ភ្នំពេញ: គ្រូបង្វឹក​ក្លិប​វិសាខា លោក ហុក សុជីវ័ន បាន​កោតសរសើរ​ពី​ការ​ខំប្រឹង​លេង​ដោយ​ឆន្ទៈ​របស់​កូនក្រុម​លោក​ដែល​ធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​អំឡុង​ពេល​បោះជំរំ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​រយៈពេល​ ១២ ​ថ្ងៃ​នៅ​លើ​ទឹកដី​ថៃ ប៉ុន្តែ​លោក​បាន​មើលឃើញ​ថា តំបន់​ប្រយុទ្ធ​ដែល​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​នោះ នៅ​មិន​ទាន់​មាន​ភាព​ស៊ីចង្វាក់​គ្នា​បាន​ល្អ​នៅ​ឡើយ​ទេ​។

លោក ហុក សុជីវ័ន បាន​និយាយ​នៅ​ក្រោយ​បញ្ចប់​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​ថៃ​ថា​៖ «​ការបោះ​ជំរំ និង​ហ្វឹកហាត់​រយៈពេល​​ ១២ ​ថ្ងៃ​នៅលើ​ទឹកដី​ថៃ​នេះ កីឡាករ​របស់​យើង​មាន​អារម្មណ៍​ស្ងប់ ហើយ​ឆន្ទៈ​របស់​កីឡាករ​ទាំង​ ២៧ ​នាក់​គឺ​គាត់​បាន​បង្ហាញ​ភាពខ្លាំង​នៅ​លើ​ទីលាន​។ ការចង់​លេង និង​ការបង្ហាញ​តាមរបៀប​ដែល​យើង​ចង់បាន​គឺ​គាត់​ធ្វើ​បាន​ច្រើន​»​។

លោក​បាន​បន្ថែម​ថា​៖ «​ពេល​ខ្លះ​ពួកគាត់​ធ្វើ​បាន​លើស​ពី​អ្វីដែល​យើង​ចង់បាន​ទៅទៀត ពិសេស​ការជួប​ក្រុម Pahang ដែល​ជា​ក្រុម​មួយ​ខ្លាំង​។ ទោះបី​ជា​ការប្រកួត​មាន​រយៈពេល​ ៣០ ​នាទី​ ៣ ​ដង ប៉ុន្តែ​ចន្លោះ​ពី​ ៣០ ​នាទី​ទៅ​ ៣០ ​នាទី​គឺ​គាត់​ធ្វើ​បាន​ខ្លាំង​មែនទែន ចំណែក​ការប្រកួត​ដ៏ខ្លាំង​ជាមួយ MOF Customs និង Air Force គាត់​ធ្វើ​បាន​ខ្លាំង​អ្វី​ដែល​គាត់​ធ្វើ​បាន​លើស​ពី​អ្វី​ដែល​យើង​បាន​គ្រោង​ទុក​ទៅ​ទៀត​»​។

គួររំឭក​ថា​សម្រាប់​ការប្រកួត​មិត្តភាព​ ៦ ​លើក​ក្នុង​ការបោះជំរំ​ហ្វឹកហាត់ រយៈពេល​ ១២ ​ថ្ងៃ​នៅ​ថៃ​ដែល​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​សុក្រ ក្រុម​វិសាខា ឈ្នះ​ ៤ និង​ស្មើ​ ២ ​ប្រកួត​ដោយ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​ម៉ាឡេស៊ី ៣-១ មុនពេល​បន្ត​យក​ឈ្នះ​ក្រុម RSU FC ៥-០ ស្មើ​ក្រុម MOF Customs United ១-១​។ ចំណែក​ជំនួប​លើក​ទី​ ២ ជាមួយ MOF Customs United វិសាខា បាន​យក​ឈ្នះ ១-០ រួច​ពួកគេ​បន្ត​ឈ្នះ​ក្រុម Air Force United ១-០ ហើយ​ចុងក្រោយ វិសាខា បាន​វាយបក​តាម​ស្មើ​ក្រុម BTU United ២-២​។

យ៉ាងណា​ក៏ដោយ​ភាពសម្បូរ​បែប​ទៅ​ដោយ​ធនធាន​កីឡាករ​ល្អៗ​នៅក្នុង​ក្រុម វា​បាន​ក្លាយ​ជា​ការប្រជែង​ដ៏លំបាក​មួយ​សម្រាប់​គ្រូបង្វឹក​ក្រុម​វិសាខា​ក្នុង​ការសម្រេច​ជ្រើសរើស​កីឡាករ​ដាក់​ឲ្យ​ចូល​លេង​នៅលើ​ទីលាន ប៉ុន្តែ​លោក ជីវ័ន បាន​មើល​ឃើញ​ថា​តំបន់​ប្រយុទ្ធ​ដែល​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​នៅ​មាន​ភាព​ស្ទើរ​។

លោក ហុក សុជីវ័ន បាន​និយាយ​ថា​៖ «​កីឡាករ​យើង​ច្រើន​មាន​ដល់​ ២៧ ​នាក់​ហេតុ​នេះ​យើង​មាន​ការលំបាក​ក្នុង​ការសម្រេច​ដាក់​ឲ្យ​គាត់​លេង ព្រោះ​កីឡាករ​យើង​មិន​ថា វ័យក្មេង ឬ​វ័យចាស់​គឺ​គាត់​បាន​បង្ហាញ​សមត្ថភាព​លេង​គ្រប់ពេល ពិសេស​គាត់​មាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​នៅ​ក្នុង​ក្រុម​អ៊ីចឹង​ពេល​ខ្លះ​ងាយស្រួល​ក្នុង​ការជម្រើស​កីឡាករ​ដាក់​ឲ្យ​លេង​នៅ​តាម​តំបន់​នីមួយៗ​តែ​យើង​ពិបាក​សម្រេច​ក្នុង​ការដាក់​អ្នក​នេះ​ដាក់​អ្នក​នោះ​ឲ្យ​ចូល​លេង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​នៅ​ក្នុង​អំឡុងពេល​បោះជំរំ​ហ្វឹកហាត់​នេះ យើង​រាង​នៅ​ស្ទើរ​តំបន់​ប្រយុទ្ធ​បន្តិច​គឺ​ការប្រយុទ្ធ​របស់​យើង​នៅ​មិន​ទាន់​ស៊ីចង្វាក់​គ្នា​ ១០០ ​ភាគរយ​នៅ​ឡើយ ដោយសារ​កីឡាករ​ខ្មែរ យើង​ពិបាក​រក​តំបន់​ប្រយុទ្ធ​ដែល​មាន​ភាពស៊ីចង្វាក់​គ្នា ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើឲ្យ​គាត់​មាន​ការយល់ចិត្ត​គ្នា​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ត្រៀម​ជាពិសេស​ដល់​ការប្រកួត​លីក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​ ២០១៩ ​នេះ​»៕