ក្រុងហ្សេហ្រ្គេប: ក្រោយពីបានជួបភាពត្រដាបត្រដួសបន្ទាប់ពីព្រឹត្តិការណ៍ World Cup ក្រុមជើងឯករងក្រូអាស៊ី កំពុងតែស្រេកឃ្លានដណ្តើមយកជ័យជម្នះជាលើកទី ១ របស់ពួកគេក្នុងយុទ្ធនាការ Nations League នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ជាក្រុមដែលធ្លាប់បានផ្តួលពួកគេ ៦-០ កាលពីខែកញ្ញា។
លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រូអាស៊ី បានប្រកាសឈ្មោះកីឡាករទាំង ២៥ នាក់ក្នុងក្រុមរបស់លោក ក្នុងនោះរាប់បញ្ចូលទាំងកីឡាករចំណូលថ្មី ៣ នាក់ផងដែរ ដើម្បីជួបក្រុមអេស្ប៉ាញ នាកីឡដ្ឋាន Maksimir ក្នុងទីក្រុង Zagreb និងក្រុមជម្រើសជាតិអង់គ្លេស នាថ្ងៃទី ១៨ ខែវិច្ឆិកា នាកីឡដ្ឋាន Wembley។
កាលពីដើមខែនេះ លោក Dalic បាននិយាយថា៖ «ខ្ញុំកំពុងផ្តោតលើការប្រកួតជាមួយនឹងក្រុមអេស្ប៉ាញ។ យើងត្រូវតែឈ្នះ»។ គ្រូបង្វឹករូបនេះបានប្រាប់កាសែត Jutarnji List ថា៖ «ខ្ញុំដឹងថា មនុស្សជាច្រើនមិនជឿជាក់ថា ក្រុមរបស់យើងមានសមត្ថភាពក្នុងការឈ្នះការប្រកួតទាំង ២ ឡើយ ប៉ុន្តែ ខ្ញុំឆ្លើយតបវិញ យើងនឹងធ្វើពេលនេះ ដូចដែលយើងបានធ្វើនៅរុស្ស៊ី ពី ១ ជំហានទៅ ១ ជំហានអ៊ីចឹង។ ដំបូងឡើយ ចាប់ពីអេស្ប៉ាញ»។
ក្រូអាស៊ី ដែលជាប្រទេសមានប្រជាជនសរុប ៤,២ លាននាក់នោះ បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ជាលើកទី ១ ក្រោមជំនួយដ៏ធំពីខ្សែបម្រើឆ្នើម Luka Modric ហើយបើទោះបីចាញ់ក្នុងលទ្ធផល ៤-២ ក្រោមស្នាដៃក្រុមជម្រើសជាតិបារាំងក៏ដោយ ប៉ុន្តែ លោក Dalic និងកីឡាកររបស់លោកត្រូវបានស្វាគមន៍ដោយចាត់ទុកថា ជាវីរបុរស។ ប៉ុន្តែ ត្រឹមតែរយៈពេល ២ ខែក្រោយមក ក្រុមជម្រើសជាតិក្រូអាស៊ី បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុមអេស្ប៉ាញ ក្នុងការប្រកួតទី ១ របស់ពួកគេក្នុងយុទ្ធនាការ Nations League។
ពួកគេបានបង្ហាញពីទម្រង់លេងល្អប្រសើរឡើងវិញដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិ អង់គ្លេស ខណៈពួកគេក៏បានជួបគ្នាក្នុង World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ប៉ុន្តែ ការប្រកួតនោះត្រូវបានលេងដោយគ្មានអ្នកទស្សនានាកីឡដ្ឋានមួយក្នុងទីក្រុង Rijeka។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA បានហាមមិនឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួត ដោយសារតែការប្រើកាយវិការដ៏ចម្រូងចម្រាសនៅលើទីលាន អំឡុងការប្រកួតជម្រុះ Euro ឆ្នាំ ២០១៦ ជាមួយនឹងក្រុមអ៊ីតាលី។
នោះគឺជាការដាក់ពិន័យចុងក្រោយគេបំផុតទៅលើការប្រព្រឹត្តល្មើសទាក់ទងនឹងការរើសអើងជាតិសាសន៍ ដែលបាននាំឲ្យក្រូអាស៊ី រងនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។
ដោយសារតែគ្មានអ្នកទស្សនាពេលជួបក្រុមអង់គ្លេសការប្រកួតនៅរាត្រីនេះ នឹងក្លាយជាការប្រកួតទី ១ របស់ Modric នៅពីមុខអ្នកគាំទ្ររបស់ខ្លួន ចាប់ពីតាំងពី World Cup។
ក្រោយពីការជួបឆ្នាំដ៏អស្ចារ្យមួយដែលបានធ្វើឲ្យរូបគេឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កីឡាកររបស់ក្រុម Real Madrid រូបនេះ ជិតរឹងមាំទាំងស្រុងហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក Dalic។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ក្រោយពីការជួបឆ្នាំនៃការប្រកួតដ៏អស្ចារ្យ រូបគេមិនអាចស្ថិតក្នុងកម្រិតល្អឡើយ។ ខ្ញុំមិនធ្លាប់សង្ស័យលើ Luka ឡើយ។ រូបគេគឺជាអ្នកដឹកនាំ ហើយរូបគេនឹងវិលទៅកាន់កម្រិតដ៏ខ្ពស់វិញ»។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕