ភ្នំពេញ៖ អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស លោក ស៊ន អេលីត មានក្តីកង្វល់ចំពោះបញ្ហាកូវីដ ១៩ ដែលអាចប្រឈមទៅនឹងការឆ្លងដល់កីឡាករ ពិសេសពេលពួកគេចេញទៅប្រកួតនៅតាមស្ថានីយទូរទស្សន៍នានារាល់ចុងសប្តាហ៍ ដ្បិតអីវាជារឿងមួយ ដែលប្រឈមខ្ពស់ ព្រោះមានការជួបជុំមនុស្សច្រើន ហើយថ្នាក់ដឹកនាំក្លិបផ្ទាល់ក៏បានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់ក្នុងការថែទាំកីឡាករក្នុងក្លិបឱ្យមានអនាម័យល្អ និងហាមមិនឱ្យអ្នកណាចេញក្រៅក្លិបដែរ។
លោក ស៊ន អេលីត បានប្រាប់ថា៖ «ចុងសប្តាហ៍នេះ ខ្ញុំសុំបិទក្លិបជាបណ្តោះអាសន្ន គឺបានន័យថា មិនឱ្យកីឡាករចេញចូលទៀតទេ គឺហ្វឹកហាត់ហូបចុកនៅ ១ កន្លែង មិនចេញក្រៅ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ព្រមទាំងរួមគ្នា ការពារប្រឆាំងទៅនឹងការរីករាលដាលនៃកូវីដ ១៩»។ ទោះយ៉ាងណា សប្តាហ៍នេះ កីឡាករ ៦ នាក់របស់ក្លិបនាយកដ្ឋានអង្គរក្សនៅតែឡើងប្រកួត។
ជុំវិញបញ្ហានេះ លោក អេលីត បញ្ជាក់ថា៖ «តាមពិតមេៗខ្ញុំបានណែនាំឱ្យបិទក្លិប តាំងពីដើមសប្តាហ៍នេះ ប៉ុន្តែខ្ញុំមិនអាចធ្វើទាន់ ដោយសារចុងសប្តាហ៍នេះ ក្លិបរបស់យើងបានទទួលកម្មវិធីប្រកួតមានកីឡាករចេញទៅប្រកួតចំនួន ៦ នាក់ គឺនៅសង្វៀនបាយ័ន ២ នាក់ និងនៅសង្វៀន CNC ៤ នាក់ ដែលមិនហ៊ានខកខានខ្លាចគេខឹងយើង»។
គួរបញ្ជាក់ថា នៅក្នុងក្លិបនាយកដ្ឋានអង្គរក្សមានកីឡាករសរុប ២៥ នាក់ កំពុងហ្វឹកហាត់ស្នាក់នៅហូបរួម តែកីឡាករខ្លះបានចេញក្រៅមិនអនុញ្ញាតឱ្យចូលវិញទេ ព្រោះខ្លាចឆ្លង។ លោក ស៊ន អេលីត ថា ពេលនេះ នៅសល់តែកីឡាករ ១៥ នាក់ ត្រូវតែរក្សាគ្រប់គ្រងឱ្យនៅ ១ កន្លែងក្នុងក្លិប ប៉ុន្តែនៅហាត់ធម្មតាមិនឱ្យចេញក្រៅ ឬមានមនុស្សផ្សេងខាងក្រៅចេញចូលបានទេ ដោយរង់ចាំបទបញ្ជាពីថ្នាក់លើជាថ្មី។
បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី រូបនេះ បានប្រាប់ទៀតថា ក្នុងកំណែទម្រង់ឱ្យបានល្អ និងរក្សាសុខភាពដល់កីឡាករ គ្រូបង្វឹក និងគ្រួសារផងនោះ ក្លិបនាយកដ្ឋានអង្គរក្សទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្តល់ជូនសម្រាប់ជីវភាពហូបចុកស្នាក់នៅបានល្អប្រសើរ ទោះបីមិនមានការប្រកួតក៏ដោយ។ បន្ថែមពីលើនេះ ក្លិបនេះ បានកំណែទម្រង់ដោយផ្លាស់ប្តូរគ្រូបង្វឹកឆ្នើមថ្មីវ័យក្មេងជំនាញ ២ នាក់ គឺ ឆ្លាម ស និង សែន រ៉ាឌី ឱ្យនៅប្រចាំការផលិតបានកីឡាករល្អៗជាទំពាំងស្នងឫស្សី។
ប្រភពពីកីឡាករមួយចំនួន ដែលត្រៀមប្រកួតនៅសង្វៀនហង្សមាសបានប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា ពួកគេមិនហ៊ានទៅប្រកួតនៅសង្វៀនហង្សមាសទៀតទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ ១៩ ដោយរង់ចាំមើលការអនាម័យ ឬកូវីដនៅទីនោះ ត្រូវបានគ្រប់គ្រងរកឃើញថា គ្មានកូវីដ ១៩ សិន។ ចំណែកកីឡាករមួយចំនួន ដែលបានប្រកួតកន្លងមក នៅសង្វៀនហង្សមាសរួចហើយ កំពុងព្រួយបារម្ភ។
ជាមួយគ្នានេះ កីឡាករ លាភ រដ្ឋា ដែលទើបប្រកួតចាញ់ ម៉ន សាម៉េត នៅសង្វៀនហង្សមាសកាលពីថ្ងៃសៅរ៍ ក៏ត្រូវបានគេយល់ច្រឡំថា បានឆ្លងជំងឺកូវីដផងដែរ ហើយចំពោះបញ្ហានេះ លាភ រដ្ឋា បានបកស្រាយនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «មានគេចោទថា ក្លិបរបស់ខ្ញុំមានអ្នកឆ្លងជំងឺកូវីដតាមពិត គឺអត់មានអ្នកឆ្លងទេ។ ខ្ញុំទើបមកពីភ្នំពេញ ហើយខ្ញុំឮថា នៅភ្នំពេញមានអ្នកឆ្លងកូវីដច្រើន ដូច្នេះខ្ញុំខ្លាច និងមិនទុកចិត្ត ហើយខ្ញុំក៏ស្ម័គ្រចិត្តចូលឃុំខ្លួន ១៤ ថ្ងៃ ដោយខ្លួនឯងទេ ដើម្បីឱ្យទុកចិត្តថា អត់បានកើត អ៊ីចឹងមិនមានអ្នកណាចាប់ ឬបង្ខំខ្ញុំទេ ហើយខ្ញុំក៏មិនបានឆ្លងជំងឺកូវីដ ១៩ ដូចគេថានោះដែរ»៕