិតខ្សោយ​ជាង​គេ ក្នុង​ចំណោម​ក្រុម​លេង​ក្នុង​វគ្គ Playoff នេះ តែ​ពេល​នេះ ពួក​គេ​គ្រាន់​តែ​គេច​ឱ្យ​ផុត​ពី​ការ​បរាជ័យ ក្នុងការ​ប្រកួត​ជើង​ទី២ នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

រីឯ​ការ​ប្រកួត ១ គូ​ទៀត នៅ​ឯកីឡដ្ឋាន Oakwell របស់​ក្រុម Barnsley ខ្សែ​ប្រយុទ្ធ​សញ្ជាតិហ្គាណា Ayew ក៏​បាន​ជួយ​ឱ្យ​ក្រុម Swansea ចំណេញ​ពី​ការ​ប្រកួត​នៅ​ជើងទី១​ នេះ​ដែរ ជាមួយ​នឹង​គ្រាប់​បាល់​នៅ​នាទីទី​៣៩​​​។

ទោះ​មាន​វត្តមាន​អ្នកគាំទ្រ​ប្រមាណ​ជា ៤ ពាន់​នាក់ ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ក៏ដោយ ក៏​ការ​រំពឹង​ថា ​បាន​ឡើង​ទៅលីគ​កំពូល​របស់​ក្រុម Barnsley ទំនង​ជា​ជួប​នូវ​ឧបសគ្គ​ដ៏​ធំហើយ​ ពេល​ត្រូវ​ប្រឈម​ជាមួយ​នឹង​ក្រុម​ដ៏​រឹង​ ដូច​ Swansea ដែល​កំពុង​ទន្ទឹង​រង់​ចាំ ក្នុង​ការ​បាន​វិល​ទៅ​លីគ​លំដាប់​ទី ១ វិញ ក្រោយ​បាត់​មុខ​រយៈ​ពេល ៣ ឆ្នាំ​៕ AFP/VN