ភ្នំពេញ៖ វាសនា​ឡើង​ចុះ​មិន​ទៀង​ទាត់​នៃ​ដំណើរ​ជីវិត​របស់​អ្នក​ប្រដាល់​ មុត​ ខ្លឹមខ្មៅ ​​ដែល​បាន​ចំណាយ​ពេល​លើ​សង្វៀន​ប្រដាល់​ ដើម្បី​ស្វែងរក​ប្រាក់​អស់​​រយៈពេល​ ១៥ ​ឆ្នាំ​ នោះ​ គឺ​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា ខ្លឹមខ្មៅ ​មាន​ជីវភាព​សមរម្យ​ និង​បាន​សាងសង់​ផ្ទះ​ផ្ទាល់​ខ្លួន ​បែប​សង្ហា​គួរ​សម​ ទើប​តែ​ចូល​នៅ​មាន​តម្លៃ​ខ្ទង់ ​៣ ​ម៉ឺន​ដុល្លារ ​ដោយ​មិន​ទាន់​គិត​ពី​តម្លៃ​ដី ​ដែល​មាន​ទំហំ ២០ ​ម៉ែត្រ​ គុណ​នឹង ​ ៧០ ​ម៉ែត្រ​ផង​ ខណៈ​កាល​ពី​​ដើម​ឆ្នាំ ​២០២០ ​នេះ ​ខ្លឹមខ្មៅ​ បាន​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​ខ្លួន​ពី​ភាព​កម្សត់​ជួប​ជីវភាព​ក្រីក្រ​ និង​កូន​ឈឺ​គ្មាន​ប្រាក់​ទិញ​ថ្នាំ​ព្យាបាល​ផង។

ដោយ​មាន​ស្រុក​កំណើត​ នៅ​​ភូមិ​ស្ពាន​កណ្តាល ​ឃុំ​បវេល ​ស្រុក​បវេល​ ខេត្ត​​បាត់ដំបង ​កីឡាករ ​មុត ​ខ្លឹមខ្មៅ ​(ពី​មុន​ប្រើ​ឈ្មោះ​ ឯម ខ្លឹមខ្លៅ​) ​មាន​បងប្អូន​ចំនួន​ ៥ ​នាក់ ​ប៉ុន្តែ​មាន​តែ​រូប​គេ​ និង​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ ​មុត ​ខ្លឹមស ​បាន​ផ្សង​សំណាង​ចាប់​យក​អាជីពជា​អ្នក​​ប្រដាល់​តាំង​ពី​ក្មេង​ និង​ឃ្លាត​ពី​ស្រុក​កំណើត​ ខណៈ​​វាសនា​ និង​ឆាក​ជីវិត ​ឡើង​ចុះ ​ឬ​លិច​អណ្តែតៗ ​មិន​ទៀង​ទាត់​ជួប​ឧបសគ្គ​រាប់​​មិន​អស់​។​

ខ្លឹមខ្មៅ​ បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​គិត​ត្រឹម​ខែ​ធ្នូ ​ឆ្នាំ ​២០២០​ នេះ​ អាច​ចាត់​ទុក​ថា​សំណាង​របស់​ខ្ញុំ ​ដោយ​ខ្ញុំ​បាន​ធ្វើ​ផ្ទះ​ជា​លំនៅ​​ផ្ទាល់​ខ្លួន ​បាន​រួច​រាល់​នៅ​ស្រុក​កំណើត ​ខាង​ប្រពន្ធ ​គឺ​ភូមិ​-ឃុំ​អណ្តូង​ស្វាយ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។ ​ផ្ទះ​នេះ​ធ្វើ​ពី​ថ្ម​បេតុង​ លើ​​ផ្ទៃ​ដី​ទំហំ ​២០ ​ម៉ែត្រ​ និង​បណ្តោយ ​៧០ ​ម៉ែត្រ​ ដោយ​ចំណាយ​​ប្រាក់​សាងសង់​ចំនួន​ ៣ ​ម៉ឺន​ដុល្លារ ​មាន​ទំហំ​ផ្ទះ ​៦ ម៉ែត្រ​ បណ្តោយ ​៩ ​ម៉ែត្រ»​។​

កីឡាករ​រូប​នេះ បន្ថែម​ថា៖ ​«ប្រាក់​ដែល​យក​មក​​ធ្វើ​ផ្ទះ​នេះ ​បាន​មក​ពី​ការ​​សន្សំ​ពេល​​ឡើង​ប្រដាល់​ក្នុង​មួយ​ខែៗ​​ខ្ទង់ ​៤០០ ​ដុល្លារ​ឡើង​ទៅ​ និង​ ១ ​ផ្នែក​​ធំ​ទៀត​ បាន​ពី​សប្បុរសជន ដែល​គាត់​​អាណិត​ស្រឡាញ់​ និង​បាន​ផ្តល់​ឱ្យ​ខ្ញុំ ​កាល​ពី​អំឡុង​កូន​ខ្ញុំ​ឈឺ​ ដោយ​សរុប​បាន​ជាង ​១ ម៉ឺន​ដុល្លារ ​ហេតុ​នេះ​តាមរយៈ​​មុខ​របរ​ប្រដាល់​ គឺ​ខ្ញុំ​​ទទួល​បាន​ផ្ទះ​ខ្លួន​ឯង ​និង​មិន​ជួល​ផ្ទះ​គេ​ទៀត​ទេ​ ហើយ​​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​​ចំពោះ​បងប្អូន​រួម​ជាតិ ​ដែល​ស្រឡាញ់​ខ្ញុំ​ និង​បាន​ជួយ​ខ្ញុំ»​។​​

និយាយ​ពី​អាជីព​លើ​សង្វៀន​វិញ​ មុត​ ខ្លឹមខ្មៅ ​​ឡើង​ប្រដាល់​ដំបូង​នៅ​​អាយុ​ ១៣ ​ឆ្នាំ​ នៅ​តាម​ជនបទ ​នា​ខេត្ត​បាត់ដំបង ​ដោយ​ពេល​នោះ​ត្រឹម​ដូរ​បាយ​ប៉ុណ្ណោះ​ ហើយ​​ឆ្នាំ ​២០១០​ បាន​ចូល​មក​ភ្នំពេញ ​២ ​នាក់​​បងប្អូន និង​​ឡើង​ប្រកួត​បាន​ខ្លះ បន្ទាប់​ពី​រូប​គេ​បាន​​ទៅ​ធ្វើ​កម្មករ​ នៅ​ប្រទេស​ថៃ ​និង​ឡើង​ប្រកួត​នៅ​ទីនោះ​បាន​​ខ្លះ​ដែរ​។

ផ្ទះរបស់ មុត ខ្លឹមខ្មៅ ដែល​ទើបសាងសង់រួច​ ដោយចំណាយ​អស់​ ៣ ម៉ឺន​ដុល្លារ។ រូបថត សហការី

នៅ​ខែ​មករា ​​ឆ្នាំ ​២០១៣ ​ខ្លឹមខ្មៅ​ បាន​មក​នៅ​ក្លិប​​និរោធ​ជាមួយ​លោក​គ្រូ ​ឯម ចាន់សុផល​ ដោយ​បាន​ប្រកួត​នៅ​សង្វៀន​បាយ័ន​​ញឹកញាប់​ ហើយ​ជា​បន្ត​បន្ទាប់​ រូប​គេ​​ទទួល​បាន​ភាព​ល្បីល្បាញ​ និង​ឈ្នះ​ជើង​ខ្លាំងៗ​មួយ​ចំនួន​។ ​អ្វី​ដែល​សំខាន់​ចំពោះ ខ្លឹមខ្មៅ​ នៅ​ឆ្នាំ ​២០១៣ ​ នោះ​ គឺ​រូប​គេ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ទម្ងន់​ ៦៣​,៥ ​គីឡូក្រាម ក្រោយ​ឈ្នះ​ជើង​ខ្លាំង ផល សោភ័ណ្ឌ ​នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ ​​ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ​ខ្សែ​ក្រវាត់​នោះ ​ត្រូវ​បាន​ រឿង ​សោភ័ណ្ឌ​ ដណ្តើម​យក​ទៅ​វិញ ​ខណៈ​ការ​ប្រកួត​មាន​ប្រៀប​ឈ្នះ​ហើយ​ តែ​ជ្រុល​ជង្គង់​ថែម​បន្តិច​នាំ​ឱ្យ ​រឿង ​សោភ័ណ្ឌ​ ​ធ្វើ​ពុត​សន្លប់ ​ហើយ​គណៈកម្មការ​បាន​ពិន័យ​ឱ្យ ​ខ្លឹមខ្មៅ​ ចាញ់​។

យ៉ាង​ណា​ក៏​ដោយ នៅ​ឆ្នាំ​ ២០១៧​ ឯម ​ខ្លឹម​ខ្មៅ​ បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ទៀត ​ក្នុង​ទម្ងន់ ៦៧​ គីឡូក្រាម​ គឺ​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​ ហើយ​ក្រោយ​មក​រូប​គេ​​ បាន​ផ្លាស់​មក​ក្លិប​មកុដ​រាជសីហ៍​ ​រហូត​ដល់​បច្ចុប្បន្ន​។ នៅ​​ខែ​ធ្នូ ​ឆ្នាំ​ ២០១៩ ​ខ្លឹមខ្មៅ ​​ឈ្នះ​ខ្សែ​ក្រវាត់​គុនខ្មែរ​អន្តរជាតិ ​ពី​កីឡាករ​សញ្ជាតិ​បារាំង ​ក្នុង​ការ​ប្រកួត ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​កំពត​ក្នុង​ទម្ងន់ ​៦៧ ​គីឡូក្រាម​។​

ខ្លឹមខ្មៅ​ បាន​និយាយ​បន្ថែម​ទៀត​​ថា​៖ «​ខ្ញុំ​បាន​មក​រួមរស់​ជាមួយ​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​​ ​ហើយ​ខ្ញុំ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ ដោយ​បច្ចុប្បន្ន​នេះ​ ​បាន​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​លំបាក​តោក​យ៉ាក​ ដែល​ខ្ញុំ​ធ្លាប់​ជួប ដូចកាល​ពី​​មុន​ទៀត​ហើយ​»។

«​គិត​ជា​មធ្យម ​ក្នុង ​១ ខែ ​ខ្ញុំ​អាច​​ប្រកួត​ពី ​២ ​ទៅ​ ៣ ​លើក ហើយ​ក្នុង​​ ១ ​លើក​ ​បាន​តម្លៃ​ខ្លួន​​ចាប់​ពី ​២៥០ ​ដុល្លារ​ឡើង​ទៅ​។ ​​ខ្ញុំ​មាន​កូន ​២ នាក់ ហើយ​​ក្រៅ​ពី​អាជីព​ប្រដាល់ ខ្ញុំ​​ធ្វើ​កម្មករ​សំណង់ ​រក​ត្រី ​បេះ​បន្លែ​ខ្លះ​ដែរ ​ដើម្បី​បង្គ្រប់​ជីវភាព​។ ​ខ្ញុំ​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ និង​ហាត់​ឡើង​ប្រកួត​នៅ​ស្រុក​ថៃ​ គឺ​ ឯម ​ខ្លឹម​ស ​ប៉ុន្តែ​ដោយ​បញ្ហា​កូវីដ ​១៩ ​មាន​ការ​លំបាក​ដូច​គ្នា​»។​ នេះ​ជា​​សម្ដី​របស់ ខ្លឹមខ្មៅ ដែល​និយាយ​បន្ត​ពី​ជីវភាព​របស់​ខ្លួន និង​ប្អូន​ប្រុស​។​

គិត​មក​ដល់​បច្ចុប្បន្ន​ មុត ​ខ្លឹមខ្មៅ​ មាន​អាយុ ​២៨ ​ឆ្នាំ​ ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​សរុប​ជាង ​៣០០ ​ដង ​ហើយ​ស្នាដៃ​របស់​ខ្លឹម​ខ្មៅ​ នៅ​សល់​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន​ ក្នុង​ដៃ ​គឺ​ស្រាបៀរ​លី​អូ​ និង​គុន​ខ្មែរ​អន្តរជាតិ​។

ពាក់ព័ន្ធ​នឹង​ផ្ទះ​ថ្មី​របស់​ខ្លួន ​ខ្លឹម​ខ្មៅ ​បញ្ជាក់​ថា៖​ «ការ​មាន​ផ្ទះ​ខ្លួន​ឯង ​វា​កក់ក្តៅ ​ហើយ​រឿង​មាន​ ឬ​ក្រ​ ឱ្យ​ទៅ​តាម​​យថាកម្ម​ចុះ ​តែ​ខ្ញុំ​នៅ​តែ​រក​ប្រាក់​បាន ​តាមរយៈ​ប្រកួត​ដដែល​។ ​ថ្ងៃ​អនាគត ពេល​ដែល​ខ្ញុំ​ប្រកួត​លែង​កើត​ ខ្ញុំ​នឹង​ធ្វើ​គ្រូ​បង្វឹក​ជំនួយ​វិញ​ម្តង​ ជាមួយ​លោក​គ្រូ​ គង់ ចាន់ធីណា ជា​ប្រធាន​ក្លិប​មកុដរាជសីហ៍»៕​