ក្រុងស៊ីដនី៖ ក្លិបបាល់ទាត់ធំមួយនៅប្រទេស អូស្ត្រាលី Melbourne Victory បានបណ្ដេញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់របស់ខ្លួនគឺលោក Marco Kurz ក្រោយពីដឹកនាំបានតែ ១៣ ប្រកួត កាលពីថ្ងៃពុធគឺរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីគាត់ត្រូវបានបណ្ដេញចេញពីទីលានប្រកួតដោយសារប្រើពាក្យមិនសមរម្យ។
ក្លិបលេងនៅលីក A-League នេះបានតែងតាំងជំនួយការគ្រូម្នាក់ដែលធ្លាប់ធ្វើជាគ្រូយុវជននៅក្លិប Real Madrid គឺលោក Carlos Perez Salvachua ឲ្យធ្វើជាគ្រូបង្វឹកដឹកនាំបន្ត។
ក្លិប Victory បានឈ្នះតែម្ដងគត់ក្នុងចំណោម ៤ ប្រកួតនៅរដូវកាលនេះ និងចាញ់ ៦ លើករួមទាំងការចាញ់ ៣-២ ចំពោះក្រុម Center Coast Marines ពីថ្ងៃចន្ទជាពេលដែលគេបានឃើញលោក Kurz ទទួលកាតក្រហមសម្រាប់ការប្រមាថមន្ត្រីម្នាក់។
ក្លិបនេះបាននិយាយក្នុងរបាយការណ៍ខ្លីមួយថា៖ «ក្លិប Melbourne Victory សូមធ្វើការជូនដំណឹងថា ក្លិបនេះបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក គឺលោក Marco Kurz និងជំនួយការគ្រូលោក Filip Tapalovic ស្រេចបាច់ហើយ»។
របាយការណ៍របស់ក្លិបនេះបានបន្ថែមថា៖ «ក្លិបនេះសូមថ្លែងអំណរគុណលោក Marco និងលោក Filip ចំពោះការបំពេញការងាររបស់ពួកគេនៅរដូវកាលនេះ»។
លោក Kurz អតីតខ្សែការពារនៅក្លិប Borussia Dortmund បានចាកចេញពីក្រុម Adelaide United ដែលលេងនៅលីក A-League នៅឆ្នាំនេះ ធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងឡើងថែមទៀតជាមួយឋានៈរបស់ក្រុមនេះដោយសារកង្វះមូលនិធិក្នុងការជ្រើសរើសកីឡាករថ្មីចូលថែមទៀត។
ក្លិប Victory បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ៦ នៅក្នុងក្របខ័ណ្ឌ A-League ដែលមាន ១១ ក្រុម និងមាន ១៩ ពិន្ទុ តាមពីក្រោយក្រុម Sydney FC ដែលឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌមួយនេះ៕ AFP/SN