ក្រុង​ឡុងដ៍៖ ក្លិប Tottenham បាន​ឡើង​ដល់​ជុំ​ទី ​៤ ​នៃ​ការ​ប្រកួត​ FA Cup ខណៈ​ដែល​កីឡាករ​ Giovani Lo Celso រក​បាន ​១ ​គ្រាប់ ​ដ៏​កម្រ​ក្នុង​ជ័យជម្នះ​របស់​ខ្លួន​ ២-១ ទៅ​លើ​ក្រុម​ Middlesbrough​ ចំណែក​ខ្សែ​ប្រយុទ្ធ​ Joelinton នៅ​​ក្រុម Newcastle រក​បាន​គ្រាប់​បាល់​ជា​លើក​ដំបូង​តាំង​ពី​ខែ​សីហា​ ក្នុង​ជ័យជម្នះ​ទៅ​លើ​ក្រុម​ Rochdale កាល​ពី​ថ្ងៃ​អង្គារ​។​​

ក្រុម​របស់​លោក​ Jose Mourinho ស្ទើរ​តែ​​បាន​ផ្ដួល​​ក្រុម​កម្រិត​លេខ ​២​ Middlesbrough នៅ​​ក្នុង​រយៈពេល ​១៥ ​នាទី​​ដំបូង ​នៃ​ការ​ជួប​គ្នា​ម្ដង​ទៀត​នៅ​ជុំ​ទី ​៣ នេះ​​នៅ​​កីឡដ្ឋាន​ Tottenham Hotspurs​ ទៅ​ហើយ​ដោយ​កីឡាករ​ Lo Celso និង​កីឡាករ​ Erik Lamela ប៉ុន្តែ​គូ​ប្រជែង​របស់​ពួក​គេ​រក​បាន ​១ ​គ្រាប់​វិញ ​នៅ​នាទី​ទី ​៨៣ ​ដោយ​កីឡាករ Saville។​​​

កីឡាករ​ Lo Celso ដែល​ខ្ចី​ជើង​មក​ពី​ក្លិប Real Betis បាន​ជួយ​ឲ្យ​ក្រុម​ Spurs នាំ​មុខ ​១​ គ្រាប់​មុន​ ហើយ​នេះ​ជា​គ្រាប់​បាល់​ទី ​២ ​របស់​រូប​គេ​នៅ​រដូវកាល​នេះ​ និង​ជា​លើក​ដំបូង​តាំង​ពី​ការ​ប្រកួត​ Champions League ជា​មួយ​ក្រុម​ Red Star Belgrade កាល​ពី​ខែ​វិច្ឆិកា​។​

វា​ជា​ពេល​វេលា​ជំរុញ​ទឹក​ចិត្ត​មួយ​សម្រាប់​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ​ដែល​បាន​ស៊ូទ្រាំ​នឹង​រដូវកាល​ដ៏​លំបាក​មួយ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដ៍​ ប្រទេស ​អង់គ្លេស​។

តាម​ពិត​ទៅ​ក្រុម​ Tottenham របស់​លោក Mourinho ចង់​បាន​ត្រឹម​តែ​ស្មើ​ដូច​ការ​ប្រកួត​​នៅ​កីឡដ្ឋាន Riverside កាល​ពី​ដើម​ខែ​នេះ ​ដើម្បី​គេច​ផុត​ពី​ការ​ធ្លាក់​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ​។​​​​

ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ ​៥ ​លើក ​ដើម្បី​កុំ​ឲ្យ​រង​បរាជ័យ​ដូច​កាល​ពី​ចុង​សប្ដាហ៍​មុន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ Liverpool ដោយ​ដាក់​កីឡាករ​ Christian Eriksen ដែល​មាន​ទំនាក់ទំនង​ទៅ​ចូលរួម​នឹង​ក្រុម​ Inter Milan នៅ​ខែ​មករា​នេះ​ ឲ្យ​​ចូល​លេង​ ​បើ​ទោះ​ជា​ទម្រង់​លេង​របស់​កីឡាករ Dane កំពុង​រង​ផល​ពី​ការ​ជជែក​ពី​ការ​ផ្ទេរ​ក៏​ដោយ​។​​

លោក Mourinho បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​ប្រាប់​កូន​ក្រុម​របស់​ខ្ញុំ​នៅ​តង់​ទី ​១ ​ថា ប្រសិន​បើ​យើង​មិន​រក​ឲ្យ​បាន​ ៣-០ ទេ​ ពេល​នោះ​លទ្ធផល​ ២-១ គឺ​យើង​មាន​បញ្ហា​ហើយ​ ហើយ​វា​បាន​កើត​ឡើង​មែន​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ក្មេង​ទាំង​នេះ​កំពុង​ព្យាយាម​អស់​ពី​លទ្ធភាព​។ តើ​ឥឡូវ​នេះ​ពាន​រង្វាន់​ FA Cup គឺ​ជា​ពាន​សំខាន់​ឬ​?​ នៅ​ក្នុង​ពេល​នេះ​ វា​មិន​មែន​ជា​អាទិភាព​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​លេង​ក្នុង​ការ​ប្រកួត​ដ៏​លំបាក​មួយ​ជាមួយ​ក្រុម​ Watford ក្នុង​ក្របខ័ណ្ឌ​ Premier League»​។​

ចំណែក​នៅ​​កីឡដ្ឋាន​ St Jame''s Park ឯ​ណោះ​វិញ​ ក្រុម Newcastle បាន​ខ្ជះខ្ជាយ​ពេល​វេលា​តិចតួច​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​កម្រិត​លេខ ​៣​ Rochdale​ ខណៈ​ដែល​ពួក​គេ​បាន​កំណត់​​កាល​បរិច្ឆេទ​ជាមួយ​ក្រុម​ Oxford ដែល​លេង​នៅ​លីក​ League One សម្រាប់​​វគ្គ​ ៣២​ ក្រុម​ចុង​ក្រោយ ​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​ជាមួយ​ជ័យជម្នះ​ ៤-១។​

ទម្រង់​លេង​របស់ក្លិប​​ Newcastle ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup គឺ​អាក្រក់​បំផុត​ដែល​ពួក​គេ​មិន​ធ្លាប់​ឆ្លង​កាត់​​ឲ្យ​ហួស​ពី​ជុំ​ទី ​៤ ​អស់​រយៈ​ពេល ​១៣ ​ឆ្នាំ​មក​ហើយ​ និង​មិន​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​តាំង​ពី​ឆ្នាំ ​១៩៥៥​ ហើយ​ការ​បាន​​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​ជា​លើក​ចុង​ក្រោយ​របស់​ពួក​គេ គឺ​​នៅ​ឆ្នាំ ​១៩៩៩។​​

ខ្សែ​ការពារ​ Eoghan O''Connell រក​បាន ​១ ​គ្រាប់​មុន​គេ​ ហើយ​គ្រាប់​ទី ​២ ​ដោយ​​កីឡាករ​ Matty Longstaff បន្ទាប់​មក​កីឡាករ​ Almiron រក​បាន ​១ ​គ្រាប់ ​មុន​ពេល​កីឡាករ​ Allan បន្ថែម ​១ ​គ្រាប់​ចុង​ក្រោយ ​ប៉ុន្តែ​នៅ​នាទី​ទី ​៨៣ កីឡាករ​ M.J. Williams រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ​។​

លោក​ Steve Bruce គ្រូ​បង្វឹក​ក្លិប Newcastle បាន​និយាយ​ថា៖ «​វា​ជា​ការងារ​លំបាក​មួយ​នៅ​ចំពោះ​មុខ​ព្រោះ​បន្ទុក​ដែល​ធ្លាក់​មក​លើ​អ្នក​ អាច​កាន់​តែ​លំបាក​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​អ្នក​មិន​ដែល​ព្រួយ​បារម្ភ​ដោយសារ​អ្នក​ឃើញ​គាត់​ធ្វើ​ការ​ហ្វឹកហាត់​ និង​ដឹង​ថា គាត់​នឹង​ធ្វើ​បាន​សម្រេច​។ ចូរ​យើង​សង្ឃឹម​ថា វា​នឹង​ផ្ដល់​ទំនុក​ចិត្ត​ដល់​គាត់​»​៕ AFP/SN