ក្រុង​ប៊ែរឡាំង​៖ ដោយសារ​​ក្លិប​កំពូល​​ៗ នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ ក្រុម​គូ​ប្រជែង​នៅ​អឺរ៉ុប ដែល​​មាន​ចិត្ត​ច្រណែន​កំពុង​តាម​ដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា តើ​ក្លិប​របស់​ប្រទេស​ ​អាល្លឺម៉ង់ ​ទាំង​អស់​នេះ ទទួល​បាន​ផល​ចំណេញ ឬ​ខាត​ ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​វិញ​។

លីក​ធំៗ​របស់​ទ្វីប​អឺរ៉ុប​ កំពុង​អន្ទះ​អន្ទែង​យ៉ាង​ខ្លាំង​ ក្នុង​ការ​ត្រឡប់​មក​ធ្វើ​ការ​ប្រកួត​ឡើង​វិញ ដើម្បី​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ជំងឺ​កូវីដ ប៉ុន្តែ​បើ​ពួក​គេ​ចាប់​ផ្ដើម​វិញ​លឿន​ពេក​ ពួក​គេ​អាច​ប្រឈម​​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​​កីឡាករ​របស់​ខ្លួន​មាន​ជំងឺ ខណៈ​ត្រឡប់​មក​យឺត​ពេក​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ប្រាក់​ចំណូល​។​​

បន្ថែម​ពី​លើ​ការ​ព្រួយ​បារម្ភ​បញ្ហា​សុខភាព នៅ​ពេល​មាន​ការ​ហ្វឹកហាត់​វិញ​នេះ​ វា​បង្ហាញ​ពី​បញ្ហា​នៃ​ភាព​​យុត្តិធម៌​ត្រឹម​ត្រូវ​ថា​ តើ​ការ​ដែល​ក្លិប​ខ្លះ​អាច​ចាប់​ផ្ដើម​លឿន​ជាង​ក្លិប​ដទៃ វា​នឹង​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត និង​បង្កើត​ឲ្យ​មាន​លទ្ធផល​ឆ្កួត​លេលា​ដែរ ​ឬ​ទេ?​។  

បញ្ហា​នេះ បាន​កើត​មាន​ នៅ​ប្រទេស ​អាល្លឺម៉ង់ ដែល​ក្រុម​ឈរ​លេខ ១​ និង​លេខ ២ ក្នុង​តារាង​ពិន្ទុ​ គឺ​ Bayern Munich និង Borussia Dortmund ព្រម​ទាំង​ក្លិប​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត នាំ​គ្នា​ចាប់​ផ្ដើម​មក​កាន់​ទីលាន​ហាត់​វិញ​បណ្ដើរ​ៗ ក្នុង​លក្ខណៈ​ជា​ក្រុម​តូចៗ នៅ​ដើម​សប្ដាហ៍​នេះ ខណៈ​ក្របខ័ណ្ឌ​ Bundesliga សង្ឃឹម​ថា ​នឹង​អាច​ចាប់​ផ្ដើម​សកម្មភាព​ប្រកួត​វិញ នៅ​ដើម​ខែ​ឧសភា ក្រោយ​គាំង​ដំណើរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​។ ​

លោក Martin Przondziono ប្រធាន​ផ្នែក​កីឡា​របស់​ក្រុម Paderborn បាន​ប្រាប់ SID ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​អាល្លឺម៉ង់​របស់ AFP ថា៖ «យើង​ត្រូវ​រួម​បញ្ចូល​គ្នា​នូវ​គោលដៅ​សំខាន់​ៗ ២ គឺ​ថា​បន្ត​រក្សា​កីឡាករ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ ហើយ​ក្នុង​ពេល​តែ​មួយ ត្រូវ​បញ្ចៀស​​​ការ​ឆ្លង​ជំងឺ ដែល​អាច​កើត​មាន​»​។

ក្រុម RB Leipzig បាន​បន្ត​មិន​ធ្វើ​ការ​ហ្វឹកហាត់​សម្រាប់​ក្រុម​ខ្លួន ខណៈ​ក្រុម Augsburg បាន​ចាប់​ផ្ដើម កាល​ពី​ថ្ងៃទី ​២៣ ខែ​មីនា ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ មាន​តែ Freiburg និង​​ Werder Bremen ប៉ុណ្ណោះ ដែល​មិន​ទាន់​ត្រឡប់​មក​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​។  

ជុំវិញ​បញ្ហា​នេះ លោក​ Florian Kohfeldt គ្រូបង្វឹក​ក្រុម Werder Bremen បាន​ប្រាប់ SID ថា​ គាត់​​បារម្ភ​ពី​ការ​ខូច​ទ្រង់ទ្រាយ​នៃ​ការ​ប្រកួត​នាពេល​ខាង​មុខ​។

ចំណែក​លោក​ Carlo Ancelotti អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​បច្ចុប្បន្ន កំពុង​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស Everton ​បាន​ប្រាប់​កាសែត​​ L''Equipe ​ថា​៖ «​រឿង​សំខាន់​មួយ គឹ​ថា​ក្លិប​ទាំង​អស់ ត្រូវ​ចាប់​ផ្ដើម​ហាត់​ដំណាល​គ្នា គ្មាន​មុន គ្មាន​ក្រោយ ដើម្បី​ធានា​ថា ​ក្រុម​ទាំង​អស់ មិន​មាន​​ក្រុម​ណា​ចំណេញ​​ជាង​ក្រុម​ណា​»​។ ​​​​​

នៅ​ពេល​សួរ​ថា តើ​ត្រូវ​ការ​យូរ​ប៉ុន​ណា ដើម្បី​ឲ្យ​កីឡាករ​ទាំង​អស់ មាន​ភាព​រឹងមាំ​ឡើង​វិញ ដើម្បី​នឹង​អាច​ប្រឈម​ជាមួយ​ក្រុម​ធំៗ​ នៅ​អឺរ៉ុប ក្រោយ​ពី​មាន​ការ​រំខាន​ពាក់​កណ្ដាល​រដូវកាល​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​​​នោះ ​លោក Juanjo Del Ojo គ្រូ​បង្ហាត់​ផ្នែក​កាយ​សម្បទា​ក្នុង​ក្លិប Monaco បាន​ប្រាប់​ AFP ថា​៖ «​វា​អាស្រ័យ​លើ​ការ​ផ្អាក​នេះ​យូរ​ប៉ុនណា។ បើ​វា​បន្ត​ដល់ ៥ ឬ ​៦ ​សប្ដាហ៍​នោះ ​យើង​ត្រូវ​ការ​ពេល​យ៉ាង​តិច ៣ ​សប្ដាហ៍ មុន​ពេល​យើង​អាច​​ត្រឡប់​ទៅ​ចាប់​ផ្ដើម​ការ​ប្រកួត​វិញ ដោយ​សុវត្ថិភាព និង​កាត់​បន្ថយ​ហានិភ័យ​ដែល​នាំ​ឲ្យ​មាន​របួស​»​៕ AFP/VN