
កុមារា និងកុមារីកំព្រា ថតរូបរួមគ្នា ក្រោយពីទទួលបានសម្ភារកីឡាដូចគ្នា។ សហការី
ភ្នំពេញ: ក្លិបកីឡាបាល់ទាត់វិសាខា បានបិទបញ្ចប់បេសកកម្មក្នុងការផ្តល់ឱកាសឲ្យកុមារា-កុមារីប្រមាណ ១៣៣ នាក់ឲ្យទទួលយកបទពិសោធបាល់ទាត់ និងសម្ភារកីឡាពីក្លិបមួយនេះ ក្នុងកម្មវិធីមួយដែលរៀបចំឡើងជាលើកទី ៣ មានឈ្មោះថា «សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់» ដែលបានប្រារព្វពិធីបិទនៅល្ងាចថ្ងៃចន្ទ នៅទីលានសាកលវិទ្យាល័យខេត្តបាត់ដំបង។
លោកស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងជាប្រធានក្លិបបាល់ទាត់វិសាខា លោកស រដ្ឋា ប្រធានស.ស.យ.ក ខេត្តបាត់ដំបង និងលោក ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំកីឡាជាច្រើនទៀត បានចូលរួមជាអធិបតីក្នុងកម្មវិធីដ៏ពិសេសនេះ ជាមួយកីឡាករ-កីឡាការរិនីវ័យក្មេង ដែលជាក្មេងកំព្រាក្នុងខេត្ត បាត់ដំបងចំនួន ១៣៣ នាក់។
លោកហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខា បានឲ្យដឹងថា៖ «នេះជាលើកទី ១ ដែលក្លិបវិសាខាបានឈានជើងមកធ្វើកម្មវិធីសប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់នៅខេត្តបាត់ដំបង ដោយមានបំណងចង់ពង្រីកប្រជាប្រិយភាព និង ចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ ការងារសង្គម ចែករំលែកបទពិសោធ និងផ្ដល់ក្ដីសប្បាយរីករាយដល់កុមារា-កុមារី ដើម្បីបានចូលរួម និងទទួលបានបាល់ ខោអាវ ស្បែកជើង ដូចគ្នា។
លោកបានបន្តថា៖ «កម្មវិធីនេះធ្លាប់ធ្វើឡើងនៅខេត្តព្រៃវែងចំនួន ២ លើកមកហើយ នៅឆ្នាំ ២០១៨ នេះ នៅខែមេសាម្តង និងខែកក្កដាម្តង។ កម្មវិធីនេះជាទស្សនវិស័យ និងគោលបំណងពង្រឹងពង្រីកសមត្ថភាពក្មេងៗរបស់ថ្នាក់ដឹកនាំក្លិបវិសាខា ដែលមានលោកស សុខា ជាប្រធាន។ ជាមួយគ្នានេះ សមាជិកក្លិបវិសាខា បានផ្ដល់មេរៀនកីឡាបាល់ទាត់ ដែលមានលក្ខណៈបច្ចេកទេស និងសប្បាយៗ ព្រមទាំងចែកសម្ភារកីឡាដល់កុមារា កុមារីកំព្រាទាំងអស់ផងដែរ ដើម្បីឲ្យមានភាពកក់ក្តៅរួមចំណែកជួយសង្គម។ បន្ថែមលើសពីនេះ អ្វីដែលមានការភ្ញាក់ផ្អើលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមក្មេងៗលេងបាល់ទាត់ទាំងនេះមាន ៦០ ភាគរយជាកុមារី។
មន្ត្រីព័ត៌មានប្រចាំក្លិបកីឡាវិសាខា បានឲ្យដឹងថា៖ «តាមគម្រោងកម្មវិធី «សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់» នេះនឹងបន្តទៅខេត្តបន្ទាយមានជ័យ នៅខែក្រោយដើម្បីផ្តល់ឱកាសឲ្យក្មេងៗដែលមានឧបនិស្ស័យ ពិសេសក្មេងៗកំព្រាបានទទួលការជួយឧបត្ថម្ភ និងភាពកក់ក្តៅ។ ក្នុងផែនការនេះ ឯកឧត្តមប្រធានក្លិបនឹងបន្តជួយពង្រីកសកម្មភាពប្រដាល់សកល និងប្រដាល់គុនខ្មែរថ្នាក់ថ្នាលនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ»៕