ភ្នំពេញៈ ក្រុម​ភ្នំពេញ​ក្រោន ​បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ទៅ​នឹង​ជ័យជម្នះ​យ៉ាង​ធំធេង​របស់​ខ្លួន ខណៈ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​រហូត​ដល់ ១២-១ ក្នុង​ការប្រកួត​លីក​កំពូល​កម្ពុជា​ប្រចាំ​សប្តាហ៍​ទី​ ១៥ នោះ ចំណែក​ក្រុម​ណាហ្គាវើល និង​បឹងកេត​បាន​សងសឹក​ទៅ​លើ​ក្រុម​ក្រសួង​ការពារ​ជាតិ (​ទ័ព​) និង​អគ្គិសនី​កម្ពុជា​សម្រេច​ដូចគ្នា ប៉ុន្តែ​គ្រូ​ក្រុម​អង្គរថាយហ្គឺរ បាន​សរសើរ​ក្រុម​ខេត្ត​កំពង់ចាម​ថា​មាន​ការរីកចម្រើន​ជាង​ការប្រកួត​ជើង​ទី​​ ១​។

ល17C4ក ស៊ុំ វណ្ណា ដែល​ជា​គ្រូបង្គោល​បណ្តោះអាសន្ន​របស់​ក្រុម​ភ្នំពេញ​ក្រោន បាន​ចាត់ទុក​ការយក​ឈ្នះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ១២-១ លើក​នេះ​ថា​ជា​ជ័យជម្នះ​ដែល​លើស​ពី​អ្វី​ដែល​លោក​បាន​រំពឹង​ទុក ខណៈ​ការប្រកួត​ជើង​ទី​ ១ ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ត្រឹម ២-០ ទាំង​លំបាក​នោះ​។

លោក ស៊ុំ វណ្ណា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​យើង​គិត​ថា​យើង​យក​ ៣ ​ពិន្ទុ​ពី​ពួកគាត់ ហើយ​សម្រាប់​គ្រាប់​បាល់​វិញ យើង​រំពឹង​ត្រឹម​តែ​ ២ ​ឬ​ ៣ ​គ្រាប់​ទេ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីលាន​គឺ​យើង​ធ្វើ​បាន​ល្អ​លើស​ពី​ការរំពឹងទុក​។ ទោះ​ជា​នៅ​តង់​ទី​ ១ យើង​ធ្វើ​មិន​បាន​ល្អ តែ​យើង​បាន​ធ្វើការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​លេង​នៅ​តង់​ទី​ ២ ដោយ​ប្រើប្រាស់​ការពារ​​ ៣ ​នាក់​បម្រើ​ ៤ ​នាក់ និង​ប្រយុទ្ធ​ ៣ ​នាក់ ហើយ​យើង​ព្យាយាម​បញ្ចូន​បាល់ និង​ព្យាយាម​បង្កើត​ឱកាស​ច្រើន​ដែល​នេះ​ជា​ចំណុច​វិជ្ជមាន​របស់​យើង​»​។

ជាមួយ​ការឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ១២-១ នៅ​កីឡដ្ឋាន RSN កាលពី​យប់​ថ្ងៃ​អាទិត្យ​នោះ ខ្សែប្រយុទ្ធ Bata ដែល​ទើប​ចេញ​ពី​ក្រុម​ទ័ព ទៅ​លេង​ឲ្យ​ភ្នំពេញ​ក្រោន ក្នុង​ជើង​ទី​ ២ ​នេះ​រក​បាន​ ៦ ​គ្រាប់​តែ​ម្នាក់ឯង ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ក្នុង​តារាង​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​វិញ​ម្តង ដោយ​រូបគេ​រក​បាន​សរុប​ ២០ ​គ្រាប់​គឺ​ខ្សែប្រយុទ្ធ Timothy របស់​ក្រុម​អង្គរថាយហ្គឺរ និង Privat របស់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដែល​ពេល​នេះ​ពួកគេ​រក​បាន​សរុប ១៨ ​គ្រាប់​ស្មើ​គ្នា​។

សម្រាប់​ការជួប​ខេត្ត​កំពង់ចាម​លើក​នេះ​ខ្សែប្រយុទ្ធ Timothy ដែល​ធ្លាប់​ឈរ​នៅ​លេខ​ ១ ក្នុង​នាម​ជា​អ្នក​ស៊ុត​បាល់​បាន​ច្រើន​ជាង​គេ​នោះ​គឺ​រក​បាន​ ២ ​គ្រាប់ នៅពេល​អង្គរថាយហ្គឺរ បាន​ថមថយ​ក្នុង​ការយក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម​ពី ១១-០ កាល​ជើង​ទី​ ១ មក​ឈ្នះ​ត្រឹម ៤-០ នោះ​។

ទោះបី​ជា​យ៉ាង​ណា​លោក Oriol Mohedano គ្រូបង្វឹក​អង្គរថាយហ្គឺរ បាន​សរសើរ​ទៅ​ដល់​ភាពរីកចម្រើន​របស់​ក្រុម​ខេត្ត​កំពង់ចាម​ដោយ​លោក​បាន​និយាយ​ប្រាប់ CNCC ថា​៖ «​កំពង់ចាម​បច្ចុប្បន្ន​ជា​ក្រុម​ដ៏តឹង​ជាង​មុន​ដោយ​មិនមែន​ចេះ​តែ​របូត​គ្រាប់​បាល់​ទៀត​ទេ ប៉ុន្តែ​បើ​ពួកគេ​លេង​ដូច​របៀប​នេះ​គ្រប់​ការប្រកួត វា​ក៏​ជា​រឿង​ដ៏រីករាយ​មួយ​សម្រាប់​ខ្ញុំ​ដែរ ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់ឃើញ​គ្រប់​ការប្រកួត​»​។

ចំណែក​ខ្សែប្រយុទ្ធ Privat រក​បាន​ ៣ ​គ្រាប់​តែ​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បន្ត​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ៦-១ ចំណែក​ខ្សែបម្រើ គួច ដានី ជា​អ្នក​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល ឈ្នះ​ក្រុម​ទ័ព ១-០​ដើម្បី​សម្រេច​ការសងសឹក​ចំពោះ​ការចាញ់ ៤-២ កាល​ជើង​ទី​ ១ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ណាហ្គាវើល​បន្ត​ឈរ​នៅ​លេខ​ ២ ដោយ​មាន​ ៣៤ ពិន្ទុ​តិច​ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង​ស្វាយរៀង ៥ ​ពិន្ទុ​ដដែល ខណៈ​អង្គរថាយហ្គឺរ​ឈរ​នៅ​លេខ​ ៣ ​ដដែល​មាន​ ៣៣ ​ពិន្ទុ​។

ជាមួយ​គ្នា​នេះ​ក្រុម​វិសាខា​បាន​បន្ត​ឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ ៤-១ ដើម្បី​ឈរ​នៅ​លេខ​ ៤ មាន​ ៣១ ​ពិន្ទុ ឯ​ក្រុម​បឹងកេត​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ ដើម្បី​លុបចោល​ការចាញ់ ១-០ ទាំង​មិន​គួរ​ឲ្យ​ចង់​ជឿ​កាល​ជើង​ទី​ ១ និង​បន្ត​ឈរ​នៅ​លេខ​ ៥ មាន​ ៣០ ​ពិន្ទុ​លើ​ភ្នំពេញ​ក្រោន​ដែល​មាន​ ២៨ ​ពិន្ទុ តែ​ក្រុមទ័ព​មាន ​២៣ ​ពិន្ទុ​ដដែល ហើយ​ក្រុម​អាស៊ី​អឺរ៉ុប​បាន​វាយបក​តាម​ស្មើ​ជាមួយ​ក្រុម​ប៉ូលិស ១-១ ជំនួស​ការចាញ់​ប៉ូលិស ៣-២ កាលពី​ប្រកួត​ជើង​ទី​ ១៕