អ៊ីតាលីៈ ការសម្រាករបស់កីឡាករខ្សែប្រយុទ្ធ Ronaldo បានធ្វើឲ្យក្រុម Juventus បរាជ័យជាលើកដំបូងក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ក្នុងរដូវកាលនេះនៅលើទឹកដី Genoa កាលពីថ្ងៃអាទិត្យក្រោយទទួលបានជោគជ័យជាបន្តបន្ទាន់ក្នុងការប្រកួត Champions League ប៉ុន្តែក្រុម Inter បានឈ្នះក្រុម Milan ៣-២ ដើម្បីឡើងទៅលេខ ៣។
ខ្សែប្រយុទ្ធដ៏ឆ្នើម Ronaldo ទើបតែបានជួយឲ្យក្រុម Juventus ឲ្យឡើងទៅកាន់វគ្គ ៨ ក្រុមនៃពាន Champion League ដោយការទម្លាក់ក្រុម Atlectico Madrid ប៉ុន្តែការគ្មានវត្តមានរបស់គេបានធ្វើឲ្យ Juventus ចាញ់ក្រុម Genoa ២-០។ ទោះយ៉ាងណាក្រុមនេះនៅតែមានឱកាសងាយស្រួលក្នុងការលើកពានចំនួន ៨ លើកជាប់ៗគ្នាដដែល ព្រោះពេលនេះ Juventus មានរហូតដល់ ៧៥ ពិន្ទុគឺដាច់ពីក្រុមលេខ ២ Napoli រហូតដល់ ១៥ ពិន្ទុ។
អ្នកចាត់ការក្រុមរបស់ Juventus លោក Allegri បាននិយាយថា៖ «វាមិនមែនជារឿងសោកនាដកម្មនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែសោកស្ដាយ ព្រោះយើងមិនចង់បរាជ័យនោះឡើយ។ អ្នកមិនចាំបាច់ប្រឹងលេងល្អគ្រប់ការប្រកួតនោះទេ ព្រោះនៅ Champions League យើងពិតជាប្រឹងលេងបានល្អហើយ»។
ការចាញ់ក្រុម Genoa ២-០ នេះវាជាការបរាជ័យជាលើកទី ១ សម្រាប់ក្រុមរបស់លោក Allegri ក្នុងក្របខ័ណ្ឌ Seri A នេះ បើគិតចាប់តាំងពីខែមេសា ឆ្នាំ ២០១៨ នៅពេលប្រកួតជាមួយក្រុម Napoli និងជាការចាញ់ជាលើកទី ១ បើគិតចាប់តាំងពីការចាញ់លើទឹកដីរបស់ក្រុម Sampdoria កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
លោក Allegri បានបន្តថា៖ «ការបរាជ័យនេះអាចធ្វើឲ្យយើងល្អទៅវិញទេ ព្រោះប្រហែលជាយើងគិតថា យើងមានលីកក្នុងដៃរបស់យើងខ្លះរួចទៅហើយបើទោះជាយើងនៅត្រូវការជ័យជម្នះចំនួន ៥ ទៀតក៏ដោយ។ ដូចពេលដែលយើងចាញ់ក្រុម Atalanta ក្នុងព្រឹត្តិការណ៍ Coppa Italia អ៊ីចឹង តាមពិតយើងបានជ្រើសរើសធ្វើបែបនេះព្រោះវាគ្រាន់តែមុនពេលសម្រាកសម្រាប់ភារកិច្ចអន្តរកាលដើម្បីឲ្យយើងមានពេលគ្រប់គ្រាន់តែប៉ុណ្ណោះ»៕ SN