ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ខ្មែរ​ហ្វៃ «Khmer Fight» ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​អបអរ​សាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ មាន​មហាជន​ចូល​ទស្សនា​ច្រើន​បំផុត ប៉ុន្តែ​លទ្ធផល​នៃ​ការ​ប្រកួត កីឡាករ​ម្ចាស់​ផ្ទះ​កម្ពុជា​ឈ្នះ​ទាំង​អស់ ព្រោះ​ការ​រៀបចំ​ផ្គូផ្គង​កីឡាករ គឺ​ម្ចាស់​ផ្ទះ មាន​សមត្ថភាព​ខ្ពស់​ដាច់​ឆ្ងាយ​ពី​កីឡាករ​មក​ពី​បរទេស។

តាមរយៈ​ការ​ផ្គូ​ផ្គង់​នេះ ត្រូវបាន​គេ​មើលថា Khmer Fight បាន​យក​លំនាំ​តាម​កម្មវិធី Muay Thai ដែល​យក​កីឡាករ​បរទេស​មក សម្រាប់​តែ​ប្រកួត​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ ព្រោះ​តាមរយៈ​ការ​ប្រកួត ៦ គូ កីឡាករ​កម្ពុជា ឡៅ ចិត្ត្រា, ឡៅ ចន្ទ្រា, ឃីម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង និង​ឡុង សំណាង សុទ្ធ​តែ​បាន​វ៉ៃ​បរទេស​ឲ្យ​សន្លប់​បែប​ងាយៗ ចន្លោះ​ពី​ទឹក​ទី ១ ទៅ​ទឹក​ទី ៣ ខណៈ ឯម លេង​ឡី ដែល​មាន​ប្រៀប​ឈ្នះ​ពិន្ទុ​នោះ ត្រូវ​បាន​ទាញ​ឲ្យ​ស្មើ​ថៃ ហើយ​ការ​រៀបចំ​បែប​ជាតិ​និយម​ពេក​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់។

ប៉ុន្តែ​បញ្ហា​ទាំងនេះ ត្រូវបាន លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​ប្រធាន​អនុ​គណៈ​កម្មាការ​កីឡា ដែល​ជា​អ្នក​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នេះ ចោទ​ទម្លាក់​ទៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ដែល​ទទួល​បាន​សិទ្ធិ​រៀបចំ និង​មាន​ការ​ផ្សាយ​ផ្ទាល់​ថា មិន​បាន​គោរព​កិច្ច​សន្យា ដែល​បាន​ព្រម​ព្រៀង​គ្នា​ពី​ដំបូង​ឲ្យ​បាន​ត្រឹមត្រូវ។

លោក វ៉ា​ត់ ចំរើន ៖«ព្រឹត្តិការណ៍​កីឡា​នេះ មាន​បញ្ហា​មិន​រលូន​ខ្លះ ដោយសារ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ អនុវត្ត​ការ​ផ្សាយ​ផ្ទាល់ មាន​ខ្លឹមសារ​មិន​ដូច​អ្វី​ដែល​បាន​និយាយ​គ្នា​ពី​ដំបូង។ តាម​ការ​ព្រម​ព្រៀង​ពី​ដំបូង គ្រប់​សកម្មភាព​កីឡា​ទាំង​អស់​ក្នុង​កម្មវិធី គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​អបអរ​សាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ហើយ​ប៉ុស្តិ៍​លេខ ៥ អាច​ដាក់​ចូល​ប្រដាល់​ខ្មែរ​ហ្វៃ​បាន ដោយ​គ្រប់គ្រង​រួមគ្នា ប៉ុន្តែ​ជាក់​ស្តែង​ប៉ុស្តិ៍​លេខ ៥ សហការ​មិន​ល្អ ដោយ​អះអាង​មុន​ប្រកួត​ប្រើប្រាស់​ខ្លឹមសារ​ខ្មែរ​ហ្វៃ ជា​ព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន គ្មាន NOCC ឬ​ប្រដាល់​គុនខ្មែរ ជា​ដៃគូ​សហការ​នោះ​ឡើយ»។

លោក ចំរើន បាន​បញ្ជាក់ថា៖«តាម​គោលការណ៍​កីឡា ការប្រើ​ឈ្មោះ ខ្មែរ​ហ្វៃ ត្រូវ​ប្រើ​ក្នុង​ទម្រង់​កីឡា ដើម្បី​ទាំង​អស់​គ្នា​ជា​លក្ខណៈ​ជាតិ​ទាំង​មូល មិន​មែន​ផ្តាច់​មុខ​របស់​សង្វៀន​ប៉ុស្តិ៍​លេខ ៥ តែ​ឯក​ឯង​នោះ​ទេ! បើ- សិន​ចង់​ធ្វើ​បែប​ណា​មួយ​តាម​ចិត្ត​នោះ គប្បី​យក​ព្រឹត្តិការណ៍​ផ្សេង​ឬ​ទីតាំង​ឯកជន​របស់​ខ្លួន​ផ្ទាល់ ប៉ុន្តែ​ត្រូវមាន​តម្លាភាព យុត្តិធម៌ មិន​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ។ ចំណែក ខ្មែរ​ហ្វៃ​នេះ ការ​រៀបចំ​ដូច​ទៅ​នឹង​ប្រដាល់ Muay Thai ដែល​មាន​លក្ខណៈ​ជាតិ​និយម​ហួស​ហេតុ ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ គេ​មិន​ចង់​ចូលរួម​ប្រកួត​ជាមួយ»។

ជាមួយ​ការរិះគន់​នេះ លោក សេង ក​ដិ​កា នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប៉ុស្តិ៍​លេខ ៥ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ ការរៀប​ចំនេះ​ទទួល​បាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ គឺ​យើង​អាច​និយាយ​ថា ទទួល​បាន​លទ្ធផល​ក្នុង​កម្រិត​ត្រឹម ៦០ ភាគរយ។ ចំណែក​ការ​ផ្គូផ្គង មាន​លក្ខណៈ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នោះ ដោយសារ​កីឡាករ​ខ្មែរ​មាន​កម្រិត​ក្បាច់​គុន​លើ​មែន ព្រោះ​នៅ​ចុង​ឆ្នាំ យើង​លំបាក​រក​កីឡាករ​នៅ​ក្រៅ​ប្រទេស ដ្បិត​អី​គេ​ជាប់​ចូល​ឆ្នាំ​សកល»៕