ភ្នំពេញ៖ ខេម ​ចាន់ ជា​អ្នក​ប្រដាល់​ឆ្នើម​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម ​មក​ពី​ក្លិប​កងទ័ព​ឆត្រយោង ​៩១១ ​បាន​យក​ឈ្នះ​កីឡាករ​​រុស្ស៊ី ​Vlaimir Lytkin ដោយ​ចំណាយ​រយៈពេល​តែ ​១ ​នាទី​​ប៉ុណ្ណោះ ​នៅ​ក្នុង​ការ​ប្រ​កួត ​Mas Fight Cambodia របស់​ទូរទស្សន៍​ថោន​​កាល​​ពី​យប់​ថ្ងៃ​អាទិត្យ​។ ​

ជាមួយ​គ្នា​នោះ​ដែរ ​កីឡាករ​កម្ពុជា​ជើង​ល្បី​ចំនួន ​៤ ​នាក់​ទៀត​មាន​កីឡាករ ​បឺត ​សង្ឃឹម​, សុខ ​សាវិន ​បាន​​ត្រឹម​​ស្មើ​​ ខណៈ​កីឡាករ​ ​ទូច​ ទូ​ សន្លប់​​ក្រោម​ស្នៀត​កែង​របស់​កីឡាករ​រុស្ស៊ី​ ​Nikita ចំណែក​​កីឡាករ ​ពុទ្ធ ​ហ៊ុច បាន​​ផ្តួល​កីឡាករ ​Spiros Beshiris ​មក​​ពី​ប្រទេស ​ក្រិក ​​ឲ្យ​​ចុះ​ចាញ់​​ត្រឹម​រយៈពេល ​១ ​នាទី ​និង ​៣០ ​វិនាទី ​ដើម្បី​ទទួល​ប្រាក់​បន្ថែម​ចំនួន ​១ លាន ​៦ ​សែន​រៀល ​​ពី​លើ​​តម្លៃ​ខ្លួន​​។

ជាមួយ​នឹង​ការ​សន្សំ​ប្រវត្តិ​ឈ្នះ​​ឲ្យ​ល្អ​កីឡាករ​ ខេម ​ចាន់ ​ត្រូវ​​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​មាន​ទីផ្សារ​ប្រកួត​ដើម្បី​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Kick​Boxing ​នៅ​​ក្នុង​ប្រទេស ​ជប៉ុន ​នា​ខែ​មេសា​ ឆ្នាំ ​២០២០​ ខាង​មុខ។​

ងាក​មក​និយាយ​ពី​លទ្ធផល​ប្រកួត​នា​សង្វៀន​ Mas Fight Cambodia ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​សប្តាហ៍​ទី ​១៥ ​នេះ​បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង ​ខណៈ​ដែល​ការ​ប្រកួត​បាន​ឈាន​ទៅ​រក​​ភាព​ជោគជ័យ​ដោយ​ស្រូប​ទាញ​អ្នក​ទស្សនា​ពេញ​ផ្ទៃ​សង្វៀន ​ខណៈ​ដែល​ការ​ប្រកួត​កាន់​តែ​ស្រួចស្រាវ​ជាមួយ​ប្រាក់​រង្វាន់​បន្ថែម​ដែល​គាំទ្រ​ថវិកា​យ៉ាង​ធំ​ពី​ផលិតផល​មក​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក ​គឺ​ក្រុមហ៊ុន​ជីបម៉ុង​។​

កីឡាករ ​ខេម ​ចាន់​ ដែល​មាន​ប្រវត្តិ​ប្រកួត​ក្នុង​ស្រុក​ចំនួន​ជាង ២ ​​ឆ្នាំ ​ដែល​មិន​ធ្លាប់​​ចាញ់​សោះ​​នោះ​បាន​​ប្រើ​ក្បាច់​ដាល់​យ៉ាង​ល្អ​ចូល​គោលដៅ​ធ្វើ​ឲ្យ​កីឡាករ​​រុស្ស៊ី​ ​Vlaimir Lytkin ​ដួល​សន្លប់​​ងើប​​មិន​​រួច​ ​ហើយ ​ខេម ​ចាន់ ​បាន​ទទួល​ជ័យជម្នះ​​ដោយ​​មិន​លំបាក​ចំណាយ​កម្លាំង​ និង​ពេល​វេលា​​ច្រើន​នោះ​ឡើយ ​គឺ​ត្រឹម​តែ​មិន​គ្រប់ ​១ ​​នាទី​ប៉ុណ្ណោះ​​។​

លោក ​ស្រុន ​កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​សង្វៀន​ Mas Fight Cambodia ​របស់​​ទូរទស្សន៍​ថោន​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា​៖ «​​បេក្ខជន ​គឺ​កីឡាករ ​ខេម ​ចាន់ ​នេះ​​ល្អ​ណាស់​ ហើយ​តាមរយៈ​សមត្ថភាព​នេះ​ត្រូវ​បាន​សម្រិត​សម្រាំង​ដើម្បី​ចេញ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន​នៅ​ប្រទេស ​ជប៉ុន ​នា​ខែ​មេសា​ ឆ្នាំ ​២០២០​ ​ខាង​មុខ​​ក្នុង​កម្មវិធី​ ​Rise ​Kick​Boxing​»​។

លោក​ ស្រុន​ កុសល​​ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ក្នុង​នាម​ជា​ខ្មែរ ​គឺ​ចង់​លើក​ស្ទួយ​កីឡាករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ​ប្រកួត​ច្រើន​លើ​ឆាក​អន្តរជាតិ ​ដើម្បី​ជីវភាព​ និង​មុខ​មាត់​កីឡាករ​ក៏​ដូច​ជា​ប្រទេស​ជាតិ ​ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​មក ​ខ្ញុំ​លំបាក​ជួយ​ដោយសារ​កម្រិត​បច្ចេកទេស​របស់​កីឡាករ​របស់​ខ្មែរ​យើង​ភាគ​ច្រើន​ចេញ​ទៅ​សន្លប់​លឿន​ពេក​នាំ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ​និង​គ្មាន​ពាក្យ​អ្វី​និយាយ​ជាមួយ​ខាង​អន្តរជាតិ​»​។

លោក​បន្ត​ថា៖ ​«​នេះ​ជា​ការ​ប្រឹងប្រែង​ជា​ថ្មី ​ខណៈ​ដែល​ច្រើន​ឆ្នាំ​កន្លង​មក​ ខ្ញុំ​ផ្អាក​មួយ​រយៈ​មិន​បាន​ភ្ជាប់​ទំនាក់ទំនង​ខាង​អន្តរជាតិ​ ហើយ​បច្ចុប្បន្ន​​បើ​កីឡាករ​មាន​សមត្ថភាព​ល្អ​ ខ្ញុំ​នឹង​ខិតខំ​​ប្រឹងប្រែង​រក​ទីផ្សារ​ប្រកួត​ជូន​ទាំង​អស់​»​។​

ចំណែក​លទ្ធផល​គូ​ផ្សេងៗ​មាន​កីឡាករ ​បឺត ​សង្ឃឹម ​មក​ពី​ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​​វ៉ៃ​បាន​ល្អ​ជាមួយ​ ​I Bank Chokdee ​មក​ពី​ប្រទេស ​ឡាវ​ និង​កីឡាករ ​សុខ​​ សាវិន ​មក​​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​ប៉ះ​ជាមួយ​កីឡាករ​ឡាវ ​I Muet Chokdee ​ខណៈ​ដែល​ច្បាប់​ប្រកួត​សង្វៀន​​ Mas Fight ​នេះ​​ដែល​មិន​អាច​ផ្តួល​គូ​ប្រកួត​បាន​ត្រូវ​បាន​ប្រកាស​ឲ្យ​ស្មើ​ដោយ​គ្មាន​គិត​ពី​ពិន្ទុ​នោះ​ឡើយ​៕