ក្រុងឡុងដ៍៖ ក្លិប Chelsea បានសម្រេចដាក់ឲ្យខ្សែបម្រើវ័យក្មេង Billy Gilmour ចូលលេងនៅក្នុងក្រុមជម្រើសទី ១ ជាអចិន្រ្តៃយ៍។
ខ្សែបម្រើ Gilmour អាយុ ១៨ ឆ្នាំ បានបង្ហាញខ្លួន ៥ លើក សម្រាប់ក្រុមកីឡាករអាជីពរបស់ក្រុម Chelsea នៅរដូវកាលនេះ ប៉ុន្តែកីឡាកររូបនេះត្រូវប្រើជាទូទៅនៅក្នុងការប្រកួតក្រោមអាយុ ២៣ ឆ្នាំ របស់ក្លិបនេះ។
ទោះយ៉ាងណា កីឡាករវ័យក្មេងសញ្ជាតិស្កុតឡេនរូបនេះ បានបង្ហាញពីការសន្យាដ៏អស្ចារ្យចំពោះបុគ្គលិកបង្វឹកដែលពួកគេបានសម្រេចចិត្តថា ទេពកោសល្យរបស់រូបគេនឹងកាន់តែល្អប្រសើរនៅក្នុងក្រុមជម្រើសទី ១។
លោក Frank Lampard ទទួលបានការសរសើរចំពោះការប៉ិនប្រសប់នៅក្នុងការប្រើកីឡាករក្មេងៗនៅរដូវកាលនេះ ហើយកីឡាករ Gilmour ត្រូវបានចាត់ទុកថាជាកីឡាករម្នាក់ដែលនឹងមានពន្លឺបំផុតនៅក្រុម Chelsea។
លោក Lampard បានឲ្យកីឡាករ Gilmour ដឹងពីការសម្រេចចិត្តរបស់គាត់នេះនៅក្នុងអំឡុងពេលដែលក្លិប Chelsea បានធ្វើដំណើរទៅកាន់ ទឹកដីក្រុម Leicester City នៅដើមខែកុម្ភៈ នេះ។
ខ្សែបម្រើ Gilmour បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិប តោខៀវ Chelsea ថា៖ «វាជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់»។
ខ្សែបម្រើរូបនេះបានបន្ថែមថា៖ «ខ្ញុំបានទៅជាមួយក្រុមនេះ ទៅកាន់ទឹកដីក្លិប Leicester ហើយបើទោះជាខ្ញុំមិនបានចូលលេងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Lampard បានប្រាប់ខ្ញុំថា ក្រោយពីការសម្រាករដូវត្រជាក់នេះហើយ ខ្ញុំនឹងចូលរួមជាមួយក្រុមដំបូងជារៀងរហូត»។
ខ្សែបម្រើវ័យក្មេងរូបនេះបានបន្ថែមទៀតថា៖ «វាជាក្តីសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ ខ្ញុំគិតថា វាជាជំហានធំលើកដំបូងឆ្ពោះទៅបន្ទប់សម្រាករបស់ក្រុមដំបូងនៅក្លិបមួយដូចជាក្លិប Chelsea។ វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ»។
ខ្សែបម្រើ Gilmour បានបន្ថែមថា៖ «ការដឹងថា អ្នកគ្រប់គ្រងមានជំនឿចិត្តចំពោះខ្ញុំបែបនេះ គឺពិតជាប្រសើរខ្លាំងណាស់ព្រោះវាធ្វើឲ្យខ្ញុំមានទំនុកចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំឈានជើងចូលទីលាននេះ។ ខ្ញុំគិតថា រឿងនេះគឺដូចអ្នកដទៃទៀតនៅទីនេះអ៊ីចឹងដែរ»។
ខ្សែបម្រើរូបនេះបានបន្តថា៖ «កត្តាអាយុមិនមែនជាបញ្ហានោះទេនៅទីនេះ។ អ្នកចាត់ការបានបង្ហាញថា ប្រសិនបើអ្នកខិតខំ និងមានទម្រង់លេងល្អ នោះអ្នកនឹងទទួលបានឱកាស ហើយសង្ឃឹមថា ខ្ញុំអាចបន្តខិតខំធ្វើការហ្វឹកហាត់រាល់ថ្ងៃ»។
គួរបញ្ជាក់ដែរថា ក្លិបតោខៀវ Chelsea នឹងធ្វើការប្រកួតក្នុងទឹកដីរបស់ខ្លួនជាមួយក្រុម Man Utd នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ៕ AFP/SN