ភ្នំពេញ៖ ក្រុមមានមូលដ្ឋាននៅទីរួមខេត្តតាកែវ គិរីវង់សុខសែនជ័យ បានដាក់គោលដៅកាន់តែធំ គឺការស្វែងរកជ័យជម្នះនៅរាល់ការប្រកួតដែលនៅសល់ ដើម្បីឡើងទៅឈរនៅលេខរៀងល្អប្រសើរមួយនៃលីកកំពូលកម្ពុជា ប្រចាំឆ្នាំ ២០១៩ នេះ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ខិតកាន់តែកៀកក្នុងការឈ្នះពាន ហើយខ្សែប្រយុទ្ធឆ្នើម Privat ក៏បង្កើនភាគរយយ៉ាងខ្ពស់ ក្នុងការឈ្នះបានស្បែកជើងមាស នៅរដូវកាលនេះផងដែរ។
គ្រូជំនួយក្រុមគិរីវង់សុខសែនជ័យ លោក ផាន់ ចាន់ផាត បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «គោលដៅរបស់យើង គឺយើងចង់ឈ្នះគ្រប់ការប្រកួតទាំងអស់ដែលនៅសល់ ដើម្បីបង្កើនចំណាត់ថ្នាក់របស់យើង ឲ្យឡើងមកដល់លេខ ៧ ឬលេខ ៨ ហើយបើមើលទៅលើការរៀបចំ និងការខិតខំប្រឹងប្រែងរបស់កីឡាករយើង គឺយើងប្រហែលជាអាចសម្រេចគោលដៅនេះបាន»។
ការហ៊ានបង្ហាញនូវគោលដៅធំនេះ គឺបន្ទាប់ពីក្រុមរបស់លោក ផាន់ ចាន់ផាត សម្រេចបានជោគជ័យដ៏គួរឲ្យគត់សម្គាល់ក្នុងការប្រកួតជើងទី ២ ពិសេសការយកឈ្នះលើក្រុមធំទាំង ៣ ដែលមានមូលដ្ឋាននៅភ្នំពេញ គឺការឈ្នះ ណាហ្គាវើល ២-០ ឈ្នះក្រសួងការពារជាតិ ២-១ និងការបន្តឈ្នះ ក្រុមភ្នំពេញក្រោន ៣-២ នៅលើទឹកដីខ្លួនពីថ្ងៃអាទិត្យ។
ជ័យជម្នះរបស់ក្រុមគិរីវង់ បានធ្វើឲ្យគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក ស៊ុំ វណ្ណា មិនសប្បាយចិត្តនោះទេ។ លោកបាននិយាយថា៖ «យើងព្យាយាមអស់ពីសមត្ថភាពលេងជាមួយក្រុមគិរីវង់ ហើយយើងបានប្តូរយុទ្ធសាស្ត្រប្រកួត ៣ លើក ពេលលេងក្នុងតង់ទី ២ ដើម្បីយកឈ្នះពួកគេ ប៉ុន្តែចុងបញ្ចប់នៅតែមិនអាចជោគជ័យ។ យើងបានរៀបចំកីឡាករយើងសម្រាប់ជ័យជម្នះ មិនមែនបរាជ័យនោះទេ ហើយនៅថ្ងៃនេះ ពួកគេមានឱកាសតិចជាងយើង តែគេអាចរកគ្រាប់បាល់បាន ដោយសារបញ្ហាកំហុសរបស់យើង ដែលកើតចេញពីការសម្រេចចិត្ត និងការប្រាស្រ័យទាក់ទង មិនសូវល្អ»។
ទាក់ទងទៅនឹងការឈ្នះក្រុមភ្នំពេញក្រោននេះ លោក ចាន់ផាត បានបញ្ជាក់ថា៖ «ការយកឈ្នះ ភ្នំពេញក្រោន លើកនេះ ដោយសារយើងរៀបចំបានល្អ គឺមិនមែនមកពីបញ្ហាអ្វីនោះទេ ព្រោះក្នុងជើងទី ២ នេះ ទាំងកីឡាករខ្មែរ និងបរទេសរបស់យើងសុទ្ធតែមានគុណភាពល្អ»។
តាមរយៈការឈ្នះ ៩ ស្មើ ១ និងចាញ់ ១២ ដង បានធ្វើឲ្យគិរីវង់នៅពេលនេះ បានឡើងមកឈរនៅលេខ ៨ ដោយមាន ២៨ ពិន្ទុ ចំណែក ៤ ប្រកួត ដែលនៅសល់ ពួកគេត្រូវជួបក្រុមអគ្គិសនីកម្ពុជា ក្រុមខេត្តកំពង់ចាម និងបឹងកេត នៅក្រៅទឹកដី និងប៉ះក្រុមអង្គរថាយហ្គឺរ នៅក្នុងទឹកដីខ្លួនឯង។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៧-០ ហើយការមាន ៥៨ ពិន្ទុនេះ បានធ្វើឲ្យពួកគេ ខិតកាន់តែកៀក ក្នុងការឈ្នះពាន ព្រោះពេលនេះ ស្វាយរៀងនៅសល់ដៃគូប្រកួតតែ ២ ក្រុមទេ គឺវិសាខា ដែលមាន ៥០ ពិន្ទុ ក្រោយពួកគេបានឈ្នះទ័ព ៣-០ និងណាហ្គាវើល មាន ៤៧ ពិន្ទុ ក្រោយឈ្នះក្រុមខេត្តកំពង់ចាម ៣-០ ដែរ ប៉ុន្តែបឹងកេត ដែលស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរ ដែលបានចាញ់ក្រុម ប៉ូលិស ៤-១ លែងមានឱកាសប្រជែងទៀតហើយ ដោយសារក្រុមទាំង ២ នេះ មានត្រឹម ៤២ ពិន្ទុដូចគ្នា។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធឆ្នើម Privat ដែលរកបាន ៥ គ្រាប់តែម្នាក់ឯង ពេលក្រុមស្វាយរៀងឈ្នះសាលាកីឡាបាល់ទាត់ជាតិបាទី ៧-០ នោះ ក៏មានភាគរយខ្ពស់ ក្នុងការឈ្នះស្បែកជើងមាសផងដែរ ព្រោះពេលនេះ Privat រកបាន ៣០ គ្រាប់ និងតាមពីក្រោយ ដោយ ខ្សែប្រយុទ្ធ Bata របស់ក្រុមភ្នំពេញក្រោន បាន ២៥ គ្រាប់ និង Da Cruz របស់វិសាខា រកបាន ២៣ គ្រាប់៕