ភ្នំពេញៈ ក្លិបកីឡាប្រយុទ្ធមួយកន្លែងមានទីតាំងលើផ្ទៃដីជិត ២ ហិកតាស្ថិតនៅក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសាងសង់ហើយក្រោមការផ្តើមគំនិតឡើងដោយលោក ម៉ក់ សំអុល ដើម្បីបម្រើតាមតម្រូវការហ្វឹកហាត់ និងប្រកួតលើប្រភេទកីឡាប្រយុទ្ធមុននឹងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជាធ្វើម្ចាស់ផ្ទះ ឈានចូលមកដល់។
បើទោះបីជាទីតាំងបង្កើតក្លិបនេះជាកម្មសិទ្ធិឯកជនរបស់លោក ម៉ក់ សំអុល ហើយការសាងសង់ចំណាយថវិកាពីសប្បុរសជន ប៉ុន្តែក្លិបកីឡាប្រយុទ្ធនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាសាធារណៈ មិនគិតកម្រៃ ដើម្បីទុកជាមរតកស្នាដៃរបស់លោកសម្រាប់ជាតិដោយគ្មានលក់ដូរអ្វីឡើយ។
លោក ម៉ក់ សំអុល ដែលបច្ចុប្បន្នជាប្រធានសមាគមកីឡាប្រយុទ្ធក្រសួងមហាផ្ទៃ និងជាអ្នកស្រឡាញ់ការហាត់គុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្លិបគុនចម្រុះ ឬប្រភេទកីឡាប្រយុទ្ធនេះទទួលបានការអនុញ្ញាតដាក់ឈ្មោះថា «ក្លិបសម្ដេចតេជោ ហ៊ុន សែន ជើងព្រៃ» ហើយគ្រប់ប្រភេទកីឡាប្រយុទ្ធអាចទៅហ្វឹកហាត់នៅក្លិបនេះបានដោយគ្មានបង់ប្រាក់ទេ។
លោកបានបន្ថែមថា៖ «គិតមកដល់ពេលនេះការសាងសង់ចាប់ផ្តើមបាន ២០ ភាគរយហើយដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ នេះយ៉ាងយូរបំផុតដើម្បីតម្រូវការផ្សេងៗផ្នែកកីឡាសម្រាប់ទាំងអស់គ្នា ហើយទីតាំងក្លិបមួយនេះគិតពីភ្នំពេញតាមផ្លូវជាតិលេខ ២ គឺមានចម្ងាយតែ ២២ គីឡូម៉ែត្រប៉ុណ្ណោះ អ៊ីចឹងអនាគតក្លិបនេះនឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់គ្រប់ប្រភេទកីឡាក្បាច់គុនទាំងអស់របស់កម្ពុជា»។
ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រធានក្លិបគុនចម្រុះសម្ដេចតេជោហ៊ុនសែនជើងព្រៃបានប្រាប់អ្នកសារព័ត៌មានបែបនេះកាលពីថ្ងៃចន្ទក្នុងពេលដែលលោកបានអញ្ជើញអ្នកជំនាញកីឡាគឺអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន ចុះទៅពិនិត្យពីសក្តានុពលនៃទីតាំងប្រើប្រាស់ក្រោយពេលសាងសង់រួច។
លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល បានបញ្ជាក់ថា៖ «ដោយសារខ្ញុំស្រឡាញ់ និងចូលចិត្តក្បាច់គុន ហើយស្របពេលខ្ញុំមានវ័យចាស់ទៅហើយនោះ ខ្ញុំចង់បន្សល់ស្នាដៃគឺការកសាងក្លិបនេះឡើងសម្រាប់បម្រើសេវាហ្វឹកហាត់ក្បាច់គុនចម្រុះមានដូចជាកីឡាប្រដាល់គុនខ្មែរ តេក្វាន់ដូ ការ៉ាតេដូ យូដូ ហាប់គីដូ សូរីនហ្ស៊ិកាំប៉ូ វ៉ូវីណាម និងគុនខ្មែរអន្តរជាតិជាដើម ដើម្បីរួមចំណែកស្វែងរកអ្នកមានសក្តានុពលសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣»។
ប្រធានក្លិបរូបនេះបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនមែនអ្នកមានទេ ប៉ុន្តែខ្ញុំមានដីប៉ុណ្ណឹង គឺចូលរួមក្នុងវិស័យកីឡា ខណៈដែលថវិកាសាងសង់បានពីសប្បុរសជន មិត្តភក្តិ និងថ្នាក់ដឹកនាំមួយចំនួន ប៉ុន្តែសម្រាប់ក្លិបទី ២ នេះទទួលបានថវិកាពីក្មួយ ហ៊ុន ម៉ានិត ចំនួន ១០ ម៉ឺនដុល្លារ» ក្រៅពីការសាងសង់អគារហ្វឹកហាត់ លោកក៏នឹងស្វែងរកជំនួយសម្រាប់សាងសង់អន្តេវាសឹកដ្ឋានមួយអគារទៀតសម្រាប់កីឡាករ កីឡាការិនី ដែលមកពីឆ្ងាយស្នាក់នៅផងដែរ។
ចំណែកលោក វ៉ាត់ ចំរើន ដែលបានចុះទៅពិនិត្យក្លិបនោះដោយផ្ទាល់បានថ្លែងថា៖ «នេះជាកាយវិការ និងទឹកចិត្តដ៏ល្អក្នុងការចូលរួមសកម្មភាពកីឡា ដោយលោកហ៊ានលះបង់ទីតាំងផ្ទាល់ខ្លួន ជាកម្មសិទ្ធឯកជន ដើម្បីសកម្មភាពកីឡាជាសាធារណៈ ពិសេសអ្នកនិយមហាត់គុន និងស្រឡាញ់វិស័យកីឡាប្រយុទ្ធនេះតែម្តង ហើយទីតាំងនេះគឺល្អណាស់សម្រាប់ការហ្វឹកហាត់ស្ងាត់ស្ងៀមដែលយើងអាចប្រើប្រាស់ មុននឹងយើងឈានចូលដល់ស៊ីហ្គេមឆ្នាំ ២០២៣ ព្រោះជាទីតាំងមួយដែលមិនឆ្ងាយពីទីក្រុងគឺអាចប្រើប្រាស់បានល្អ»៕