ក្រុងប៉ារីស: ក្លិប Barcelona បានអនុញ្ញាតឲ្យខ្សែបម្រើ Paulinho ដែលជាសមាជិករបស់ក្រុមប្រេស៊ីល ដែលធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup វគ្គ ៨ ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក វិលទៅកាន់អតីតក្លិបរបស់គេវិញគឺ Guangzhou Evergrande ក្នុងនាមជាកីឡាករកម្ចី។ នេះបើយោងទៅតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌចិន Super League មួយនេះ កាលពីថ្ងៃអាទិត្យ។

ក្លិបបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «ក្លិប Guangzhou Evergrande សូមធ្វើការប្រកាសថា Paulinho បានវិលទៅកាន់ក្លិបនេះវិញ ក្រោយពីចំណាយពេល១រដូវកាលជាមួយនឹងក្លិប Barcelona»។

Paulinho វ័យ២៩ឆ្នាំ ដំបូងឡើយបានចូលរួមជាមួយនឹងក្លិប Guangzhou ក្រោយពីចាកចេញពីក្លិប Tottenham Hotspur ក្នុងឆ្នាំ ២០១៥ ដោយបានលេងការប្រកួត៨៤លើក និងស៊ុតបាល់បញ្ចូលទី២៤គ្រាប់ នៅមុនពេលចាកចេញដើម្បីចូលរួមជាមួយនឹងក្លិប Barcelona ក្នុងឆ្នាំ២០១៧។

រូបគេបានស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga 34 សម្រាប់ក្លិបយក្សអេស្ប៉ាញ មួយនេះ កាលពីរដូវកាលមុន៕ IS

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ម៉ិក​ស៊ិក Carlos Salcedo (ស្តាំ) ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​បម្រើ​ប្រេស៊ីល Paulinho ក្នុង​ការប្រកួត​កន្លង​មក​។ AFP