ភ្នំពេញៈ ក្រុម Liverpool បានវាយបកទម្លាក់ Bayern Munich នៅក្រៅទឹកដីដ៏មិនគួរឲ្យចង់ជឿដើម្បីបន្ថែមភាពភ្ញាក់ផ្អើលមួយទៀតក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីទៀបភ្លឺថ្ងៃព្រហស្បតិ៍ ហើយជ័យជម្នះរបស់ Liverpool បានធ្វើឲ្យការប្រកួតវគ្គ ៨ ក្រុមមានក្រុមមកពីលីកកំពូលរបស់អង់គ្លេសដល់ ៤ ក្រុម។
ការស្មើគ្នា ០-០ សម្រាប់ការប្រកួតនៅលើទឹកដី Anfield កាលពីប្រកួតជើងទី ១ ក្នុងវគ្គ ១៦ ក្រុមនេះ វាបានក្លាយជាក្តីបារម្ភមួយសម្រាប់ Liverpool ដែលកំពុងឈរនៅលេខ ២ នៃ Premier League ប៉ុន្តែភាពសប្បាយរីករាយបានកើតមានឡើងនៅពេល Liverpool បានយកឈ្នះក្រុម Bayern រហូតដល់ ៣-១ ក្នុងជើងទី ២ នៅក្រៅទឹកដីនោះ។
ខ្សែបម្រើប្រយុទ្ធ Sadio Mane បានក្លាយជានិមិត្តរូបភាពនៃជោគជ័យដ៏ធំក្នុងការទម្លាក់ក្រុម Bayern កាលពីថ្ងៃម្សិលមិញនោះដោយរូបគេបានរកបាន ២ គ្រាប់តែម្នាក់ឯងនៅនាទីទី ២៦ និងទី ៨៤ ខណៈ ១ គ្រាប់ទៀតជាការតែតបាល់បញ្ចូលទីបានយ៉ាងល្អរបស់ខ្សែការពារ Virgil van Dijk នៅនាទីទី ៦៩ គឺបន្ទាប់ពីមិត្តរួមក្រុមរបស់គេ Joel Matip បានភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី ៣៩។
ការទម្លាក់ក្រុម Bayern តាមការឈ្នះ ៣-១ នេះបានធ្វើឲ្យលោក Jurgen Klopp មានការរីករាយយ៉ាងខ្លាំង និងបានចាត់ទុកក្រុម Liverpool របស់លោកបានវិលទៅរកភាពខ្លាំងនៅក្នុងពិភពបាល់ទាត់អន្តរជាតិជាថ្មី។ លោកបាននិយាយថា៖ «នេះជាការបោះជំហានដ៏ជោគជ័យមួយក្នុងការនាំក្លិបទៅកាន់វគ្គបន្តហើយបើសិនជា Barcelona ឬ Real Madrid បានឃើញការប្រកួតនេះ នោះពួកគេនឹងដឹងថាមានការពិបាកក្នុងការយកឈ្នះក្រុមរបស់យើង»។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមថា៖ «វាជាជោគជ័យដ៏ធំមួយ សម្រាប់ក្រុមរបស់យើងដែលបង្ហាញឲ្យឃើញថាពួកយើងអាចធ្វើបាន ប៉ុន្តែយើងក៏នៅជួបក្រុមខ្លាំងៗផ្សេងទៀតសម្រាប់ការប្រកួតមួយនេះដែរ។ យើងគិតថា ក្រុមយើងគួរតែធ្វើបែបនេះ ប៉ុន្តែយើងត្រូវតែរៀនសូត្របន្ថែម និងពង្រឹងបច្ចេកទេសតែពេលនេះយើងខ្លាំងវិញហើយ»។
លទ្ធផលការប្រកួតរបស់ក្រុមផ្សេងៗទៀតនៅវគ្គ ១៦ ក្រមចំណែកក្រុមមកពីក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេសមួយទៀតគឺ Man United ក៏បានបង្កើតឲ្យមានការភ្ញាក់ផ្អើល ដើម្បីទម្លាក់ក្រុមមានមូលដ្ឋានមកពីបារាំង PSG ដើម្បីឡើងទៅវគ្គ ៨ ក្រុមផងដែរ។ Man United បានចាញ់ក្រុម PSG រហូតដល់ ២-០ នៅជើងទី ១ ក្នុងទឹកដីខ្លួនឯង ប៉ុន្តែពួកគេបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ PSG ៣-១ វិញ ដើម្បីមានប្រៀបសម្រាប់ការប្រកួតនៅក្រៅទឹកដីវិញ។
ផ្ទុយពីនេះក្រុមកំពុងឈរនៅលេខ ១ នៃក្របខ័ណ្ឌ Premier League គឺ Man City បានឈ្នះក្រុមមានមូលដ្ឋាននៅអាល្លឺម៉ង់ Schalke O4 ទាំង ២ ជើងគឺឈ្នះ ៣-២ នៅក្រៅទឹកដី រួចបន្តលត់ ៧-០ នៅក្នុងទឹកដី។ រីឯក្រុមរួមជាតិរបស់ពួកគេ គឺ Spur ក៏បានឈ្នះទាំង ២ ជើងលើក្រុមមកពីអាល្លឺម៉ង់ Dortmund ផងដែរគឺឈ្នះ ៣-០ ក្នុងទឹកដី និងឈ្នះ ១-០ នៅក្រៅទឹកដី។
ចំពោះក្រុម FC Porto របស់ព័រទុយហ្គាល់បានវាយទម្លាក់ក្រុមមកពីអ៊ីតាលី Roma ៣-១ នៅក្នុងទឹកដីខ្លួនឯង ដើម្បីលុបចោលការចាញ់ប្រៀបសម្រាប់កាចាញ់ ២-១ ពេលប្រកួតជើងទី ១ ស្ថិតនៅលើទឹកដី Roma។ ប៉ុន្តែក្រុមខ្លាំងរបស់អេស្ប៉ាញ Real Madrid បានធ្លាក់ចេញពីការប្រកួតនេះដ៏មិនគួរឲ្យចង់ជឿ ខណៈពួកគេបានចាញ់ក្រុមមកពីហូឡង់ Ajax ៤-១ ក្នុងជើងទី ២ នៅទឹកដីខ្លួនឯង បន្ទាប់ពីមានប្រៀបតាមរយៈការឈ្នះ ២-១ លើក្រុមម្ចាស់ផ្ទះ Ajax នៅជើងទី ១ នោះ។
ផ្ទុយពីនេះក្រុម Barcelona មកពីអេស្ប៉ាញជាមួយគ្នាបានប្រើការមានប្រៀបនៅក្នុងទឹកដីរបស់ខ្លួនឯង យកឈ្នះលើក្រុម Lyon របស់បារាំង ៥-១ ដើម្បីលុបចោលភាពមន្ទិលសង្ស័យចំពោះការស្មើគ្នា ០-០ នៅក្រៅទឹកដី។
តាមលទ្ធផលក្នុងវគ្គ ១៦ ក្រុមនេះ គេមើលឃើញថាក្រុមមកពីអង់គ្លេសដែលកំពុងលេងនៅ Premier League បានឡើងមកដល់វគ្គ ៨ ក្រុមនៃក្របខ័ណ្ឌ Champions League នេះរហូតដល់ ៤ ក្រុមរួមមាន Man City, Liverpool, Man United និង Spur ហេតុនេះសម្រាប់ការចាប់ឆ្នោតវគ្គនេះដែលត្រូវធ្វើនៅថ្ងៃសុក្រនេះក្រុមទាំង ៤ អាចនឹងប៉ះគ្នាជាមិនខាន៕