ភ្នំពេញ៖ ក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ នឹងត្រូវធ្វើការប្រកួតជម្រុះបើកឆាកប្រចាំពូល J នៃពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៦ ឆ្នាំ ប្រចាំតំបន់អាស៊ី (AFC U16 Championship 2020) នៅ National Stadium ទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ នាល្ងាចម៉ោង ៦:៣០ ថ្ងៃពុធនេះ។
ការជួបក្រុម U16 ម៉ាឡេស៊ី នៅ ថ្ងៃនេះ វាជាពេលដែលក្រុម U16 កម្ពុជា របស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ត្រូវទូទាត់បញ្ជីឈ្មោះចាស់ជាមួយ ក្រុមម៉ាឡេស៊ី ដែលទើបបានយកឈ្នះពួកគេ ២-០ ក្នុងការប្រកួតជម្រុះប្រចាំពូលពានរង្វាន់ AFF U15 Championship 2019 នៅប្រទេស ថៃ កាលពីថ្ងៃទី ៣០ ខែ កក្កដា ផងដែរ។
យោងទៅតាមបញ្ជីឈ្មោះ កីឡាករ ទាំង ២៣ ដែលបានទៅប្រកួតពាន AFC U16 នេះ គឺមាន ២១ នាក់ទៅហើយ ដែលបានទៅលេង AFF U15 នៅថៃ ហេតុនេះវាជាពេល ពួកគេត្រូវបង្ហាញសមត្ថភាពជាថ្មី ព្រោះកាលប្រកួតពាន AFF U15 Championship 2019នោះ ក្រុមយុវជនកម្ពុជា ទាំងនេះ ធ្វើមិនបានល្អទេ ដោយរកបានត្រឹម ១ ពិន្ទុគត់ ប្រចាំពូល B ក្រោយចាញ់ក្រុម U15 អូស្រ្តាលី ៣-១ ចាញ់ក្រុមម៉ាឡេស៊ី ២-០ ចាញ់ក្រុម U15 ថៃ ៤-០ ស្មើក្រុម U15 ប្រ៊ុយណេ ១-១ មុនពេលពួកគេទៅចាញ់ក្រុម U15 ឡាវ ៣-០។
នៅក្រោយការប្រកួតនេះ ក្រុម U16 កម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយពួកគេត្រូវប្រឈមជាមួយក្រុម U16 ជប៉ុន នៅថ្ងៃទី ២០ និងចុងក្រោយត្រូវប៉ះក្រុមម្ចាស់ផ្ទះឡាវ នៅថ្ងៃទី ២២ ខែ កញ្ញា ខណៈកីឡាករទាំង ២៣ នាក់ ដែលទៅចូលរួមលើកនេះ មាន ហ៊ាង រតនៈបណ្ឌិត, ហួត វ៉ាន់ណេត, ឈួន ពិសី, ហេង សុវណ្ណបញ្ញា, សំ សុវណ្ណារិទ្ធ, ឃាន់ សុប៊ិន, សារុន សានចាន់ វឌ្ឍនោ, គឹម អាន, ហួត ដានីន, អាវ សុវណ្ណារ៉ា, រ៉េត លីហេង, រីម សុហេង, ណម អាណាន់, យ៉ន ធារ៉ាត់, ចៀម សំណាង, សា យ៉ូសុះ, ស៊ិន សុវណ្ណមករា, ឡេង ណូរ៉ា, ចាន់ សីលា, មន រិត, មន រួង និងអ្នកចំណូលថ្មី សៀន ភីរៈ និង ម៉េង សុធា ដែលទៅជំនួស សៅ វឌ្ឍនា និង គឹម ឆេងធាន៕