ភ្នំពេញៈ ភាពយន្តខ្នាតធំនិយាយពីខ្សែជីវិតរបស់កីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០១៣ ផ្នែកកីឡាចំបាប់ នី សំណាង មានចំណងជើងថា «បោកចំបាប់ក្តីសង្ឃឹមចុងក្រោយ» ដែលផលិតដោយផលិតករឥណ្ឌា ក្រោមការសហការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) ត្រូវបានដាក់បញ្ចាំងនៅរោងកុនផ្សារទំនើបអ៊ីអន ១ កាលថ្ងៃអង្គារ។
ខ្សែភាពយន្តនេះគឺមានខ្លឹមសារស្ដីពីខ្សែជីវិតពិតរបស់ក្រុមគ្រួសារឪពុកបង្កើតរបស់កីឡាការិនីចំបាប់កម្ពុជា នី សំណាង ដែលធ្លាប់ជាអតីតអ្នកលេងកីឡាជើងចាស់ចំបាប់ប្រពៃណីតាំងពីទស្សវត្សរ៍ ១៩៦០ មកម្ល៉េះ ហើយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមទាំងកីឡាករកីឡាការិនីឆ្នើមៗមួយចំនួនទៀត សុទ្ធតែមានវត្តមាននៅក្នុងការដាក់បញ្ចាំងខ្សែភាពយន្តចំបាប់នោះ ខណៈតួសំខាន់ក្នុងរឿងនេះគឺ នី សំណាង និងកីឡាករចំបាប់ ងួន មករា ជាប្តីប្រពន្ធពិតប្រាកដ។
លោក វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះបានថ្លែងនៅក្នុងពិធីដាក់បញ្ចាំងខ្សែភាពយន្តនេះថា៖ «កម្មវិធីនេះ គឺ NOCC ចង់បង្ហាញពីជីវិតរបស់អ្នកកីឡា ឬអាចនិយាយថា កីឡា និងសិល្បៈដែលឆ្លុះបញ្ចាំងឲ្យឃើញថាជីវិតពិតរបស់កីឡាការិនីចំបាប់ នី សំណាង បានបន្តមរតកកីឡាចំបាប់ពីឪពុករបស់ខ្លួនរហូតបានក្លាយជាកីឡាការិនីជម្រើសជាតិ ហើយការព្យាយាមយ៉ាងមោះមុតគឺចុងក្រោយ សំណាង ដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមទៀតជាមោទនភាពដ៏អស្ចារ្យ»។
លោក វ៉ាត់ ចំរើន បានបន្តថាឪពុកបង្កើតរបស់ នី សំណាង គឺជាកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ១ រូបកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ហើយក្រោយមកគាត់ចង់ឲ្យកូនបន្តមរតកនេះ ប៉ុន្តែដោយសារគាត់គ្មានកូនប្រុសទើបជំរុញឲ្យកីឡាការិនី នី សំណាង ចូលលេងចំបាប់ដើម្បីបានសម្រេចគោលដៅ។
ចំណែកលោក Munish Sharma ជាផលិតករដ៏សំខាន់ក្នុងការផលិតរឿង «បោកចំបាប់ក្តីសង្ឃឹមចុងក្រោយ» នេះគឺលោកមានមហិច្ឆតាខ្ពស់ និងលះបង់ខ្លាំង ដើម្បីពុះពារឲ្យខ្សែភាពយន្តនេះសម្រេចបានលទ្ធផលល្អ ខណៈអ្នកចូលរួមសម្តែងគឺភាគច្រើនគ្មានការព្រៀងទុកក្នុងនោះមានទាំងអ្នកកីឡា គ្រូបង្វឹក និងអ្នកសារព័ត៌មានកីឡាគឺសុទ្ធតែអ្នកមិនមានអាជីពជាសិល្បៈឡើយ ។
ខ្សែភាពយន្ដនេះកើតឡើងដោយការសហការគ្នារវាង NOCC និងលោក Munish Sharma ជាផលិតករភាពយន្ដដ៏ល្បីមកពីឥណ្ឌា ហើយនេះជាប្រភេទភាពយន្ដខ្នាតវែងដែលមានរយៈពេល ២ ម៉ោងដោយចំណាយថវិកាផលិតអស់ជាង ៣០០ ០០០ ដុល្លារ ហើយភាគីឥណ្ឌាជាអ្នកចំណាយទាំងអស់តែម្តង។
លោក វ៉ាត់ ចំរើន បានបន្តថា៖ «មុននឹងយកមកដាក់បញ្ចាំងគឺយើងបានយកខ្សែភាពយន្តនេះទៅប្រឡងប្រជែងក្នុងមហោស្រពភាពយន្ដអន្តរជាតិចំនួន ៥ ហើយបានឈ្នះពានរង្វាន់ ៥ មាននៅឥណ្ឌា កេនយ៉ា អាមេរិក និងអឺរ៉ុប»។
លោកបន្តថា៖ «យើងនឹងដាក់បញ្ចាំងនៅក្នុងប្រទេសអាស៊ានទៀត ព្រោះនេះជាទិសដៅធំមួយនៅក្នុងកម្មវិធីចលនារបស់អូឡាំពិកអន្តរជាតិដែលបានលើកទឹកចិត្តសម្រាប់ការផលិតភាពយន្តកីឡាចេញពីអ្នកមានសមត្ថភាពខ្ពស់ ដូចជាអត្តពលិកដែលឈ្នះមេដាយពីថ្នាក់អន្តរជាតិនានាហើយ NOCC នឹងលើកទឹកចិត្តឲ្យផលិតភាពយន្តបែបនេះទៅលើកីឡាករកីឡាការិនីល្បីៗរបស់កម្ពុជាជាច្រើនដែលឈ្នះបានមេដាយមាសពីអន្តរជាតិ ដើម្បីឲ្យស្របតាមទស្សនៈរបស់ IOC»។
នៅក្នុងពិធីសម្ពោធនោះដែរអត្តពលិកឆ្នើមៗមួយចំនួន និងគ្រូបង្វឹកកីឡាចំបាប់ជនជាតិកូរ៉េព្រមទាំងអ្នកដែលស័គ្រចិត្តចូលរួមសម្តែងមួយចំនួនទៀត ត្រូវបានប្រគល់ពានកិត្តិយស ដើម្បីជាការលើកទឹកចិត្តពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕