ក្រុងសៅប៉ូឡូ៖ ក្លិបបាល់ទាត់ធំៗរបស់ប្រទេស ប្រេស៊ីល បានប្រគល់កីឡដ្ឋានរបស់ពួកគេឲ្យទៅក្រុមមន្ត្រីសុខាភិបាល ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺ ដែលទង្វើនេះ គឺចង់រួមចំណែកប្រយុទ្ធប្រឆាំងនឹងការរាលដាលវីរុសកូរ៉ណាដ៏គ្រោះថ្នាក់។
ដោយសារការប្រកួតបាល់ទាត់ក្នុងប្រទេសត្រូវផ្អាករយៈពេលវែង ធ្វើឲ្យជាងពាក់កណ្ដាលនៃក្លិប ដែលលេងក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេស ប្រេស៊ីល បានលះបង់កីឡដ្ឋានរបស់ពួកគេ ស្របពេលដែលខាងក្រុមគ្រូពេទ្យ ក្នុងក្រុង Sao Paulo និងក្រុង Rio de Janeiro កំពុងស្វះស្វែងរកកន្លែងដាក់អ្នកជំងឺ ដោយសារមន្ទីរពេទ្យមិនអាចទទួលអស់។
ក្រុមជើងឯកប្រចាំទ្វីបអាមេរិកឡាទីន បច្ចុប្បន្នគឺក្រុម Flamengo បានសម្រេចផ្ដល់សិទ្ធិគ្រប់គ្រងកីឡដ្ឋានដ៏ល្បីរបស់ខ្លួន គឺ Maracana នាក្រុង Rio de Janeiro ឲ្យទៅក្រុមមន្ត្រីពេទ្យរួចរាល់ហើយដែរ។ នេះបើតាមសម្ដីរបស់ប្រធានក្លិប គឺលោក Rodolfo Landim។
លោក Landim បានសរសេរសារផ្ញើទៅកាន់អ្នកគាំទ្ររបស់ក្លិបថា៖ «ក្នុងពេលវេលាដ៏សែនអាប់អួនេះ ខ្ញុំចង់ជូនដំណឹងដល់អ្នកគាំទ្រក្រុមក្រហមខ្មៅដ៏ស្មោះស្ម័គ្រទាំងឡាយឲ្យបានដឹងថា យើងកំពុងប្រឹងប្រែងរួមចំណែកជួយឲ្យអ្វីៗប្រសើរឡើងវិញ។ សូមចូលរួមថែទាំចាស់ៗទាំងអស់គ្នា ហើយចូលរួមជួយអ្នក ដែលកំពុងត្រូវការជំនួយខ្លាំងបំផុត»។
ជាមួយគ្នានេះ អាជា្ញធរក្នុងក្រុង Sao Paulo ដែលជាក្រុងធំបំផុតរបស់ប្រទេស ប្រេស៊ីល បានប្រាប់ថា នឹងដំឡើងគ្រែសម្រាប់អ្នកជំងឺចំនួន ២០០ គ្រែ ក្នុងកីឡដ្ឋាន Pacaembu ដើម្បីជួយសម្រាលមន្ទីរពេទ្យរបស់ក្រុង។
ក្រៅពីកីឡដ្ឋានរបស់ Flamengo កីឡដ្ឋានផ្សេងទៀត មានដូចជា Itaquerao របស់ក្រុម Corinthians និង Vila Belmiro របស់ក្រុម Santos ជាដើម សុទ្ធតែត្រូវបានប្រកាសថា បានប្រគល់ឲ្យទៅពេទ្យរួចរាល់ហើយ ដើម្បីយកទៅធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលត្រូវបានគេអះអាងថា មានមនុស្សប្រមាណ ១ ១២៨ នាក់ បានឆ្លង ហើយ ១៨ នាក់បានស្លាប់ ក្រោយវីរុសនេះបានរាលដាលមកដល់ប្រទេស ប្រេស៊ីល។
រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេស ប្រេស៊ីល លោក Luiz Henrique Mandetta បានទាយទុកថា វីរុសនេះនឹងឡើងដល់កម្រិតកំពូលរបស់វា ក្នុងប្រទេសរបស់លោក ក្នុងចន្លោះរវាងខែមេសា និងមិថុនា ហើយលោកក៏ប៉ាន់ស្មានថា អាចនឹងធ្លាក់ចុះចាប់ពីខែកញ្ញា។
ជាមួយគ្នានេះ លោក Mandetta បានធ្វើការព្រមានថា ប្រព័ន្ធសុខភាពរបស់ប្រទេស ដែលមានប្រជាជន ២១០ លាននាក់នេះ អាចនឹងពេញប្រៀបត្រឹមដំណាច់ខែមេសានេះ៕ AFP/VN