ភ្នំពេញ: កីឡាករវ័យក្មេងកំពុងស្រវារកភាពល្បី ខាំ ខ្លានាង និង ផាន រះ បានផ្តួលថៃឲ្យសន្លប់លឿនដូចគ្នា ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែមពីកម្មវិធីប្រកួត ISI Palm ប៉ុន្តែអ្នកប្រដាល់មកពីជាយដែន ឈុត សេរីវ៉ាន់ថង ដែលទើបឈ្នះបានខ្សែក្រវាត់ពីព្រឹត្តិការណ៍នេះបានចាញ់ថៃ Prakchanban ទាំងគ្រាំគ្រាខ្លួន។
តាមរយៈការប្រកួតនៅសង្វៀន CNC កាលពីថ្ងៃអាទិត្យ ឈុត សេរីវ៉ាន់ថង ដែលទើបឈ្នះបានខ្សែក្រវាត់ ISI Palm បានបង្ហាញការជឿជាក់ខ្លាំងក្នុងការយកឈ្នះលើ Prakchanban ដោយរូបគេបានអះអាងមុនការប្រកួតថា គេបានត្រៀមខ្លួន ១០០ ភាគរយតែម្តង។
ប៉ុន្តែភាពជឿជាក់របស់ វ៉ាន់ថង បានបង្ហាញឲ្យអ្នកទស្សនាបានឃើញត្រឹម ៣ ទឹកដំបូងប៉ុណ្ណោះ ខណៈរូបគេអាចវាយឆ្មក់ដោយកណ្តាប់ដៃព្រមទាំងវាយកែង និងទាត់ ទប់ទល់ជាមួយ Prakchanban នោះ ប៉ុន្តែនៅទឹកទី ៤ និងទឹកទី ៥ វ៉ាន់ថង បានទទួលរងការចាប់បង្វិលបុកជង្គង់ ទាត់ ម៉ាត់ និងការចាប់បោកផ្តួលពីកីឡាករថៃធ្វើឲ្យរូបគេធ្លាក់កម្លាំង និងគ្រាំគ្រាគួរឲ្យកត់សម្គាល់មុនពេលចៅក្រមទាំង ៥ នាក់បានផ្តល់ពិន្ទុឲ្យចាញ់ពិន្ទុខ្សែក្រវាត់មកពីថៃ Prakchan-ban ជាឯកច្ឆន្ទ។
លទ្ធផលនេះវាហក់បានបំបាក់ទឹកចិត្ត ឈុត សេរីវ៉ាន់ថង ផងដែរ ខណៈរូបគេបានមកចាញ់ក្នុងការប្រកួតមិត្តភាពនៅក្នុងកម្មវិធី ISI Palm ដែលរូបគេទើបឈ្នះបានខ្សែក្រវាត់ថ្មីៗក្នុងអាជីពកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៩ ប៉ុន្តែ វ៉ាន់ថង បានទៅចាប់ដៃ Prakchanban លើកឡើងលើបង្ហាញថា រូបគេពិតជាមានសមត្ថភាពមិនទាន់ដល់ថៃម្នាក់នេះមែន។
ផ្ទុយពីនេះកីឡាករ ខាំ ខ្លានាង បានប្រើពេលត្រឹម ២:៣១ នាទីក្នុងការបុកកែងស្តាំឲ្យថៃ Louk Yod សន្លប់ធំរហូតមានការសង្គ្រោះពីគ្រូពេទ្យ ហើយជ័យជម្នះដែលទទួលបានយ៉ាងលឿននេះបានជួយឲ្យរូបគេទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤០ ម៉ឺនរៀលពី ISI Palm បន្ថែមទៅលើប្រាក់តម្លៃខ្លួន។
នៅពេលពិធីករសួរពីមូលហេតុនៃការវ៉ៃថៃឲ្យសន្លប់លឿនបែបនេះ ខាំ ខ្លានាង បានឆ្លើយតបថា៖ «ខ្ញុំឃើញគាត់បិទឃុំដែរ ប៉ុន្តែការបិទនោះរាងចន្លោះប្រហោង ហើយស្របពេលគាត់មើលឃើញយើងមិនច្បាស់ទៀតនោះ ខ្ញុំបុកកែងស្តាំយកតែម្តងទៅ ប៉ុន្តែការផ្តួលដៃគូឲ្យសន្លប់លឿនដោយប្រើកែងបែបនេះ វាមិនមែនជាលើកទី ១ នោះទេ គឺខ្ញុំធ្លាប់វ៉ៃឲ្យគូប្រកួតសន្លប់បែបនេះ កន្លងមករួចហើយ»។
ដូចគ្នានេះកីឡាករជើងថ្មី ផាន រះ បានសម្រេចវាយលុកទៅលើអ្នកប្រដាល់ថៃ Lum Nav នៅចុងទឹកទី ១ ហើយការទាត់ផ្ទួនៗរបស់គេបានធ្វើឲ្យថៃម្នាក់នេះ បាត់បង់ការការពារខ្លួននាំឲ្យ ផាន រះ ម៉ាត់ចូលពោះ ១ ដៃឡើងគាំងរួចថែម ១ ជើងស្តាំទៀតបណ្តាលឲ្យ Lum Nav ដួលក្រោកលែងរួចនៅចុងទឹកទី ១ នេះតែម្តងដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម ៤០ ម៉ឺនរៀលដូច ខាំ ខ្លានាង ដែរ។
ដោយឡែកលទ្ធផលការប្រកួតអន្តរជាតិចំនួន ១១ គូទៀតនៅលើសង្វៀន CNC នេះដែរកីឡាករ សេក គឹមសាន្ត បានផ្តួលថៃ Heun Fa ទឹកទី ៤ តែជំនួបរវាង មឿន សុខហ៊ុច និងឡាវ Orono មិនត្រូវបានប្រកាសលទ្ធផលទេ ព្រោះ Orono វ៉ៃថែមខុសបច្ចេកទេស។ រីឯ ពេជ្រ ម្ទេសខ្មាំង បានស្មើ Phit Phetsaem តែ សុខ សាវិន បានឈ្នះថៃ Vat Charakdeth ហើយជើងខ្លាំង ព្រំ សំណាង បានផ្តួលម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ថៃ Yok Lorng ឲ្យសន្លប់ទឹកទី ៣ ឯ កូយ ឡាយ បានយកឈ្នះថៃ Neur Nak Pha ទឹកទី ៥ ខណៈ រឿង សោភ័ណ្ឌ ឈ្នះពិន្ទុអ៊ីរ៉ង់ Hassan Vahdani ប៉ុន្តែកីឡាករ ពុយ វណ្ណៈ ចាញ់ពិន្ទុថៃ Phitsayfa និង ឡុង រ៉ាមី ស្មើថៃ Akharak Deth ចំណែក ផាន់ គ្រាន់ ស្មើថៃ Jeck Noun។ ចំពោះកីឡាករជើងថ្មី ង៉ែត វុធ ផ្តួលថៃ Krai Thorng ឲ្យសន្លប់នៅទឹកទី៣៕