ភ្នំពេញៈ ក្រុម​ភ្នំពេញ​ក្រោន កំពុង​តែ​ផ្តល់​ការ​ទុកចិត្ត​ទៅ​លើ​កីឡាករ​មក​ពី​អាមេរិក Jonny Campbell ដែល​ក្លិប​មួយ​នេះ ទើប​តែ​សម្រេច​ចុះ​កុងត្រា សម្រាប់​ជួយ​ដល់​ក្រុម​របស់​ខ្លួន ក្នុងការ​ប្រកួត​មិត្តហ្វូន​ខេមបូឌាន​លីក ឆ្នាំ ២០១៨ ខាង​មុខ​នេះ ចំណែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ២-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ លើក​ចុង​ក្រោយ ត្រៀម​បើក​រដូវកាល​ថ្មី កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ។

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ប្រកាស​ទទួល​យក Jonny Campbell ជា​សមាជិក​ថ្មី​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ គឺ​បន្ទាប់​ពី ក្រុម​ភ្នំពេញ​ក្រោន បាន​វាយ​បក​យក​ឈ្នះ​ក្រុម Terengganu FC I របស់​ម៉ាឡេស៊ី ២-១ ក្នុងការ​ប្រកួត មិត្តភាព​អន្តរជាតិ ត្រៀម​បើក រដូវកាល​ថ្មី នៅ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​អង្គារ ហើយ Jonny Campbell ក៏​រក​បាន ១ គ្រាប់​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន ផងដែរ។

តាមរយៈ​ការធ្វើ​តេស្ត ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដើម្បី​ត្រៀម​បើក​រដូវកាល​ថ្មី ជាមួយ​ក្រុម​មក​ពី​ម៉ាឡេស៊ី Negerri Sembilan FA កាល​ពី​ថ្ងៃ​សៅរ៍ និង​ក្រុម Terengganu FC I កាល​ពី​ថ្ងៃ​អង្គារ ភ្នំពេញក្រោន បាន​សម្លឹង​មើល​ឃើញ​ថា​ខ្សែ​បម្រើ​កណ្តាល Jonny Campbell ជា​កីឡាករ​ដ៏មាន​ទេពកោសល្យ ដែល​អាច​ជួយ​ភ្នំពេញ​ក្រោន បាន​ច្រើន ក្នុងការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នេះ។

ក្រោយ​ការចុះ​កុងត្រា​ជាមួយ Jonny Campbell នេះ ក្លិប​ភ្នំពេញ​ក្រោន បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «យើង​ទាំង​អស់​គ្នា មាន​ក្តី​រំពឹង​ថា វត្តមាន​របស់​កីឡាករ​រូបនេះ នឹង​អាច​រួម​ចំណែក​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត ដើម្បី​ជួយ​ក្លិប​ឲ្យ​ទទួល​ជោគជ័យ​នា​រដូវកាល​ថ្មី​ខាងមុខ»។

Jonny Campbell ដែល​ជាសមាជិក​ថ្មី​របស់​ភ្នំពេញក្រោន​​។រូប សហការី

តាម​ព័ត៌មាន ដែល​បាន​បង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​ក្លិប​ភ្នំពេញ​ក្រោន ដដែល​នោះ បាន​ឲ្យ​ដឹង​ថា Jonny Campbell ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ ដែល​ធ្លាប់​លេង​នៅ​ក្លិប Chachoengsao FC របស់​ថៃ) ក្នុង​ឆ្នាំ ២០១៧ ហើយ​ខ្សែបម្រើ​កណ្តាល​រូប​នេះ ក៏​ធ្លាប់​លេង​ឲ្យ​ក្លិប​មួយ​ចំនួន​នៅ​អាមេរិក​មាន​ក្លិប Maimi City ឆ្នាំ ២០១៦ ក្លិប Charlotte Independence ឆ្នាំ ២០១៥ និង​ក្លិប Philadelphia Fury ក្នុង​ឆ្នាំ ២០១៤ ផងដែរ។

គួរ​បញ្ជាក់ថា​ខ្សែបម្រើ Jonny Campbell ជា​កីឡាករ​បរទេស​ទី ២ គឺ​បន្ទាប់​ពី​កីឡាករ​មាន​សញ្ជាតិ​អឺរ៉ុប Pouya Hossein ដែល​ក្លិប​ភ្នំពេញ​ក្រោន បាន​ចុះ​កុងត្រា សម្រាប់​ត្រៀម​លេង​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នេះ ហើយ លោក Sean Sainsbury គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោន ធ្លាប់​បាន​និយាយ​ថា កីឡាករ​បរទេស​ទាំង​អស់ ដែល​ភ្នំពេញ​ក្រោន នឹង​នាំយក​មក​លេង​នៅ​រដូវកាល​ថ្មី ឆ្នាំ ២០១៨ នេះ គឺ​អាច​នឹង​ចុះ​កុងត្រា​រួច​រាល់ នៅ​សប្តាហ៍​ក្រោយ។

ដោយឡែក ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដែល​បាន​ចាញ់​ក្រុម Terengganu FC I ១-០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ ត្រៀម​បើក​រដូវកាល​ថ្មី កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ គឺ​បាន​យក​ឈ្នះ​ក្រុម Negerri Sembilan FA ២-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ លើក​ទី ២ នៅ​កីឡដ្ឋាន ISPP កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ ខណៈ​ក្រុម​មក​ពី​ម៉ាឡេស៊ី មួយ​នេះ បាន​ស្មើ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ក្នុង​លទ្ធផល ១-១ កាល​ពី​ថ្ងៃ​សុក្រ តែ​បាន​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន រហូត​ដល់ ៣-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លង​មក៕