ភ្នំពេញៈ អ្នក​ប្រដាល់ ខេម ចាន់ មកពី​ក្លិប​កងពល​តូច​ទ័ព​ឆត្រយោង​ ៩១១ ត្រូវ​បាន​គេ​រំពឹងថា នឹង​អាច​យក​ឈ្នះ​កីឡាករ​ជើង​ថ្មី ជី ឆៃលី របស់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ នា​យប់​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ជើងឯក TV5 Boxing Knock Out Series ទម្ងន់​ ៥៤ ​គីឡូក្រាម បើ​ទោះបី​ជា​គ្រូបង្វឹក​លោក ធន់ សុភា មាន​ទំនុកចិត្ត​ខ្ពស់​ទៅលើ ជី ឆៃលី ថា សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ​ក៏ដោយ​។

មុន​នឹង​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ខេម ចាន់ ដែល​ជា​អតីត​ម្ចាស់​ជើងឯក​មេដាយមាស កីឡា​ជាតិ​លើក​ទី​ ២ ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ការប្រកួត​យ៉ាង​ល្អ​បំផុត​ក្នុង​ការប្រកួត​ជម្រុះ​ទាំង​ ៤ ​លើក​កន្លង​មក​នេះ​ដោយ​រូបគេ​បាន​ផ្តួល សំណាង សុខនឿន មកពី​ក្លិប​កងចក្រ​រាជសីហ៍​មានរិទ្ធ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​ ២ ឈ្នះ គឿម សុវណ្ណឌឿត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង​ក្នុង​ទឹក​ទី​ ២ ​ដែរ រួច​ឈ្នះ គីន ខ្លឹម (​សិស្ស​ប្អូន​ទំនង​ដូច​បន្ធូរដៃ​) មកពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​ ៩១១ ​ជាមួយ​គ្នា​ដោយ​ពិន្ទុ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខេម ចាន់ បាន​ឈ្នះ ឡុង ណងសៅ មកពី​ក្លិប​សាលវ័ន្ត​កីឡា​ដោយ​ពិន្ទុ​។

ចំណែក ជី ឆៃលី វិញ​ទោះបី​ជា​បទពិសោធ​នៅ​ខ្ចី​ជាង ប៉ុន្តែ​ក្នុង​ការប្រកួត​ចំនួន​ ៣០ ​លើក​ចាញ់​តែ​ ៦ ​លើក​ប៉ុណ្ណោះ ហើយ​ក្នុង​វគ្គ​ជម្រុះ TV5 Boxing Knock Out Series ចំនួន​ ៤ ​កន្លង​មក​នេះ​គេ​បាន​ឈ្នះ សល់ ស្រស់ ក្លិប​កុសល​កីឡា ក្នុង​ទឹក​ទី​ ៣ ឈ្នះ អេ អាំម៉ារិន ក្លិប​អេភូថង​កីឡា​ដោយ​ពិន្ទុ​ទាំង​ចម្រូងចម្រាស ឈ្នះ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក និង​លើកចុងក្រោយ​ឈ្នះ លី តក់ របស់​ក្លិប​គុន​ខ្មែរ​ក្នុង​ទឹក​ទី​ ២​។

ទោះបី​ជា​យ៉ាងណា​ប្រភព​ពី​អ្នក​តាមដាន​ភាគច្រើន​លើសលប់​សុទ្ធតែ​មាន​ទំនុកចិត្ត​លើ ខេម ចាន់ ជា​អ្នកឈ្នះ និង​ក្លាយ​ជា​ជើងឯក ហើយ​លោក ហង្ស ស៊ឺន គ្រូបង្វឹក ខេម ចាន់ បាន​ប្រាប់​យ៉ាងខ្លី​ថា លោក​សង្ឃឹម​ឈ្នះ​ច្រើន ប៉ុន្តែ​ចាំមើល​វា​វ៉ៃ​គ្នា​សិន ព្រោះ​ដៃគូ​គេ​ល្អ​ដែរ​។ សម្រាប់​យុទ្ធសាស្ត្រ​ប្រកួត​វិញ លោក​បញ្ជាក់​ថា​៖ «​ទុក​ឲ្យ​វា​វ៉ៃ​ខ្លួន​វា និង​តាម​បច្ចេកទេស​របស់​វា​ទៅ ចំណែក​ខ្ញុំ​មិន​ចេះ​និយាយ​មុន​ទេ កុំ​ឲ្យ​គេ​ថា យើង​អួត​»​។

ផ្ទុយ​ទៅវិញ​លោក ធន់ សុភា គ្រូបង្វឹក ជី ឆៃលី បាន​អះអាង​ថា មាន​ទំនុកចិត្ត​ឈ្នះ​ ៧០ ​ភាគរយ ប៉ុន្តែ​សម្រាប់​ក្បាច់​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ សុំ​មិន​និយាយ​នោះ​ទេ ខ្លាច​ដៃគូ​គេ​ដឹង​។ ​លោក​បន្ថែម​ថា​៖ «​ជី ឆៃលី ហ្វឹកហាត់​ទើប​តែ​ ១២ ​ខែ​ប៉ុណ្ណោះ តែ​ការប្រកួត​កាន់តែ​ល្អ​ដូច​សិស្ស​ច្បង ធន់ អៀងឡៃ ដែរ ហេតុនេះ​ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់ ព្រោះ​ខ្ញុំ​បង្វឹក និង​ថែទាំ​វា​ផ្ទាល់ដៃ​។ ទោះ​ជា​យ៉ាងណា​ការ​ចាញ់ឈ្នះ​មិនមែន​ងាយ​អាច​កំណត់​បាន​នោះទេ ព្រោះ​ការប្រកួត​ត្រឹម​ ៣ ​ទឹក យើង​មិន​អាច​ស្ទាបស្ទង់​សមត្ថភាព​សិន​ទេ គឺ​ចូល​វាយ​សម្រុក​តែម្តង ហើយ​ចាញ់ ឬ​ឈ្នះ​នៅ​លើ​កម្លាំង​ជាចម្បង​»​។

ចំណែក​អ្នក​ប្រដាល់ ឡុង ណងសៅ ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ​ ៣ និង​លេខ​ ៤ ជាមួយ លី តក់ ខណៈ​ប្រាក់រង្វាន់​ដែល​នឹង​ទទួល​បាន​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​អ្នក​លេខ​ ១ បាន​ ៤០០០ ​ដុល្លារ​លេខ​ ២ ​បាន​ ២០០០ ​ដុល្លារ​លេខ​ ៣ បាន​ ៧៥០ ​ដុល្លារ និង​អ្នក​លេខ​ ៤ បាន​ ៥០០ ​ដុល្លារ​៕